សៀមរាប៖យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា គឺស្ថាប័នមួយនេះនឹងរៀបចំធ្វើកំណាយមុនធ្វើការជួសជុលនៅផ្នែកណាមួយនៃស្រះទឹកខាងក្នុងប្រាសាទអង្គរវត្ត។
តាមការចុះផ្សាយ បញ្ជាក់ថា ការធ្វើកំណាយនេះ គឺ ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធ និងទ្រង់ទ្រាយរបស់ស្រះ មុនអ្នកជំនាញធ្វើការជួសជុលឱ្យស្របតាមលំនាំចាស់ និងជៀសវាងផលប៉ះពាល់ណាមួយ។
លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា កំណាយស្រាវជ្រាវបុរាណវិទ្យានេះធ្វើឡើងតាមយោបល់អ្នកជំនាញការអាដហុក របស់គណៈកម្មការ អាយស៊ីស៊ី-អង្គរ ដែលសុំឱ្យអ្នកជំនាញធ្វើកំណាយមុននឹងជួសជុល និងកែលំអស្រះទាំងពីររបស់ប្រាសាទអង្គរវត្ត។
តាមលោក លី វណ្ណា គម្រោងជួសជុល និងស្ដារឡើងវិញនៃស្រះអង្គរ គឺក្នុងបំណងលើកតម្លៃកែលំអស្រះ ដើម្បីឱ្យទឹកនៅបានយូរ និងរៀបចំច្រាំងស្រះជុំវិញ ដែលកន្លងមកស្រះទាំងនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើន ដែលចូលចិត្តផ្ដិតទិដ្ឋភាពរបស់ពួកគេជាមួយកំពូលប្រាសាទអង្គរ ដែលឆ្លុះជាមួយទឹកស្រះដ៏ស្រស់ស្អាត។
លោក លី វណ្ណាបញ្ជាក់ថា កំណាយនេះនឹងអាចឱ្យអ្នកជំនាញដឹងកាន់តែច្បាស់ពីរចនាសម្ព័ន្ធរបស់ស្រះ ក៏ដូចជាគុណភាពរបស់ថ្ម ថាតើវាត្រូវកែលំអបែបណាបន្ថែមទៀតផងដែរ។
គម្រោងកំណាយស្រាវជ្រាវនៅស្រះអង្គរ គ្រោងធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងប្រើពេលចន្លោះពី១ខែកន្លះ ទៅ២ខែ។ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានស្នើឱ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ព្រមទាំងសាធារណជនទាំងអស់ យោគយល់ និងជ្រាបពីព័ត៌មាននេះ៕