en     km
en     km

រដ្ឋមន្រ្ដីការបរទេសជប៉ុននឹងមកទស្សនកិច្ចនៅកម្ពុជាថ្ងៃទី៨ មេសា

Share

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជាចុះនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្រ្ដីការបរទេសនៃប្រទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨​ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងជប៉ុន។

ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសកម្ពុជា លោក តារ៉ូ កូណូ នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ហើយក៏និងជួបពិភាក្សាទ្វេភាគីផងដែរ ជាមួយលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដីរដ្ឋមន្រ្ដីការប​រទេស និងសហប្រតិបត្តិការអន្ដរជាតិ។

តាមសេចក្ដីរបស់ក្រសួងការបរទេសដដែលនេះ អំឡុងនៃកិច្ចជំនួបពិភាក្សាការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា លោកនឹងចុះហេត្ថលេខាលើលិខិតប្ដូរសានឹងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជ​ប៉ុនមកកាន់រាជរដ្ឋាភិបាលកម្ពុជាចំនួន ២ចំណុច៖

១.ហិរញ្ញប្បទានឥតសំណងជប៉ុនដែលមានទឹកប្រាក់សរុបចំនួន ៥០០លានយ៉េន សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

២.ឥណទានសម្បទានជប៉ុនដែលមានទឹកប្រាក់សរុបចំនួន ៩២១៦ លានយ៉េន សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២៕

Share

ព័ត៌មានទាក់ទង

Image