ភ្នំពេញ ៖ បេឡាជាតិរបបសន្ដិសុខសង្គម ហៅកាត់ថា ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១១ ខែមេសា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ (ស.គ.យ.ត) ដើម្បីពង្រឹង និងពង្រីកការផ្ដល់សេវាសុខាភិបាលជូនដល់សមាជិក ប.ស.ស ពិសេសគឺកម្មករ កម្មការិនី។
លោក លៀ ស៊ីណា រាយការណ៍ ៖
ប្រធានការិយាល័យ និងជាអ្នកនាំពាក្យ បេឡាជាតិរបបសន្ដិសុខសង្គម ហៅកាត់ថា ប.ស.ស លោក ជាវ ប៊ុនរិទ្ធិ មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រី នៅថ្ងៃទី១២ ខែមេសានេះថា កន្លងមកបេឡាជាតិរបបសន្ដិសុខសង្គម បានធ្វើការងារជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ ជាច្រើនទាក់ទងទៅនិងការងារសង្គម និងការងារមនុស្សធម៌ ។ លោកបន្ដថា ការងារទាំងនោះរួមមាន ការចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋទូទៅ ក៏ដូចជា ក្រុមកម្មករ កម្មការិនីផងដែរ ៖«អញ្ចឹងនៅក្នុងនោះគាត់បានចុះ ពិនិត្យព្យាបាលនៅតាមមូលដ្ឋានរោងចក្រប្រមូលផ្ដុំ ឬមួយមូលដ្ឋានដែលបងប្អូនកម្មករ ស្នាក់នៅ ឬមួយបងប្អូនប្រជាពលរដ្ឋដែលមានជំងឺរ៉ាំរ៉ៃ ឬមួយជំងឺធ្ងន់ធ្ងរអីផ្សេងៗជាច្រើន»។
ទន្ទឹមសមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ បានធ្វើសកម្មភាពនេះ បេឡាជាតិរបបសន្ដិសុខសង្គម ក៏បានចុះទៅផ្សព្វផ្សាយអំពីគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ដែលមានការយកចិត្ដទុកដាក់ចំពោះសុខមាលភាពរបស់ក្រុមកម្មករ កម្មការិនី។ ដោយមើលឃើញពីឆន្ទៈរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ដនេះ ប.ស.ស ក៏បានឈានដល់ការចុះអនុស្សារណៈយោគយល់ជាមួយសមាគម ក្នុងបំណងបង្កើនប្រសិទ្ធភាពចុះអប់រំ ឲ្យបានដល់គោលដៅ ដោយរំពឹងថា ពលរដ្ឋនឹងបានដឹងកាន់តែច្បាស់ពីអំពីគោលនយោបាយរបស់រដ្ឋាភិបាល ដែលដាក់ឲ្យដំណើរការរបបគាំពារសង្គម ៖«យើងឈានទៅដល់ការចុះ MOU នេះគឺដើម្បី បង្កើននៅប្រសិទ្ធភាពក្នុងការចុះផ្សព្វផ្សាយអប់រំនេះ ឲ្យដល់គោលដៅ ហើយសំខាន់គឺយើងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅដល់ពួកគាត់ ទាំងបងប្អូនកម្មករ និយោជិត ក៏ដូចជាក្រុមគ្រួសារគាត់ ឲ្យគាត់យល់ អំពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការដាក់ឲ្យដំណើរការនូវគោលនយោបាយជាតិគាំពារសង្គម ប្រព័ន្ធសន្ដិសុខសង្គម ជំនួយសង្គម របបសន្ដិសុខសង្គម គ្រោះថ្នាក់ការងារ ថែទាំសុខភាព និងប្រាក់រ៉ឺត្រែត ដល់កម្មករ និយោជិត»។
ក្រៅពីនេះបេឡាជាតិរបបសន្ដិសុខសង្គម ក៏ធ្វើការផ្សព្វផ្សាយទៅដល់ក្រុមកម្មករ ក្រៅប្រព័ន្ធផងដែរ ដែលមានដូចជា អ្នករត់រ៉ឺម៉កកង់បី អ្នករត់ម៉ូតូឌុប ឡានដឹកកម្មករ ឡានតាក់ស៊ី និងសមាគមដទៃទៀត អាចចងក្រងគ្នាបង្កើតជាសមាគមដើម្បីទអាចទទួលបាននៅសេវាមូលនិធិសមធមសុខាភិបាលពីក្រសួងសុខាភិបាល តាមរយៈការចុះបញ្ជីនៅ ប.ស.ស។ លោក ជាវ ប៊ុនរិទ្ធិ សង្ឃឹមថា ក្រោយពីចុះអនុស្សារណៈនេះ នឹងអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករ និយោជិត ពិសេសគឺបញ្ហាសុខភាព ៖«យើងសង្ឃឹមថា ក្រោយពីការចុះ MOU នេះ គឺថា នឹងផ្ដល់នៅអត្ថប្រយោជន៍ជាច្រើនជូនទៅដល់បងប្អូនកម្មករ និយោជិត នៅតាមមូលដ្ឋានប្រមូលផ្ដុំ មូលដ្ឋានគាត់រស់នៅ ក៏ដូចជាការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យគាត់បានយល់ជ្រូតជ្រាបពីបញ្ហាសុខភាពនេះ»។
សមាគមគ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ នឹងរៀបចំកម្មវិធីចុះដល់មូលដ្ឋាន ដើម្បីផ្ដល់សេវាសុខភាពជូនសមាជិក ប.ស.ស នៅគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ហើយក៏នឹងចុះទៅស្ទើរគ្រប់ខេត្ដផងដែរ។ ប្រធានការិយាល័យ និងជាអ្នកនាំពាក្យ ប.ស.ស បានឲ្យដឹងទៀតថា គិតមកដល់ពេលនេះ មូលដ្ឋានសុខាភិបាល ទាំងរដ្ឋ និងឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស មានប្រមាណជាង ១២៥០ សុខាភិបាល។
លោកបញ្ជាក់ទៀតថា បេឡាជាតិរបបសន្ដិសុខសង្គម ក៏កំពុងគ្រោងចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យឯកជនណា ដែលនៅក្បែរមូលដ្ឋានរោងចក្រ ដើម្បីឲ្យសេវាសុខាភិបាលអាចផ្ដល់ជូនកម្មករ កម្មការិនី កាន់តែរហ័ស ៖«ប.ស.ស គ្រោងចុះជាមួយមន្ទីរពេទ្យឯកជនណាដែលមានទីតាំងនៅក្បែរមូលដ្ឋានរោងចក្រប្រមូលផ្ដុំ ដើម្បីធ្វើយ៉ាងណាឲ្យគាត់ងាយស្រួលទៅទទួលសេវា និងផ្ដល់សេវាជូនដល់ពួកគាត់»។
គិតមកដល់ដើមឆ្នាំ២០១៨នេះ មានរោងចក្រស្ទើរទាំងអស់ ប្រមាណជាង ១១០០រោងចក្រ បានទៅចុះបញ្ជីប្រើប្រាស់សេវាសុខាភិបាលជាមួយ បេឡាជាតិរបបសន្ដិសុខសង្គម។
បេឡាជាតិរបបសន្ដិសុខសង្គម ហៅកាត់ថា ប.ស.ស គឺជាស្ថាប័នចំណុះឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលធ្វើការងារសម្រាប់ជនទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិ នៃច្បាប់ស្ដីពីការងារ មានដូចជាគ្រោះថ្នាក់ការងារ និងផ្នែកថែទាំសុខភាព៕