ភ្នំពេញ៖ ក្រសួងសុខាភិបាលព្រមានអំពីការរាតត្បាតជំងឺគ្រុនឈាមនៅឆ្នាំ២០១៨នេះ ខណៈដែលអ្នកកើតជំងឺគ្រុនឈាមកើនឡើងជាង ៣០០ ករណី ក្នុងរយៈពេលបីសប្តាហ៍ដំបូងនៅឆ្នាំនេះ។ ស្របពេលនេះ ក្រសួងសុខាភិបាលត្រៀមយន្តការជាស្រេចក្នុងការបង្ការ និង ទប់ស្កាត់ជំងឺគ្រុនឈាម។
នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ឲ្យដឹងថា នៅឆ្នាំ២០១៨នេះគឺជាវដ្ដមួយ ឬ គេហៅថា រដូវវិលជុំ នៃការកើតមានជំងឺគ្រុនឈាម ដែលរាតត្បាត ខ្លាំងក្លា។ ជាទូទៅវដូវនៃជំងឺគ្រុនឈាមផ្ទុះឡើងក្នុងរយៈពេលរៀងរាល់់ ៤ ទៅ ៥ ឆ្នាំម្តង។ ជំងឺគ្រុនឈាមរាតត្បាតខ្លាំងចុងក្រោយនៅពីឆ្នាំ ២០១២ ហើយកាលពីឆ្នាំ ២០១៦ និង ២០១៧ គ្មានផ្ទុះជំងឺគ្រុនឈាមខ្លាំងនោះទេ។
បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ជំងឺគ្រុនឈាមបង្កឡើងដោយវីរុសឈ្មោះដាំង។ ជំងឺចម្លងទៅមនុស្សតាមរយៈមូលខ្លាញីខាំ។
របាយការណ៍របស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានផ្សព្វផ្សាយនៅដើមខែកុម្ភៈ បង្ហាញថា ក្នុងរយៈពេលបីសប្តាហ៍ដំបូងនៅឆ្នាំ២០១៨នេះ ករណីអ្នកកើតជំងឺគ្រុនឈាមមានចំនួន ៣១៦ ករណី និង ស្លាប់ម្នាក់ ខណៈដែលឆ្នាំមុនមាន ១៣៨ ករណី តែគ្មាន អ្នកស្លាប់ទេ។ ករណីជំងឺគ្រុនឈាមក្នុងរយៈពេលបីសប្តាហ៍ឆ្នាំនេះ បានកើនឡើង ១៣០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។
លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានផ្តល់បទសម្ភាសឲ្យវិទ្យុជាតិថាក្រសួងសុខាភិបាលមានក្តីព្រួយបារម្ភខ្លាំអំពីការរីករាលដាលនៃជំងឺគ្រុនឈាមព្រោះឆ្នាំនេះគឺជារដូវកាលនៃជំងឺគ្រុនឈាមរាតត្បាត។ ទោះបីយ៉ាងណា លោក លី សូវ៉ាន់ អះអាងថា ក្រសួងសុខាភិបាលបានត្រៀមខ្លួនជាស្រេចក្នុងការទប់ស្កាត់ និង បង្ការជំងឺគ្រុនឈាម។
លោក លី សូវ៉ាន់៖ «ឆ្នាំនេះគឺជាឆ្នាំយើងព្រួយបារម្ភធម្មតាជំងឺគ្រុនអាចផ្ទុះឡើងរៀងរាល់ពី៤ ទៅ ៥ ឆ្នាំម្តង ធ្លាប់ផ្ទុះកាលពីឆ្នាំ ២០១២។ ក៏ប៉ុន្តែពុំឃើញមានការផ្ទុះ២០១៦ ២០១៧ ទេ ដោយសារការយកចិត្តទុកដាក់របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម គាត់ធ្វើការទប់ស្កាត់ដោយចែកថ្នាំអាប៊ែត ការបាញ់ថ្នាំមូស។»
មនុស្សគ្រប់វ័យអាចកើតជំងឺគ្រុនឈាម។ ជំងឺគ្រុនឈាមមានរោគសញ្ញាក្តៅខ្លួនខ្លាំងចាប់ពី ៣៨.៥ អង្សាសេឡើងទៅ ហើយឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ឈឺក្នុងគ្រាប់ភ្នែក មុខអ្នកជំងឺឡើងក្រហម។ ចំពោះកុមារមានស្ថានភាពងងុយដេកសន្លឹម មានស្នាមកន្ទួលក្រហមលើស្បែក និង ដងខ្លួន បើធ្ងន់ធ្ងរកុមារនឹងមាន ស្នាមជាំឈាមជាបន្ទះៗលើដៃជើងនិងដងខ្លួន។
រោគសញ្ញានេះបញ្ជាក់ថា ជាសញ្ញាគ្រោះថ្នាក់បំផុតដែលអាណាព្យាបាលត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យជាបន្ទាន់។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៧របស់នាយដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងរកឃើញថា ជំងឺគ្រុនឈាមថយចុះចំនួន ១២០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៦។ ទោះបីយ៉ាងក្តីរបាយការណ៍នេះរកឃើញថា ជំងឺគ្រុនឈាមមានការកើតឡើងលើមនុស្សពេញវ័យ និង មនុស្សចាស់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
បើតាមរបាយការណ៍ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៨របស់មន្ទីរពេទ្យគន្ធបុប្ផាថា កុមារជាង ១ ម៉ឺន ៥ ពាន់នាក់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនោះកុមារ ១១១ នាក់មានជំងឺគ្រុនឈាមធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទី៣ នៅខេត្តសៀមរាប។ ចំណែកកុមារចំនួន ៤៤៣ នាក់ សម្រាកព្យាបាលជំងឺគ្រុនឈាមនៅនៅមន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញ។
ដើម្បីគ្រប់គ្រងហានិភ័យនៃការរាតត្បាតដោយជំងឺគ្រុនឈាមនៅឆ្នាំនេះឲ្យទាន់ពេលវេលា ក្រសួងសុខាភិបាលអំពាវនាវដល់មន្ទីរសុខាភិបាលរាជធានីខេត្ត និងកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមថ្នាក់ក្រោមជាតិ ត្រូវតាមដានស្ថានភាពជំងឺគ្រុនឈាម។ ពិសេសត្រៀមធនធានមនុស្ស និង សម្ភារៈបរិក្ខាឱសថឲ្យបានគ្រប់គ្រាន់។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវពង្រឹងសេវាពិនិត្យ រោគវិនិច្ឆ័យ ការព្យាបាល បន្ថែមទៀត៕