ទោះបីក្រុមប្រឹក្សាសន្តិសុខ មិនបានឯកភាពគ្នា អោយមានវិធានការ យោធាលើរបប របស់ប្រធានាធិបតីបាល់សាល់អាល់អាសាដ ក៏វាសនារបស់លោក អាសាដទំនងផុយស្រួចជាខ្លាំងងនៅពេលនេះ។ ការវាយប្រហាររបស់កងទ័ពស៊ីរីដែលសង្ស័យថាប្រើប្រាស់អាវុធគីមី បានសម្លាប់ជនស៊ីវិលជាង៧០នាក់ កាលពីថ្ងៃទី៧មេសាបាននាំអោយមានការកោះប្រជុំភ្លាមនៃសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមសំណើរបស់អាមេរិក អង់គ្លេស និងប្រទេសបារាំង។ ទាំងអាមេរិក អង់គ្លេស និងបារាំង ព្រមានថាបើរកឃើញថា កងទ័ពស៊ីរី បានប្រើអាវុធគីមី មែននោះ គឺត្រូវឆ្លើយតបដោយកម្លាំង យោធា។
តើរបបនៅស៊ីរីអាចជួបហានិភ័យមែនទេនៅពេលនេះ? អត្ថបទ វិភាគដោយលោកនួន បូរិន ហើយ អ្នកស្រី អ៊ឹម សុខន ជូនសេចក្ដីពិសា្តរដូចតទៅ៖
ប្រធានាធិបតីបារាំងលោក អេម៉ាណុយអែល ម៉ាក្រុង និងសមភាគីអាមេរិកលោក ដូណាល់ ត្រាំ បានជួបជជែកសន្ទនាគ្នាតាមទូរស័ព្ទ ដោយបានឯកភាពគ្នាថានឹងចាត់វិធានការរួម ដើម្បីឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមី នៅក្រុង Douma ក្នុងតំបន់ហ្កូតាខាងកើតនៃប្រទេសស៊ីរី។
ប្រធានាធិបតីបារាំង និងអាមេរិក បានជួបសន្ទនាគ្នាតាមទូរស័ព្ទនេះ បន្ទាប់ពីមានហេតុការណ៍ប្រើអាវុធគីមី កើតឡើងកាលពីថ្ងៃទី ៧មេសា។ ស្របពេលនោះ លោកស្រីធឺរី សាមេ នាយករដ្ឋមន្ត្រី អង់គ្លេស ក៏បានបញ្ចេញប្រតិកម្មជាខ្លាំង ដោយលោកស្រីស្នើអោយក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសអង់គ្លេស ពិចារណា អំពីការប្រើកម្លាំងទ័ព ដើម្បី ឆ្លើយតប ប្រឆាំងរបបស៊ីរីក្នុងកម្រិតធ្ងន់ធ្ងរមួយ ដែលអ្នកសង្កេតការណ៍អាចគិតថារហូតបញ្ចប់របបលោកអាសាដទៀតផង។
បើតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីបារាំងបញ្ជាក់ថា លោក ត្រាំ និង ម៉ាក្រុង រួមនឹងលោកស្រី ធឺរីសាមេ បានឯកភាពគ្នាថា នឹងចាត់វិធានការរួមគ្នា ដើម្បីឱ្យមានប្រតិកម្មរបស់សហគមន៍អន្តរជាតិមានទំងន់តែមួយ ហើយម៉ឺងម៉ាត់ ប្រឆាំងទង្វើរំលោភបម្រាមហាមឃាត់ការប្រើអាវុធគីមី។
អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បាននិយាយ កាលពីថ្ងៃ អង្គារ ថា បារាំងអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើស៊ីរីពិតជាបានរំលោភលើ បន្ទាត់ក្រហមដែលហាមការប្រើប្រាស់អាវុធគីមី។
តាមបណ្ដាញផ្សាយព័ត៌មាន CNN លោកត្រាំ បានព្រមានថា នឹងទុកពេលអោយមានការពិចារណាតែ ៤៨ម៉ោងប៉ុណ្ណោះគឺត្រូវចាត់ការភ្លាម លើរបបលោកអាសាដដែលការព្រមាននេះបន្ទាប់ពីស៊ីរី ត្រូវបានចោទថា បានវាយប្រហារនៅ ក្រុងDouma ក្នុងតំបន់ហ្កូតាខាងកើតនៃប្រទេសស៊ីរីដោយអាវុធគីមី។
តែជាមួយនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបើកប្រជុំបន្ទាន់ តាមសំណើរបស់សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានក្លាយជាការឈ្លោះប្រឈមមុខគ្នាដ៏តានតឹងជាមួយរុស្ស៊ី។ ក្នុងកិច្ចប្រជុំនោះ រុស្ស៊ីបានវេតូសំណើរបស់អាមេរិក បង្កើតក្រុមស៊ើបអង្កេតឯករាជ្យមួយដើម្បីស្វែកការពិតករណីរបបស៊ីរីប្រើអាវុធគីមី ដែលក្រុងមូស្គូយល់ថាសេចក្ដីព្រាងដំណោះស្រាយរបស់ប្រទេសមហាអំណាច៣នេះ មានចំណុចច្រើនមិនអាចទទួលយកបាន។ នៅពេលជាមួយគ្នានេះ ក្រុងមូស្គូ បានព្រមាន ការប្រើកងទ័ពប្រឆាំងរបបនៅស៊ីរី ដោយហៅថាជាអំពើ គ្រោះធ្នាក់ដ៏ធ្ងន់ធ្ងរ អាចកើតឡើង។
លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានសរសេរលើTwitter របស់លោកថា រុស្ស៊ី គួរបាញ់កាំជ្រួចទៅលើរបបអាសាដ ទើបបញ្ចប់របបដ៏ឃោរឃៅនេះបាន។ ចំណែក ឯលោកស្រី នាយករដ្ឋមន្ត្រីអង់គ្លេស បានព្រមានរុស្ស៊ីថា គួរតែពីចារណាឡើងវិញ ការគាំទ្រ របបអាសាដ។
អ្វីទៅធ្វើអោយរបប លោកអាល់អាសាដ អាចត្រូវផ្ដួលរំលំទោះបីរុស្ស៊ីនៅពីក្រោយក៏ដោយ?
ជារួមទៅ មហាអំណាចបីប្រទេស អាមេរិក បារាំងនិងអង់គ្លេស ត្រូវគេជឿថា បានត្រៀមការវាយប្រហារដោយយោធាលើរបបរបស់លោកអាល់អាសាដរូចហើយ ។ ដោយសារហេតុការណ៍នេះ លោកត្រាំបានសម្រេចលុបចោលភ្លាម ការធ្វើដំណើរទៅចូលរួមវេទិកាសេដ្ឋមួយនៅអាមេរិកឡាទីនដោយ លោកសម្រេចផ្ដោតលើករណីប្រទេសស៊ីរី។
បើតាម អ្នកឆ្លើយឆ្លងព័ត៌មានរបស់ BBC Barbara Plett Usher ប្រចាំសេតវិមាន សន្ទុះនៃការប្រើកងទ័ព ចង់បញ្ចប់របបអាល់អាសាដកាន់តែជិតចូលមកដល់ហើយ។
ជាការពិតការរកឃើញកងទ័ពរបស់លោកអាសាដ ប្រើអាវុធគីមីបាញ់លើ ជនស៊ីវិល មានមួយលើកមកហើយ តាំងពីចុងអាណត្តិរបស់ប្រធានាធិបតីបារ៉ាក់អូបាម៉ា។ តែសំណាងល្អនៅពេលនោះ សមាជិកសភារបស់គណបក្សប្រជាធិបតេយ្យដែលមិនចូលចិត្តធ្វើសង្គ្រាម បាន ហាមឃាត់ការប្រើកម្លាំងទ័ព។តែសម្រាប់លោកដូណាល់ត្រាំដែលមកពីគណបក្ស សាធារណរដ្ឋទំនង ក្រុមសភាបក្សនេះមិនហាមឃាត់លោកត្រាំទេទោះបីពេលនេះ ដឹងថារុស្ស៊ីជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយរបបអាសាដក៏ដោយ។ យ៉ាងនេះក្ដី អ្វីដែលអាចឈានដល់ការបញ្ចប់របបអាសាដបាននោះ គឺលោកត្រាំនឹងប្រើយុទ្ធសាស្ត្រអោយរុស្ស៊ីស្គាល់អំពីតម្លៃអាមេរិកនិងអំពីការសេពគបមិត្តដែលសម្លាប់មនុស្សយ៉ាងរង្គាល មិនអាចធ្វើឱ្យពិភពលោករាប់អានបានឡើយ៕