ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិបានអះអាងថា កម្ពុជាមិនជាប់ពាក់ព័ន្ធនឹងការជួញដូរអាវុធឆ្លងដែនទៅប្រទេសថៃទេ។ ការលើកឡើងនេះ បន្ទាប់ពីអាជ្ញាធរថៃបានរឹបអូសអាវុធជាច្រើនដើមដែលថៃអះអាងថាអាវុធនេះដឹកចេញពីកម្ពុជា។
លោកឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រកាសនៅថ្ងៃ ព្រហស្បត្តិ៍ ទី ១២ ខែ មេសានេះថា កម្ពុជាមិនជាប់ពាក់ព័ន្ធនឹងការជួញដូរអាវុធទាំងនោះទេ។
យោងតាម កាសែត Bangkok Post ចុះផ្សាយថា អាជ្ញាធរថៃបានឃាត់រថយន្តតូយូតាមួយគ្រឿងរកឃើញអាវុធប្រមាណ ២៦ ដើម ទូរស័ព្ទដៃ និងប័ណ្ណបើកបររថយន្ត កាលពីយប់ថ្ងៃអង្គារ៍ ទី ១០ ខែ មេសានេះ។ ប៉ុន្តែអ្នកបើកបរជនជាតិថៃឈ្មោះ ឆាយុទ្ធ ប្រាសិទ្ធរឹទ្ធ អាយុ ៥៣ ឆ្នាំ បានសារភាពប្រាប់នគរបាលថៃថា អាវុធទាំងនោះដឹកចេញពីព្រំដែនកម្ពុជាដែលត្រូវបានអាជ្ញាធរថៃរឹបអូសអាវុធទាំងនោះនៅក្នុងខេត្តត្រាត។
លោកឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់វិទ្យុស្ត្រីថា លោកបានទទួលដំណឹងអំពីអាជ្ញាធរចាប់អាវុធខុសច្បាប់នេះតាមប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែលោកអះអាងថា កម្ពុជាមិនជាប់ពាក់ព័ន្ធនឹងអាវុធខុសច្បាប់ទាំងនោះទេ។ លោកឧត្តមសេនីយ៍ចាត់ទុកថា ការចោទប្រកាន់នេះជាការប្រឌិតខុសពីការពិត។
លោកឧត្តមសេនីយ៍ ឈុំ សុជាតិ៖ «ខ្ញុំមើលព័ត៌មានម្សិលមិញដែរ ប៉ុន្តែវាអត់មានទាក់ទងជាមួយខ្មែរទេ។ ខ្ញុំសុំច្រានចោលព័ត៌មាននឹងអត់ពិតទេ។ខ្មែរអត់មានកាំភ្លើងដូចអញ្ចឹងទេ កាំភ្លើងអញ្ចឹងច្រើនរបស់អាគាំងប្រើ។»
សូមបញ្ជាក់ថា កាលពីថ្ងៃ អង្គារ៍ ទី១៨ កក្កដា ឆ្នាំ ២០១៧ ការសែត Bangkok Post បានរាយការណ៍ថា ជនជាតិខ្មែរប្រំានាក់ត្រូវចាប់ខ្លួននៅក្បែរព្រំដែនមីយ៉ាន់ម៉ាពាក់ព័ន្ធនិងការដឹកជញ្ជូនអាវុធធន់ធ្ងន់ចំនួនបីដើម និងគ្រាប់មួយចំនួនដែលខ្លួនបានទិញពីប្រទេសកម្ពុជា។
កាលនោះលោកឧត្តមសេនីយ៍ ឈុំ សុជាតិ អះអាងថា កម្ពុជាមិនជាប់ពាក់ព័ន្ធការជួញដួរអាវុធទៅប្រទេសមីយ៉ាន់ម៉ាឬភូមាទេ។
បើយោងតាមកាសែត Bangkok Post ក្រុមសមត្ថកិច្ចថៃបានរឹមអូសអាវុធប្រភេទ៨១ និង៨២ មីលីម៉ែត្រ ដែលជាប្រភេទកាំភ្លើងបាញផ្លោងសរុបចំនួនបីដើម និងគ្រាប់ទំហំ ៨២ មីលីម៉ែត្រចំនួនបីគ្រាប់ និងឧបករណ៍សម្រាប់បំផ្ទុះចំនួនមួយនិងទូរស័ព្ទដៃចំនួនប្រាំមួយគ្រឿង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៣ មិថុនា ឆ្នាំ ២០១៧ អាជ្ញាធរថៃក្នុងខេត្តត្រាតបានឃាត់ខ្លួនមន្ត្រីនគរបាលអន្តោប្រវេសន៍ខ្មែរម្នាក់ពីបទសង្ស័យថាបានជួញដូរអាវុធពីប្រទេសកម្ពុជាបន្ទាប់ពីអាវុធខុសច្បាប់ត្រូវបានរកឃើញក្នុងរថយន្តរបស់មន្ត្រីប៉ូលិសកម្ពុជារូបនោះ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិក៏បានបដិសេធការជាប់ពាក់ពន្ធ័ជាមួយកម្ពុជាដូចគ្នានេះដែរ៕