ភ្នំពេញ ៖ បុរសជាជនសង្ស័យ ករណីសម្លាប់ប្រពន្ធ និងកូនដើមចំនួន ០២នាក់ នៅខេត្ដត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងខេត្ដឧត្ដរមានជ័យ ព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមការឲ្យដឹងពីលោក សេង មិ អធិការរងស្រុកត្បូងឃ្មុំ ដែលបានប្រាប់វិទ្យុស្ដ្រី នៅថ្ងៃទី០៦ ខែមេសានេះ។
លោក លៀ ស៊ីណា រាយការណ៍ ៖
សមត្ថកិច្ចខេត្ដត្បូងឃ្មុំ បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បានចាប់ខ្លួនជនសង្ស័យឈ្មោះ ជ្រាំង ភូ នៅភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ខណៈជនរូបនោះសំងំលាក់ខ្លួន ទំនងរង់ចាំពេលលួចឆ្លងដែនទៅប្រទេសថៃ។
លោកអធិការរង សេង មិ ប្រាប់ឲ្យដឹងថា ក្រោយចាប់ខ្លួន ជនសង្ស័យឈ្មោះ ជ្រាំង ភូ នេះ បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេបានរៀបគម្រោងសម្លាប់ប្រពន្ធ និងកូនប្រុសដើមទាំងពីរនាក់នោះមែន ពីព្រោះតែប្រពន្ធ និងកូនដើមរបស់ប្រពន្ធទាំងពីរនាក់នោះ មិនយកចិត្ដទុកដាក់លើខ្លួន។ ក្រៅពីនេះ ជនសង្ស័យឈ្មោះ ជ្រាំង ភូ ក៏មានទំនាស់រឿងកេរ្ដិ៍មរតករបស់ប្រពន្ធផងដែរ។ លោកអធិការរងស្រុកត្បូងឃ្មុំ បញ្ជាក់ថា ក្រោយសមត្ថកិច្ចកសាងសំណុំរួចហើយ ជនសង្ស័យរូបនេះ នឹងត្រូវបញ្ជូនទៅតុលាការ។ យោងតាមមាត្រា ២០០ ក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ជនប្រព្រឹត្ដនឹងត្រូវផ្ដន្ទាទោសអស់មួយជីវិត។
សូមរំរឮកថា ជនសង្ស័យមានឈ្មោះថា ជ្រាំង ភូ អាយុ ៤៥ឆ្នាំ ត្រូវជាប្ដីក្រោយរបស់អ្នកស្រី ឃាន សុខលាន អាយុ ៤២ឆ្នាំ រស់នៅក្នុងភូមិដូង ឃុំ ថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ។ អ្នកស្រី ឃាន សុខលាន ជាស្ដ្រីម៉េម៉ាយមានកូនប្រុសចំនួន០២នាក់ ម្នាក់ឈ្មោះ ធឿន វណ្ណៈ អាយុ ១៧ឆ្នាំ និងម្នាក់ទៀតឈញមោះ ធឿន ធារី អាយុ ១១ឆ្នាំ។ អ្នកស្រី ឃាន សុខលាន បានសម្រេចរៀបការជាមួយជនសង្ស័យឈ្មោះ ជ្រាំង ភូ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។
ក្រោយពីបានរួមរស់ជាមួយគ្នាបានរយៈពេល ៦ខែអ្នកស្រី ឃាន សុខលាន ក៏មានទម្ងន់បាន ២ខែ ក៏ប៉ុន្ដែបុរសឈ្មោះ ជ្រាំង ភូ រូបនេះ តែងតែប្រចណ្ឌស្ដ្រីជាប្រពន្ធ ហើយបដិសេធ ថា កូនក្នុងផ្ទៃរបស់ស្ដ្រីរងគ្រោះមិនមែនជាកូនរបស់ខ្លួន។ លើសពីនេះ ជនសង្ស័យរូបនេះ បានលួងលោមអ្នកស្រី ឃាន សុខលាន ឲ្យយកកូននោះចេញថែមទៀតផង។ ក្រៅតែពីចង់ឲ្យប្រពន្ធយកកូនចេញ ជនសង្ស័យឈ្មោះ ជ្រាំង ភូ តែងតែរំអុកស្ដ្រីរងគ្រោះជាប្រពន្ធ ឲ្យទិញឡានឲ្យខ្លួនជិះជារឿយៗ ក៏ប៉ុន្ដែអ្នកស្រី ឃាន សុខលាន បានដិសេធព្រោះចង់ទុកលុយដើម្បីបម្រុងពេលសម្រាលកូន។
ភាពមិនចុះសម្រុងរបស់គូស្វាមី ដែលទើបរៀបការរួចបាន ០៦ខែនេះ បានចេះតែបន្ដជាកើតមាន រហូតដល់យប់រំលងអាធ្រាត្រថ្ងៃទី៣១ ខែមីនា ឈានចូលថ្ងៃទី០១ ខែមេសា ជនសង្ស័យឈ្មោះ ជ្រាំង ភូ បានឈ្លៀតឱកាសពេលដែល ប្រពន្ធ និងកូនដើមទាំងពីរ កំពុងដេកលក់។ បុរសរូបនេះ បានយកកាំបិតផ្គាក់កាប់ទៅលើប្រពន្ធដែលកំពុងមានទម្ងន់ និងកូនដើមទាំងពីរនាក់ចំកញ្ចឹងក ស្លាប់ដោយមិនដឹងខ្លួន។
ជុំវិញករណីមនុស្សឃាតកម្មនេះ លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ បានទទូចសុំឲ្យប្រជាពលរដ្ឋគ្រប់រូប បញ្ឈប់ផ្នត់គំនិតដែលគិតថា អំពើហិង្សាជារឿងផ្ទៃក្នុងគ្រួសាររបស់អ្នកដទៃបន្ដទៀត។
លោកបន្ដថា ប្រជាពលរដ្ឋគ្រប់រូបមានតួនាទី ក្នុងការចូលរួមទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដោយការឈឺឆ្អាល ផ្ដល់ដំណឹងទៅកាន់សមត្ថកិច្ច នៅពេលដែលឃើញមានអំពើហិង្សាណាមួយកើតឡើង។ លើសពីនេះលោក អំ សំអាត ក៏សំណូមពរដល់អាជ្ញាធរទាំងអស់ ឲ្យបង្កើនការយកចិត្ដទុកក្នុងការ ការពារជនរងគ្រោះ នៅពេលមានបណ្ដឹងណាមួយទាក់ទងនិងការប្រើប្រាស់អំពើហិង្សា ហើយជាពិសេស គឺត្រូវចាប់ជនល្មើសឲ្យបានដើម្បីយកមកផ្ដន្ទាទោស ទុកជាការព្រមានដល់ជនដទៃទៀត៕