ភ្នំពេញ៖ អនុប្រធានទី១ នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៥ នេះ។ នៅក្នុងជំនួបនេះ អនុប្រធានទី១ នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានស្នើទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ឲ្យជួយកែទម្រង់ប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា ដែលលោកចាត់ទុកថាស្ថានភាពសិទ្ធិមនុស្សមិនទាន់ល្អប្រសើរនៅឡើយ។
លោក កឹម សុខា បានថ្លែងប្រាប់ទៅអ្នកស្រី រ៉ូណា ស្ម៊ីត ថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានលក្ខណអាក្រក់នៅឡើយ។
លោក កឹម សុខា បន្តថា ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ឲ្យមានលក្ខណៈល្អប្រសើរជាងនេះ ត្រូវតែកែទម្រង់ប្រព័ន្ធតុលាការឲ្យមានឯករាជ្យជាមុនសិន។ លោកថា៖ «ខ្ញុំថាដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ត្រូវតែកែទម្រង់ប្រព័ន្ធតុលាការជាដំបូងសិន។ បើមិនបានកែប្រព័ន្ធតុលាការឲ្យឯករាជ្យពិតប្រាកដទេ បញ្ហាសិទ្ធិសមុន្សនៅប្រទសកម្ពុជាមិនអាចដោះស្រាយបានទេ។ ការកែប្រព័ន្ធតុលាការ ដើម្បីផ្តោតទៅលើយុត្តិធម៌សង្គម»។
ជុំវិញបញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវនៃការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគបញ្ហាសង្គមបានឲ្យដឹងថា ការស្នើសុំរបស់អនុប្រធានទី១ នៃរដ្ឋសភាទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ឲ្យជួយកែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជានេះ គឺជាការបង្ហាញឲ្យឃើញភាពទន់ខ្សោយបក្សរបស់ខ្លួនប៉ុណ្ណោះ។ លោកបន្តថា បើគណបក្សសង្គ្រោះជាតិចង់ឲ្យមានកែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា គួរតែប្រើប្រាស់សមាជិកតំណាងរាស្ត្ររបស់ខ្លួនទាំង ៥៥ រូប ដែលមានអាសនៈនៅក្នុងរដ្ឋសភា ធ្វើការជាមួយរដ្ឋាភិបាល ដោយឲ្យមានការចូលរួមពីប្រជាពលរដ្ឋ និងសង្គមស៊ីវិល ប្រសើរជាងពឹងពាក់សហគមអន្តរជាតិ។
លោកថា៖ «ពេលខ្លះយើងស្នើតែប៉ុន្មាននាក់ហ្នឹង ចុះប្រជាពលរដ្ឋទូទៅមានទំនាស់ដីធ្លីនៅកោះកុងគេ ចាប់ដាក់ពន្ធនាគារ យើងទៅគិតអីរឿងកំប៉ិកកំប៉ុកក្រោមក្លៀកហ្នឹង យើងត្រូវគិតជាប្រព័ន្ធ។ ថ្ងៃហ្នឹងស្នើសុំបានដោះដូរខាងផ្នែកនយោបាយ ស្អែកឡើងគេចាប់ទៀត ស្នើទៀតទៅ។ គេឲ្យកៅអី ៥៥ នាក់ ទៅអនុប្រធានសភាហើយ ប្រសិនបើធ្វើអីមិនកើតលាលែងចេញពីរដ្ឋសភាទាំងអស់ហ្នឹងទៅ អាហ្នឹងប្រសិនបើតួនាទីរបស់ខ្លួនធ្វើអត់បាន»។
លោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក្នុងខែមីនា ឆ្នាំ ២០១៥ ជំនួសតំណែងរបស់លោក សុរិយា ប្រាសាទស៊ូប៊ែឌី ដែលបានបញ្ចប់អាណត្តិ ៦ ឆ្នាំ កាលពីខែមីនា ឆ្នាំ ២០១៥ ដើម្បីធ្វើសេចក្តីរាយការណ៍ និងផ្តល់ប្រឹក្សាយោបល់ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា៕