ភ្នំពេញ ៖ បុរសម្នាក់ ជាជនសង្ស័យចាក់សម្លាប់ប្រពន្ធចុង កាលពីថ្ងៃទី០៨ ខែមេសា ត្រូវបានសមត្ថកិច្ចខេត្ដសៀមរាប ចាប់ខ្លួនបាននៅយប់រំលងអាធ្រាត្រចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨។ នេះគឺជាឃាតកម្ម គិតទុកជាមុន ដែលជនសង្ស័យ ប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
លោក លៀ ស៊ីណា រាយការណ៍ ៖
អំពើឃាតកម្មលើប្រពន្ធកើតឡើងក្នុងខេត្ដសៀមរាបនេះ គឺ ជាករណីទី០២ ហើយនៅក្នុងខែមេសា ដែលឃាករ ត្រូវជាប្ដី បានសម្លាប់ប្រពន្ធរបស់ខ្លួនទាំងមានផ្ទៃពោះ។ យោងតាមគេហទំព័រស្នងការដ្ឋាននគរបាលខេត្ដសៀមរាប ផ្សព្វផ្សាយកាលពីថ្ងៃទី០៩ ខែមេសា ឲ្យដឹងថា នគរបាលស្រុក សូទ្រនិគម ខេត្ដសៀមរាប បានចុះបង្ក្រាបចាប់ជនសង្ស័យម្នាក់ ក្នុងករណីឃាតកម្មគិតទុកជាមុន ដែលបានសម្លាប់ប្រពន្ធចុង កំពុងមានផ្ទៃពោះ ០៤ខែ។
ស្ដ្រីរងគ្រោះមានឈ្មោះថា ប៉ក់ ឈាន អាយុ ៣៦ឆ្នាំ មាននៅក្នុងភូមិកំពង់ក្របី ឃុំ ព្រៃគុយ ស្រុក កំពង់ស្វាយ ខេត្ដកំពង់ធំ។ អ្នកស្រី ឈាន បានយល់ព្រមរួមរស់ជាមួយបុរសជាជនសង្ស័យឈ្មោះថា ស៊ន់ ទឹត អាយុ ៣៦ឆ្នាំ ដែលមានស្រុកកំណើត នៅក្នុងភូមិ រំចេក ឃុំ តាយ៉ែក ស្រុក សូទ្រនិគម ខេត្ដសៀមរាប។ បុរសជាជនសង្ស័យរូបនេះ បានទៅធ្វើការនៅខេត្ដកំពង់ធំ ជាកម្មករ ហើយបានស្គាល់ជាមួយស្ដ្រីរងគ្រោះ បន្ទាប់មកបានសាងសម្ព័ន្ធមេត្រីជាមួយគ្នា ខណៈរូបគេមានប្រពន្ធម្នាក់ហើយ នៅខេត្ដសៀមរាប ក៏ប៉ុន្ដែពេលដែលរួមរស់ជាមួយអ្នកស្រី ប៉ក់ ឈាន បុរសរូបនេះមិនបានប្រាប់ស្ដ្រីរងគ្រោះឲ្យដឹងថា ខ្លួនធ្លាប់មានប្រពន្ធហើយនោះទេ។
យោងតាមប្រសាសន៍របស់លោកវរៈសេនីយ៍ឯក ណុប សារ៉ាក់ អធិការស្រុក សូទ្រនិគម ដែលប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១១ ខែមេសានេះ បញ្ជាក់ថា គូស្វាមីទាំងពីរនាក់នេះ បានរួមរស់ជាមួយគ្នារយៈពេល ០៨ខែ ដោយដើរធ្វើជាកម្មករជាមួយគ្នារហូត។ ក៏ប៉ុន្ដែពួកគេពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ ស្របតាមច្បាប់នោះទេ។
លោកវរៈសេនីយ៍ឯក បានបន្ដទៀតថា ហេតុការណ៍ដែលនាំឲ្យកើតអំពើឃាតកម្មនេះ គឺបន្ទាប់ពីស្ដ្រីរងគ្រោះ ត្រូវជាប្រពន្ធចុង បានទៅតាមប្ដីដល់ ខេត្ដសៀមរាប ដើម្បីយកអត្ដសញ្ញាណបណ្ណទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ហើយក៏បានដឹង ថា ប្ដីរបស់ខ្លួនមានប្រពន្ធរួចហើយ នាងក៏បានសុំចែកផ្លូវពីប្ដី។ ព្រោះតែការសុំចែកផ្លូវនេះ ទើបនាំឲ្យបុរសជាប្ដី មានចិត្ដចង់សម្លាប់ប្រពន្ធរបស់ខ្លួន។
លោកវរៈសេនីយ៍ឯក ណុប សារ៉ាក់ ៖«ក្រោយពេលដែលដឹងថា មានប្រពន្ធហើយ នាងប្រពន្ធចុងដែលជាជនរងគ្រោះហ្នឹង គាត់ក៏មិនបានខឹងសម្បារ ឬក៏ឈ្លោះប្រកែក វាយតប់គ្នាអីអត់ទេ។ គ្រាន់តែថា បើបងមានប្រពន្ធហើយ បងរស់នៅជាមួយប្រពន្ធកូនបងចុះ ខ្ញុំសុំត្រឡប់ទៅវិញសុំបែកគ្នា។ អញ្ចឹងគាត់ (បុរសជាប្ដី) មានការតូចចិត្ដនៅចំណុចហ្នឹង គាត់មិនចង់បែក អញ្ចឹងគាត់មានគោលបំណងសម្លាប់ប្រពន្ធហើយ ហើយគាត់នឹងមានគោលបំណងថា សម្លាប់ខ្លួនបន្ដទៀតឲ្យស្លាប់តែម្ដងទៅ បើថា មិនបានរស់នៅជាមួយគ្នា»។
ស្ដ្រីរងគ្រោះត្រូវបានសម្លាប់ថ្ងៃទី០៨ ខែមេសា ខណៈនាងនឹងម្ដាយកំពុងដើរនៅលើដងផ្លូវ បំណងត្រឡប់ពីខេត្ដ សៀមរាប ទៅស្រុកំណើតវិញ។ ក្រោយធ្វើសកម្មភាពសម្លាប់ប្រពន្ធ ជនសង្ស័យជាប្ដីរូបនោះ បានរត់គេខ្លួន ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅម៉ោង ១ រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨។ នៅពេលនេះជនសង្ស័យឈ្មោះ ស៊ន់ ទឹត ត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដ សៀមរាប ដើម្បីកសាងសំណុំរឿងទៅកាន់តុលាការ។
គួររំឮកដែរថា នេះគឺជាករណីទី០២ ដែលប្ដីបានសម្លាប់ប្រពន្ធយ៉ាងព្រៃផ្សៃ ខណៈប្រពន្ធមានផ្ទៃពោះ។ កាលពីថ្ងៃទី០១ ខែមេសា ករណីឃាតកម្មដ៏រន្ធត់ស្រដៀងគ្នានេះ បានកើតឡើងទៅស្ដ្រីម្នាក់ រស់នៅខេត្ដត្បូងឃ្មុំ និងកូនប្រុសដើម ចំនួនពីរ ស្លាប់អាណោចអធ័ម ខណៈពួកគេកំពុងដេកលក់នៅពេលយប់។ បុរសជាឃាតករ ត្រូវជាប្ដីក្រោយរបស់ស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី០៦ ខែមេសា នៅក្បែរព្រំដែនកម្ពុជា-ថៃ ជាទីដែលបុរសរូបនោះ លាក់ខ្លួនទំនងចង់លួចឆ្លងដែនទៅប្រទេសថៃ។
យោងតាមច្បាប់ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជណាចក្រកម្ពុជា ឃាតកម្មទាំងពីរករណីខាងលើនេះ ត្រូវបានចាត់ទុកជា អំពើមនុស្សឃាតគិតទុកជាមុន ដែលស្ថិតនៅត្រង់មាត្រា ២០០ ជនល្មើសប្រឈមនឹងការដាក់ពន្ធនាគារអស់មួយជីវិត។
ទាក់ទិនករណីដ៏រន្ធទាំងពីរករណីនេះ ព្រះភិក្ខុ វ៉ង់ សុភស្ដ សាស្ដ្រាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ សំណូមពរដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ចំណាយពេលស្ដាប់ព្រះធម៌ អប់រំចិត្ដ ទូន្មានចិត្ដ ដើម្បីរម្ងាប់ភ្លើងកំហឹង ដែលអាចឈានទៅប្រព្រឹត្ដអំពើហិង្សាដ៏សាហាវព្រៃផ្សៃដូចនេះ។ លើសពីនេះ ព្រះអង្គក៏សំណូមពរឲ្យអាជ្ញាធរអនុវត្ដ ច្បាប់ ឲ្យបានតឹងរ៉ឹង និង ម៉ឺងម៉ាត់ ដើម្បីជាការព្រមាន កុំឲ្យមនុស្សហ៊ានប្រព្រឹត្ដទង្វើអមនុស្សធម៌ និងផ្ទុយពីច្បាប់ដូចនេះ៕