រដ្ឋធានីបុផល ៖ ម៉ោង១០ព្រឹកជាពេលវេលាដែលក្រុមស្ត្រីមេផ្ទះរស់នៅក្នុងសហគមន៍ ចាហានីពូរ៉ា ជួបជុំគ្នាដើម្បីពិភាក្សាបញ្ហាផ្សេងៗអំពីការងារអភិវឌ្ឍន៍សហគមន៍របស់ពួកគេឱ្យកាន់តែរីកចម្រើនប្រសើរឡើង។ ការជួបជុំគ្នានេះមិនញឹកញាប់នោះទេ អាចមួយទៅពីរសប្តាហ៍ម្តងតែប៉ុណ្ណោះ។
សហគមន៍ ចាហានីពូរ៉ា (Jahangipura) ជាភូមិមួយស្ថិតនៅស្រុកស៊ីហ័រ រដ្ឋបុផល ប្រទេសឥណ្ឌា ដែលមានចំងាយជាង ១ពាន់បីរយគីឡូម៉ែត្រពីទីក្រុងញ៉ូវដេលី។ ចាហានីពូរ៉ា បានក្លាយជាភូមិគ្មានការបន្ទោរបង់ពាសវាលពាសកាលបានទាំងស្រុង (ODF) ក្នុងឆ្នាំ ២០១៤ កើតឡើងដោយការរួបរួមគំនិតគ្នារបស់ស្ត្រីអ្នកភូមិ។
អ្នកស្រី Ahniya ជាស្ត្រីដឹកនាំគ្រួសារមួយក្នុងចំណោម ៣៥០គ្រួសារផ្សេងទៀត បាននិយាយថា ភូមិ ចាហានីពូរ៉ា បានក្លាយជាភូមិ ODF ដោយការចាប់ផ្តើមពីស្ត្រីចូលរួមគ្នាបង្កើតឡើង។ “ពួកយើងជាស្ត្រី នាំគ្នាធ្វើឱ្យភូមិនេះស្អាតមានអនាម័យ ព្រោះបុរសក្រៅពីទៅធ្វើការពេលត្រលប់មកផ្ទះវិញតែងនាំគ្នាផឹកស្រា មិនសូវគិតរឿងផ្ទះសម្បែងឡើយ”។
ស្រ្តីវ័យ៣៣ឆ្នាំរូបនេះ បានរៀបរាប់ពីបទពិសោធន៍ការងារអនាម័យក្នុងថា ភូមិបានអប់រំប្រជាពលរដ្ឋក្នុងភូមិទាំងអស់ឱ្យយល់ដឹងពីបញ្ហាអនាម័យ ព្រមទាំងចេះតាមដានគ្នា ប្រសិនបើសង្ស័យឬឃើញនរណាម្នាក់បន្ទរបង់ក្រៅបង្គន់។
“ឱ្យតែឃើញបន្ទោរបង់កន្លែងណាមួយក្រៅបង្គន់ ក្នុងព្រៃជិតៗភូមិ អ្នកភូមិនឹងនាំគ្នាទូងស្គរឡើង ដើម្បីឱ្យអ្នកនោះខ្មាសអៀនឈប់បន្ទោរបង់ពាសវាលពាសកាលទៀត”។
ដើម្បីឱ្យបរិស្ថានក្នុងភូមិមានអនាម័យល្អ ក្រៅពីជួយផ្តល់ប្រាក់៦០ភាគរយជួយឱ្យប្រជាពលរដ្ឋសង់បង្គន់តាមគ្រួសារនីមួយៗ រដ្ឋាភិបាលឥណ្ឌាបានផ្តល់រថយន្តដឹកសំរាមចំនួនបីគ្រឿង ដោយចំណាយទឹកប្រាក់ចំនួន ២លានរ៉ូប៊ីក្នុងមួយឆ្នាំដើម្បីប្រមូលសំរាមក្នុងភូមិនេះ។
ដោយសារផ្លូវក្នុងភូមិតូចចង្អៀត ភូមិបានបង្កើតក្រុមអ្នកប្រមូលសំរាមក្នុងភូមិដោយប្រើកង់ ប្រមូលតាមផ្ទះ ហើយស្រ្តីនៅតាមផ្ទះនីមួយៗត្រូវបង់ប្រាក់ ១០រ៉ូប៊ីទៅឱ្យអ្នកប្រមូលសំរាម។
អ្នកភូមិបានឱ្យដឹងថា ប្រជាជនក្នុងសហគមន៍ ចាហានីពូរ៉ា ភាគច្រើនជាកសិករ មានជីវភាពប្រសើរច្រើន មិនតែប៉ុណ្ណោះស្ត្រីក្នុងភូមិនេះចេះបច្ចេកទេសគ្រប់គ្រងលាមកសត្វ ចេះផលិតជាជីកំប៉ុស្តិ៍ ហើយកាកសំណល់ខ្លះអាចច្នៃជាសំណងគេហដ្ឋាន និងផ្លូវថ្នល់។