en     km
en     km

ក្រុម​តន្ត្រី​YRDP​ Band​ ផលិត​បទ​ចម្រៀង​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ពី​សន្តិភាព​ដល់​ប្រជាជន​

Share

23 09 15-keosokha-Feature-01-dara-ed-cover
សមាជិកក្រុម​តន្ត្រី​YRDP​ Band​

តន្ត្រី​ និង​ចម្រៀង​គឺជា​ផ្នែក​មួយ​ក្នុង​ការ​បំពេរ​អារម្មណ៍​មនុស្ស​ឲ្យ​អណ្តែតអណ្តូង​ អន្លង់​អ​ន្លោ​ច​ទៅ​តាម​ពាក្យ​ពេ​ច៍​ស្នេហា​ដែល​កវី​ អ្នកនិពន្ធ​ បាន​តាក់តែង​ទៅ​តាម​រឿងរ៉ាវ​ប្រវត្តិ​ស្នេហា​ជួបជុំ​ ឬ​ និរាស​ប្រាសព្រាត់​។​ ដោយឡែក​បទ​ចម្រៀង​របស់​ក្រុម​តន្ត្រី​YRDP​ Band​ វិញ​ បង្កើត​ឡើង​ដើម្បី​បញ្ជ្រាប​សារ​សន្តិភាព​ ដល់​មហាជន​បាន​យល់​ដឹង​ពី​តម្លៃ​នៃ​សន្តិភាព​ និង​ចេះ​ឲ្យ​តម្លៃ​ចំពោះ​ជាតិ​សាសន៍​ដទៃ​ ដែល​រស់នៅ​ក្នុង​សង្គម​ជាមួយ​គ្នា​។​

​ដើម្បី​ចង់​ដឹង​ ថា​តើ​បទ​ចម្រៀង​របស់​ ក្រុម​តន្ត្រី​YRDP​ Band​មាន​អត្ត​ន័យ​យ៉ាងណា​?​ ហើយ​មានការ​គាំទ្រ​កម្រិត​ណា​នោះ​?​ តទៅ​នេះ​សូម​ស្តាប់​បទ​យកការណ៍​ ដែល​រៀបចំ​ដោយ​លោក​ កែវ​ សុខា​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ នៃ​ WMC​ ដូច​តទៅ​៖

 ​ចម្រៀង​មួយ​បទ​នេះ​ មាន​ចំណងជើង​ថា​ «​ញញឹម​សន្តិភាព​»​ ដែល​កើតឡើង​ពី​ការ​និពន្ធ​ទំនុកច្រៀង​ និង​សាច់ភ្លេង​ តាម​រយៈ​ការ​ប្រកួតប្រជែង​សំ​ណេ​រ​អត្ថបទ​ចម្រៀង​សន្តិភាព​ កាលពី​ពាក់កណ្តាល​ ខែសីហា​កន្លង​ទៅ​នេះ​ ដោយ​លោក​ លី​ដា​ អំណត់​។​ ពន្លក​សិល្បៈ​ដែល​ទើបនឹង​ដុះ​ចេញពី​ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ​ បាន​តាក់តែង​ទំនុកច្រៀង​ថ្មី​ សាច់ភ្លេង​ថ្មី​ ដែល​រហូត​មក​ទល់​ពេល​នេះ​គឺ​មាន​ចំនួន​៥​បទ​ហើយ​ ដែល​ក្រុម​តន្ត្រី​ YRDP​ Band​ បាន​ផលិត​។​

ជា​ប្រធាន​ក្រុម​មួយ​រូប​ក្នុង​ចំណោម​សមាជិក​៤​នាក់​ លោក​ គង់​ ឧត្តម​ លើក​ឡើង​ថា​ ការងារ​ដែល​ក្រុម​តន្ត្រី​សន្តិភាព​ ឬ​ក្រុម​តន្ត្រី​ YRDP​ Band​ បាន​ធ្វើ​ គឺជា​ផ្នែក​មួយ​សម្រាប់​នាំសារ​សន្តិភាព​ និង​ស្មារតី​ស្រលាញ់​រាប់អាន​គ្នា​ មិន​ប្រកាប់​បក្សពួក​ ឬ​ការ​រើសអើង​ពូជសាសន៍​ ផ្សព្វផ្សាយ​ដល់​ប្រជាជន​ ជា​ពិសេស​គឺ​ប្រ​ទាប់​យុវវ័យ​។​ លោក​ គង់​ ឧត្តម​ និយាយ​ថា​ «​គម្រោង​សន្តិភាព​នេះ​មាន​ពីរ​ សកម្មភាព​ទី​មួយ​ទាក់ទង​ជា​ជួយ​តន្ត្រី​ និង​មួយទៀត​ទាក់ទង​នឹង​កីឡា​។​ បាទ​!​ ហើយ​តន្ត្រី​នេះ​គឺ​យើង​ធ្វើ​ម៉េច​ដើម្បី​បង្កើន​គំនិត​សន្តិភាព​ ស្មារតី​សន្តិភាព​ ស្មារតី​ស្រលាញ់​គ្នា​ដោយ​មិន​មានការ​ឈ្លោះប្រកែក​គ្នា​ហ្នឹង​ តាម​រយៈ​ការ​ច្រៀង​ហ្នឹង​ ផ្សព្វផ្សាយ​ទៅ​កាន់​យុវជន​ជា​ទូទៅ​សាធារណៈ​ព្រោះតែ​យើង​ដឹង​ថា​សព្វថ្ងៃ​ប្រសិនបើ​យើង​ និយាយ​ណែនាំ​ពួក​គាត់​ ពួក​គាត់​មិនសូវ​ស្តាប់​ទេ​ ប៉ុន្តែ​បើសិន​យើង​ធ្វើ​ជា​បទ​ចំរៀង​ឲ្យ​វា​ពិ​រោះ​ ស្តាប់​ទៅ​គាត់​នឹង​អាច​យក​បទ​ចំរៀង​ដែល​មាន​អត្ត​ន័យ​ទាំង​អស់នោះ​ វា​អាច​បញ្ជ្រាប​ទៅ​ក្នុង​គំនិត​របស់​គាត់​បាន​»​។​

​វណ្ណ​កម្ម​ដែល​ទើប​ប្រសូត​ថ្មី​នេះ​ មិនមែន​ចេះ​តែ​សរសេរ​តាមតែ​ចិត្ត​ចង់​នោះ​ទេ​ ដោយ​លោក​ គង់​ ឧត្តម​ បញ្ជក់​ថា​ ការ​និពន្ធ​នេះ​បាន​ឆ្លងកាត់​ការ​ប្រកួតប្រជែង​ពី​សំណាក់​គណៈកម្មការ​មេ​ប្រយោគ​ វាយតម្លៃ​ទៅ​លើ​អត្ត​ន័យ​ខ្លឹមសារ​ ដែល​បាន​ផ្តោត​សំខាន់​ទៅ​លើក​ការ​បញ្ជ្រាប​សារ​ទាក់ទង​នឹង​ទ្រឹស្តី​សន្តិភាព​ជា​គោល​។​ លោក​ គង់​ ឧត្តម​បន្ថែម​ថា​ «​ទាក់ទង​ទៅ​ជាមួយ​បទ​ចំរៀង​ទាំងអស់​ហ្នឹង​ គឺ​កាលពី​ខែ​៨​  យើង​មានការ​ប្រ​កួ​ក​ប្រជែង​សំ​នេ​រ​អត្ត​បទ​ចំរៀង​ម្តង​។​ ហើយ​ក្នុង​នោះ​មានការ​ប្រលង​ជា​ការ​និពន្ធ​បទ​ភ្លេង​ថ្មី​ផង​ និង​ទំនុកច្រៀង​ថ្មី​ផង​។​ ហើយ​ថ្ងៃនេះ​យើង​យក​មក​សម្តែង​នៅ​ថ្ងៃនេះ​មាន​តែ​ពីរ​បទ​ទេ​ គឺ​នាវា​សន្តិភាព​ ហើយ​និង​ញញឹម​សន្តិភាព​។​ ហើយ​បទ​ញញឹម​សន្តិភាព​នេះ​ដែរ​គឺ​ជាប់​ជ័យ​លោ​ភី​លេខ​មួយ​»​។​

​ដៃ​កាន់​មេក្រូ​ យុវជន​ យិ​ន​ បញ្ញា​ ដែល​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​តន្ត្រី​សន្តិភាព​ បាន​បង្ហើរ​សំនៀង​យ៉ាង​ក្រអួន​ក្រអៅ​ លើ​វេទិការ​ក្នុង​កម្មវិធី​សិក្ខាសាលា​មួយ​ ដែល​និយាយ​ពី​ការ​ឆ្លុះ​បញ្ចាំង​ពី​ដំណើរការ​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ ។​ យុវជន​ យិ​ន​ បញ្ញា​ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្រោយ​ពី​បាន​បកស្រាយ​បទ​ចម្រៀង​របស់​ខ្លួន​រួច​ថា​ គាត់​មានចិត្ត​ស្រលាញ់​ក្នុង​ការ​ច្រៀង​ចម្រៀង​បែប​ការ​ផ្តល់​ការ​អប់រំ​ទាក់ទង​នឹង​សន្តិភាព​នេះ​ខ្លាំង​ណាស់​ ព្រោះ​លោក​មើលឃើញ​ថា​ នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​មានការ​រើសអើង​គ្នា​ រវាង​អ្នកមាន​និង​អ្នកក្រ​ រវាង​បក្សពួក​និន្នាការ​នយោបាយ​ ជា​ពិសេស​ការ​រើសអើង​ទៅ​លើ​ពូជសាសន៍​ជាដើម​។

23 09 15-keosokha-Feature-01-dara-ed-pix-01
​លោក​ ជាង​ សុខា​ នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ និង​ជា​សមាជិក​ក្រុមការងារ​សន្តិភាព (កណ្តាល) ថតជាមួយ ក្រុម​តន្ត្រី​YRDP​ Band

​លោក​ យិ​ន​ បញ្ញា​លើក​ឡើង​ថា​ «​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ ដោយសារ​តែ​អ្វី​ដែល​យើង​ធ្វើ​គឺ​ចង់​បង្ហាញ​អំពី​ភាព​សន្តិភាព​ទៅ​មិត្ត​ភក្តី​ ឬ​ទៅ​អ្នក​ដែល​គាត់​មាន​បញ្ហា​ជាមួយ​គ្នា​ ព្រោះ​យើង​អាច​ផ្សាំ​ផ្សា​គាត់​តាម​រយៈ​បទ​ចំរៀង​។​ សំខាន់​ពួក​ខ្ញុំ​ផ្តោតអារម្មណ៍​ទៅ​លើ​ការ​ប្រកាន់ពូជសាសន៍​ ឧទាហរណ៍​ដូច​ជា​ ប្រទេស​វៀតណាម​ ឬ​ក៏​ប្រទេស​ផ្សេងៗ​ដែល​តែងតែមាន​ជំ​លោះ​ជាមួយ​គ្នា​។​ អ​ញ្ចឹ​ង​!​យើង​ចង់​ឲ្យ​ពួក​គាត់​រួបរួម​គ្នា​។​ ដូច្នេះ​យើង​បង្ហាញ​តាម​រយៈ​តន្ត្រី​វិញ​ ផ្សាំ​ផ្សា​ពួក​គាត់​កុំ​ឲ្យ​ស្អប់​គ្នា​»​។​

​មាន​កម្ពស់​សម​ល្មម​ រូបរាង​សមសួន​ ដោយ​ពាក់អាវ​ផ្កា​ តឺ​នុយ​ក្នុង​ខោ​ផង​នោះ​ តារាចម្រៀង​ពន្លក​ថ្មី​រូប​នេះ​បន្ត​ថា​ មាន​តែ​ការ​ផ្សព្វផ្សាយ​សារ​សន្តិភាព​តាម​ រយៈ​បទ​ចម្រៀង​នេះ​ទេ​ ដែល​ជា​មធ្យោបាយ​ល្អ​ប្រសើរ​ ដែល​អាច​ងាយ​ស្រួយ​ដល់​មហាជន​ ជា​ពិសេស​យុវវ័យ​ឆាប់​ទទួល​បាន​។​

​លោក​ យិ​ន​ បញ្ញា​ បន្ថែម​ទៀត​ថា​ បាទ​!​ សម្រាប់​ពួក​ខ្ញុំ​ជា​និស្សិត​ ពួក​ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​នូវ​អ្វី​ដែល​អាច​ឲ្យ​ពួក​គាត់​ផ្សាំ​ផ្សា​គ្នា​មិន​ចំពោះ​ខ្ញុំ​ មិន​ចំពោះ​អ្នក​ផ្សេងៗ​ គឺ​ចង់​ឲ្យ​គាត់​រួបរួម​គ្នា​ ដើម្បី​មានការ​កសាង​ប្រទេស​ជាតិ​ទាំងអស់​គ្នា​ផង​ដែរ​។​

​តន្ត្រីករ​មួយ​រូប​ទៀត​ ក្នុង​ក្រុម​តន្ត្រី​សន្តិភាព​ គឺ​លោក​ សៅ​ សា​រ៉ា​វន្ត​ បាន​លើក​ឡើង​ថា​ ការ​កាប់សម្លាប់​មនុស្ស​ដោយ​ការ​ប្រកាន់​និន្នាការ​ ដោយសារ​ខុស​ពូជសាសន៍​គ្នា​ជាដើម​ បាន​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​ប្រទេស​នៅ​មជ្ឈិម​ម​បូព៌ា​។​ លោក​ថា​ ប្រការ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ សន្តិភាព​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ ។​ យុវជន​ដែល​មាន​ដុះ​ពុកចង្កា​ ក្នុង​ដៃ​កាន់​ហ្គី​តា​ផង​ លោក​បាន​លើក​ឡើង​ដោយ​ក្តី​សង្ឃឹមថា​ តាម​រយៈ​បទ​ចម្រៀង​នេះ​ មនុស្ស​នឹង​មានការ​ភ្ញាក់រឭក​ និង​ចេះ​អធ្យាស្រ័យ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​។​លោក​ សៅ​ សា​រ៉ា​វន្ត​ និយាយ​ថា​តាម​អ្វី​ដែល​ខ្ញុំ​តាមដាន​ព័ត៌មាន​គឺ​នៅ​ក្នុង​ប្រទេស​នោះ​គឺ​មាន​ពួក​អាយ​ស៊ី​ស​  គឺ​ពួក​គាត់​ប្រកាន់​នូវ​សាសន៍​ ហើយ​សាសនា​ដែល​ខុស​ផ្លែ​ក​ពី​គាត់​ គាត់​ត្រូវធ្វើ​វិធាន​ការណ៍​មួយ​ដើម្បី​សម្លាប់​ ឬ​បំផ្លាញ​នូវ​សាសនា​ទាំងនោះ​ចោល​ ដើម្បី​កាន់សាសនា​របស់​គាត់​។​ ដូច្នេះ​ទោះបីជា​មាន​សាសនា​ណា​ក៏​ដោយ​យើង​ត្រូវ​តែ​ចេះ​ទទួលស្គាល់​របស់​យើង​ យើង​មិន​ចាំបាច់​ប្រកាន់​ ឬ​និន្នាការ​ណា​នោះ​ទេ​ អ​ញ្ចឹ​ង​ទើប​ប្រទេស​យើង​មាន​សុខ​សន្តិភាព​។​

​ជា​និស្សិត​ខ្មែរឥស្លាម​មួយ​រូប​ ដែល​បាន​ចូល​ក្នុង​សិក្ខាសាលា​ និង​បាន​ស្តាប់​ការ​បកស្រាយ​បទ​​ចម្រៀង​របស់​ក្រុម​តន្ត្រី​សន្តិភាព​ផង​ កញ្ញា​ ហ៊ី​ម​ ស៊ុ​ព​ព្រី​ លើក​ឡើង​ថា​ កញ្ញា​មាន​អារម្មណ៍​រំភើប​ ព្រោះ​អត្ត​ន័យ​នៃ​បទ​ចម្រៀង​បាន​ឆ្លុះ​បញ្ចាំង​ពី​សន្តិភាព​ តាម​រយៈ​ការ​បញ្ចេញ​ស្នាមញញឹម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​មានការ​ស្អប់ខ្ពើម​ និង​រើសអើង​ពូជសាសន៍​។​ កញ្ញា​ ហ៊ី​ម​ ស៊ុ​ព​ព្រី​ថា​៖​ ពេល​ខ្ញុំ​ស្តាប់​បទ​ហ្នឹងហើយ​ ខ្ញុំ​មាន​អារម្មណ៍​ថា​រំភើប​ ហើយ​មួយទៀត​ខ្ញុំ​ចង់​ចេះ​បទ​ហ្នឹង​តាម​គាត់​ដែរ​។​ ខ្ញុំ​មាន​អារម្មណ៍​ថា​កាលណា​ ប្រទេស​មួយ​មាន​សន្តិភាព​ ប្រទេស​នោះ​នឹង​មានការ​រីក​ចំរើន​។​

​យុវនារី​ខ្មែរឥស្លាម​រូប​នេះ​បន្ត​ថា​ កញ្ញា​ហាក់​នៅ​មិន​ទាន់​ទទួល​បាន​សុខ​សន្តិភាព​នៅ​ក្នុង​ចិត្ត​នៅឡើយ​នោះ​ទេ​ ព្រោះថា​ ក្នុង​សង្គម​កម្ពុជា​ នៅ​តែ​មានការ​ប្រកាន់ពូជសាសន៍​ដដែល​ ដូច​ជា​ការ​មិន​ចូល​ចិត្ត​សេពគប់​ជនជាតិ​ចាម​ជាដើម​។​
​កញ្ញា​ ហ៊ី​ម​ ស៊ុ​ព​ព្រី​បន្ត​ថា​៖​កាល​ខ្ញុំ​រៀន​នៅ​បឋម​ មាន​មិត្ត​ភក្តី​មួយ​ចំនួន​គាត់​រើសអើង​ គាត់​អត់​ចង់​ឲ្យ​គ្នា​គាត់​ដទៃ​ទៀត​ហ្នឹង​ លេង​ជាមួយ​ខ្ញុំ​ទេ​ ព្រោះថា​ខ្ញុំ​ហ្នឹង​សាសនា​ឥ​ស្លា​ម​អ​ញ្ចឹ​ង​គេ​រើសអើង​។​ ហើយ​មួយទៀត​ មាន​ពេល​ខ្លះ​គេ​យក​សាច់​ជ្រូក​ដែល​ពួក​ខ្ញុំ​មិន​ញុំ​ាំ​មក​ប​ន្លោ​ច​ពួក​ខ្ញុំ​​ទៀត​។​ ខ្ញុំ​មាន​អារម្មណ៍​ថា​ខឹង​ហើយ​អត់​ចិត្ត​ហ្នឹង​ខ្លួនឯង​ហេតុ​អ្វី​បានជា​គេ​ស្អប់ខ្ពើម​ និង​រើសអើង​ខ្ញុំ​។​

23 09 15-keosokha-Feature-01-dara-ed-pix-02
អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ និង​​ស្តាប់​ការ​បកស្រាយ​បទ​​ចម្រៀង​របស់​ក្រុម​តន្ត្រី​សន្តិភាព

​ការ​ផ្ញើ​សារ​ដើម្បី​បញ្ជ្រាប​ព័ត៌មាន​អ្វីមួយ​ ទៅ​កាន់​មហាជន​ គឺ​មាន​មធ្យោបាយ​ច្រើន​ តែ​សម្រាប់​លោក​ ជាង​ សុខា​ នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ និង​ជា​សមាជិក​ក្រុមការងារ​សន្តិភាព​វិញ​ បាន​ជ្រើស​យក​ការ​បង្កើត​ជា​ក្រុម​តន្ត្រី​ឡើង​ដើម្បី​បញ្ជូន​ព័ត៌មាន​អប់រំ​ ស្តី​ពី​សន្តិភាព​ដល់​មហាជន​ ព្រោះ​វា​ជា​មធ្យោបាយ​ដែល​យុវវ័យ​ពេញ​និយម​។​លោក​ ជាង​ សុខា​លើក​ឡើង​ថា​៖​អ​ញ្ចឹ​ង​យើង​ មើលឃើញ​ជំរើស​មួយ​ទាក់ទង​រឿង​តន្ត្រី​ហ្នឹង​ វា​ជា​មធ្យោបាយ​នៃ​ការ​អប់រំ​មួយ​ដែល​ធ្វើ​ឲ្យ​យុវជន​ហ្នឹង​មានការ​ចាប់អារម្មណ៍​។​ ហើយ​យើង​បំ​លែង​ខ្លឹមសារ​នៃ​សន្តិភាព​ហ្នឹង​ឲ្យ​ទៅ​ជា​បទ​ចំរៀង​ទៀត​វា​រឹតតែ​មានការ​ទាក់ទាញ​ ហើយនឹង​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ ជា​ពិសេស​យុវជន​។​

​ប្រធាន​អង្គការ​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​យុវជន​រូប​នេះ​បញ្ជក់​ថា​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​​បទ​ចម្រៀង​ដែល​មាន​ខ្លឹមសារ​អប់រំ​សន្តិភាព​ចំនួន​៥​បទ​នេះ​ និង​ផលិត​ចេញ​ជា​ស៊ី​ឌី​ចែកចាយ​ដល់​អ្នក​ពាក់ព័ន្ធ​ និង​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​តាម​ស្ថានីយ​វិទ្យុ​ផង​ដែរ​។​ លោក​ ជាង​ សុខា​បន្ត​ថា​៖​យើង​ទើបតែ​ចប់​មួយ​វគ្គ​ ដែល​យើង​បាន​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ការ​សរសេរ​តាក់តែង​បទ​ចំរៀង​ទាក់ទង​នឹង​សន្តិភាព​ហ្នឹង​ ឥឡូវនេះ​យើង​ជ្រើសរើស​បាន​៥​ ដែល​គិត​ថា​ជា​ចំរៀង​ដែល​ប្រកបដោយ​ខ្លឹមសារ​ដែល​មានការ​ចាប់អារម្មណ៍​ពី​មហាជន​។​បន្ទាប់​ ទៅ​នេះ​យើង​ចាប់ផ្តើម​ថត​ផលិត​ជា​ស៊ី​ឌី​ ហើយ​បន្ទាប់​មក​យើង​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ និង​ចែក​ស៊ី​ឌី​នេះ​ទៅ​កាន់​អ្នក​ដែល​ពាក់ព័ន្ធ​ រួម​ទាំង​ទំនាក់ទំនង​ជាមួយ​កម្មវិធី​វិទ្យុ​ផ្សេងៗ​ ដើម្បី​ចាក់​ផ្សាយ​ផង​ដែរ​។​

​កម្ពុជា​បាន​រួច​ផុត​ពី​ភ្លើងសង្គ្រាម​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ ប្រមាណ​៤០​ឆ្នាំ​មក​ហើយ​ ដែល​នេះ​ជា​សញ្ញាណ​នៃ​សុខ​សន្តិភាព​របស់​ប្រទេស​កម្ពុជា​ ។​ ប៉ុន្តែ​សន្តិភាព​នៅ​តែ​មិន​អាច​មាន​ពេញលេញ​បាន​ឡើយ​  ដរាបណា​វត្តមាន​នៃ​ការ​រឹត​ត្បឹ​ត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ នៅ​តែ​បន្ត​នៅ​ក្នុង​សង្គម​  ការ​រង​នូវ​ភាព​អយុត្តិធម៌​ពី​សង្គម​  និង​អសន្តិសុខ​សង្គម​ជាដើម​ នៅ​តែ​មាន​ នោះ​ដំណើរការ​សន្តិភាព​នៅ​ប្រទេស​កម្ពុជា​ នៅ​តែ​ជា​ចំណោទ​ដែល​មិន​អាច​ដោះស្រាយ​បាន​ដដែល​ ។​ ប៉ុន្តែ​តាម​រយៈ​បទ​ចម្រៀង​សន្តិភាព​ទាំងនេះ​ ក្រុម​តន្ត្រី​សន្តិភាព​ និង​អ្នកចូលរួម​សុទ្ធតែ​មាន​ក្តី​រំពឹង​ថា​ សន្តិភាព​នឹង​កើត​មាន​ឡើង​ពេញលេញ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជា​មិន​ខាន​។​

Share

Image
Image
Image