en     km
en     km

កម្ពុជាគ្រោងសាងសង់ចំណតផែកុងតឺន័រថ្មីតម្លៃ ២០៣លានដុល្លារ

Share

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ដែលមានតម្លៃ ២០៣លានដុល្លារ ហើយអាចមានសមត្ថភាពលើកដាក់កុងតឺន័រចំនួនជាង ១,២ លានទូ ដើម្បីឆ្លើយតបនឹងតម្រូវការសេវាកម្មរបស់អតិថជន។ នេះបើយោងតាមរបាយការណ៍ហរិញ្ញវត្ថុប្រចាំឆ្នាំ២០១៧ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចេញផ្សាយកាលពីចុងខែ មីនា ឆ្នាំ ២០១៨នេះ។

                                                                                              ​រូបកំពង់ផែក្រុងព្រះសីហនុ។

របាយការណ៍របស់កំពង់ផែក្រុងព្រះសីហនុឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនេះ មានប្រវែង ៣៥០ម៉ែត្រ និងមានជម្រៅទឹក ១៤,៥ម៉ែត្រ បំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រធុនធ្ងន់មួយចំនួន។

គោលបំណងនៃគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីនេះឡើង គឺបំណងដើម្បីលុបបំបាត់ឧបសគ្គនៃការចូលចតរបស់នាវាកុងតឺន័រខ្នាតធំ និងចូលរួមចំណែកដល់ការជួយសម្រួលផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

យោងតាមរបាយការណ៍ដដែល គម្រោងនេះទទួលបានហិរញ្ញប្បទានសម្បទានពីទីភ្នាក់ងារ JICA ក្នុងទំហំទឹកប្រាក់ជាង ២៤ពាន់លានយេន ប្រហែលប្រមាណ២០៣លានដុល្លារសហរដ្ឋអាមេរិក។ ចំណតផែថ្មីនេះ ស្ថិតក្នុងបរិវេនកំពង់ផែក្រុងព្រះសីហនុ ភាគខាងកើតនៃចំណតផែកុងតឺន័រដែលមានស្រាប់ មានស្ពានភ្ជាប់ពីដីគោកទៅកាន់ទីលានផែកុងតឺន័រ ហើយមានផ្ទៃដីសរុបទំហំ ១៧,៥ហិកតា។

សូមជំរាបជូនថា ស្ថានភាពចរាចរណ៍កុងតឺន័រសម្រាប់ឆ្នាំ២០១៧ មានភាពល្អប្រសើរជាងឆ្នាំ២០១៦ ពោលគឺមានការកើនឡើងប្រមាណ ១៤,៩១% ។ សម្រាប់ឆ្នាំ២០១៧ បរិមាណកុងតឺន័រនាំចូលឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានកំណើន ៣,៥ពាន់ទូ ស្មើនឹង១៧,៦៩% បើធៀបនឹងឆ្នាំ២០១៦។ ចំណែកបរិមាណកុងតឺន័រនាំចេញមានកំណើន ២,៤ពាន់ទូស្មើនឹង ១២,១៧%៕

Share

Image
Image
Image