ជប៉ុន៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បាននិយាយថា ជប៉ុននឹងដើរតួនាទីមួយ ដើម្បីចូលរួមចំណែកកសាងសន្តិភាព នៅប្រទេសស៊ីរីដែលប្រទេសនេះ កំពុងហែកហួរដោយសង្រ្គាមស៊ីវិល។
តាមបណ្ដាញផ្សាយព័ត៌មានជប៉ុន NHK លោករដ្ឋមន្ត្រី Taro Kono បានអះអាងដូចនេះ នៅក្នុងកិច្ចប្រជុំ ជាមួយគណៈកម្មាការកិច្ចការបរទេសនៃសភារបស់ប្រទេសនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ មេសា។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងថាករណីសង្ស័យពីការវាយប្រហារដោយអាវុធគីមី នៅក្នុងប្រទេសស៊ីរី គឺជារឿងមួយផ្សេងទៀត តែបើការសងសឹកដោយ កងទ័ព ពិតជាមិនអាចដោះស្រាយជំលោះបានទេ។
ប្រទេសជប៉ុនបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធ នៅក្នុងជម្លោះនេះ សូមបញ្ឈប់ការប្រើយោធា ហើយត្រូវងាកមករកការកសាងសន្តិភាព ដែលអង្គការសហប្រជាជាតិជាអ្នកដឹកនាំការសម្របសម្រួល។
ជាមួយគ្នានេះ លោក Taro Kono បានសម្ដែងសេចក្ដីសង្ឃឹមថា ជប៉ុននឹងត្រូវដើរតួនាទីមួយ ដើម្បីជួយកសាងសន្តិភាពនៅប្រទេសស៊ីរីឡើងវិញ។
លោកថា នឹងលើកឡើងអំពីជំហររបស់ជប៉ុននៅក្នុងសន្និសីទស្ដីពីប្រទេសស៊ីរី ដែលនឹងធ្វើឡើងទីក្រុងព្រុយហ្សែល នៅចុងខែមេសានេះ។ ជំហររបស់ប្រទេសជប៉ុនបានធ្វើឡើងតាមរយៈរដ្ឋមន្ត្រីការបរទេស Taro Kono បន្ទាប់ពីសហរដ្ឋអាមេរិក បារាំងនិងអង់គ្លេស បង្ហាញកំហឹងជាខ្លាំងប្រឆាំងរបប អាសាដ ដោយសារការវាយប្រហារអាវុធគីមីសម្លាប់ជនស៊ីវិល ដែលប្រទេសមហាអំណាចបីនេះ គំរាមថានឹងប្រើកងទ័ពវាយប្រហារកងទ័ពស៊ីរី។ តែរុស្ស៊ី ជំទាស់ជាខ្លាំងដោយព្រមានបាញ់ទម្លាក់កាំជ្រួចរបស់ប្រទេសបីនេះបើបាញ់ទៅលើប្រទេសស៊ីរី។
ប្រទេសស៊ីរីបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលតាំងពី ២០១១ ដោយសារការបះបោរទម្លាក់ប្រធានាធិបតីអាល់អាសាដ។ ចាប់តាំងពីពេលនោះ ពលរដ្ឋជាច្រើនម៉ឺននាក់បានស្លាប់ និងរាប់លានក្លាយជាជនភៀសខ្លួន៕