ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាសន្យាពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីតាមរយៈបង្កើនច្រកព្រំដែនអន្តរជាតិបន្ថែមទៀត។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការទន្លេមេគង្គនៅទីក្រុងទេសចរណ៍វប្បធម៌ ខេត្តសៀមរាប កាលពីថ្ងៃព្រហ្បត្តិ៍។
កាសែត Bangkok Post ឲ្យដឹងថា ប្រមុខរដ្ឋាភិបាលកម្ពុជា – ថៃ នឹងបើកច្រកព្រំដែនថ្មីបន្ថែមទៀត និង តភ្ជាប់ខ្សែរថភ្លើង ហើយរដ្ឋាភិបាលទាំងពីរនឹងទទួលបានផលចំណេញ ពិសេសពាណិជ្ជកម្ម និងការវិនិយោគ។នេះបើតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ។
គម្រោងបើកច្រកព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ធ្វើឡើងស្របពេលដែល នាយករដ្ឋមន្ត្រីថៃធ្លាប់បានសន្យាជំរុញទំហំពាណិជ្ជ កម្មទ្វេភាគីឱ្យកើនដល់ ១៥ ពាន់លានដុលា្លរអាមេរិកនៅឆ្នាំ ២០២០ខាងមុខ។ រីឯពេលថ្មីៗនេះ ភាគីទាំងពីរក៏សម្រេចបើកច្រកព្រំដែនអន្ដរជាតិចំនួន ៤ បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ខណៈច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែតចាប់ផ្ដើមមានការកកស្ទះ។
យ៉ាងហោចណាស់ច្រកព្រំដែនអន្តរជាតិចំនួន ៤ ត្រូវបានកម្ពុជា- ថៃ សម្រេចបើកឲ្យដំណើរការនៅឆ្នាំ ២០១៧កន្លងមក។ ច្រកព្រំដែនទំាងនោះរួមមាន ច្រកអានសេះ ស្ថិតនៅខេត្តព្រះវិហារ ជាប់ច្រក អាន ម៉ា ក្នុងខេត្ត កាន់វ័នឡា សុថានី។ ច្រកជប់គគីក្នុងខេត្តឧត្តរមានជ័យជាប់ច្រក សែទូគោ ខេត្តប៊ុរីរុំា។ ច្រកភ្នំដីខេត្តបាត់ដំបង ជាប់ច្រកខៅឌីន ខេត្តស្រះកែវ និងច្រកថ្មដាខេត្តពោធិសាត់ ជាប់ ច្រក ថាសេន ខេត្តស្រះកែវ។
ក្នុងឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ថៃ មានរហូតជាង ៥ ពាន់លានដុល្លារ ហើយរដ្ឋាភិបាលទាំងពីរប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១៥ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០។
យោងតាមទិន្ន័យរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៥,៥១៨លានដុល្លារអាមេរិក។ ចំណែកឆ្នាំ២០១៦ មានចំនួន ៥,៥៥១លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ០,៦% ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសដាក់ឲ្យប្រើប្រាស់សាកល្បងខ្សែរថភ្លើងពីក្រុងប៉ោយប៉ែត ទៅក្រុងសិរីសោភ័ណ នៅថ្ងៃទី ៤ ខែ មេសានេះ។ ខ្សែរថភ្លើងនេះដំណើរការដោយមិនយកម្រៃចាប់ពេលនេះរហូតដល់ចុងខែ កក្កដា ឆ្នាំ ២០១៨នេះ។ ខ្សែរថភ្លើងពីក្រុងប៉ោយប៉ែតនេះក៏បានតភ្ជាប់ទៅប្រទេសថៃដោយកំពុងដំណើរការជួលជុលនិងសាងសង់។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្តាជួលជុលផ្លូវរថភ្លើងឡើងវិញមានប្រវែង ៤៨ គីឡូម៉ែត្រដែលបំភ្លេចបំផ្លាញដោយសារសង្គ្រាមកាលពីឆ្នាំ ១៩៧០មក៕