ភ្នំពេញ ៖ ក្រសួងធនធានទឹក បានប្រាប់ឲ្យដឹងតាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី១៥ ខែមេសា នេះ ថា ភាគខាងជើងនៃប្រទេសកម្ពុជា គឺមានសម្ពាធទាបមួយបានកើតឡើង ដែលនឹងនាំឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា។
ក្រសួងបញ្ជាក់ទៀតថា ក្នុងអំឡុងដែលមានភ្លៀងធ្លាក់ បាតុភូតធម្មជាតិ មួយចំនួន អាចនឹងកើតមានឡើង ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលមានដូចជា ផ្គរ រន្ទះ និងខ្យល់កន្ក្រាក់។ តាមរយៈសេចក្ដីជូនដំណឹងនេះ ក្រសួងធនធានទឹក រំរឮឲ្យពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន គ្រប់ខណៈដែលមានភ្លៀងធ្លាក់។
សូមជម្រាបថា យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា ត្រឹមរយៈពេល ០៣ខែ ដើមឆ្នាំ២០១៨នេះ ឥទ្ធិពលបាតុភូតធម្មជាតិ ដែលមានជាអាទិ៍ រន្ទះបាញ់ បានសម្លាប់មនុស្ស ០៩នាក់ មានស្ដ្រី ០៣នាក់ ហើយបង្កឲ្យមនុស្សរងរបួសចំនួន ០៩នាក់ និងងាប់គោក្របី ចំនួន ០៣ក្បាល៕