ភ្នំពេញ ៖ សកម្មភាពហិង្សាក្នុងគ្រួសារ នៅតែបន្ដកើតមាន ហើយរូបភាពកាន់តែសាហាវព្រៃផ្សៃ។ កាលពីចុងខែមីនា កន្លងទៅនេះ ឃាតកម្មដ៏តក់ស្លុតមួយបានកើតឡើងទៅលើស្ដ្រី ម្នាក់ និងកូនប្រុសពីរនាក់ ទាំងកណ្ដាលអាធ្រាត្រយ៉ាងស្ងៀមស្ងាត់។ ទាក់ទិនបញ្ហានេះ ព្រះភិក្ខុ វ៉ង់ សុភស្ដ មានសង្ឃដីកាថា ហេតុដែលនាំឲ្យបុគ្គលប្រព្រឹត្ដដូច្នេះ ព្រោះតែបុគ្គលរូបនោះ មិនបានយកព្រះធម៌មកអប់រំចិត្ដ និងមួយវិញទៀតការកម្រិតទោសទណ្ឌលើជនល្មើស ត្រូវតែអនុវត្ដន៍ឲ្យបានតឹងរ៉ឹង ដើម្បីលុបបំបាត់អំពើហិង្សា។
លោក លៀ ស៊ីណា រាយការណ៍ ៖
ជាទូទៅ អំពើហិង្សា មិនមែនកើតមានតែប្រទេសកម្ពុជានោះទេ ពោលគឺមាននៅស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក គឺគ្រាន់តែរូបភាព នៃអំពើហិង្សាទាំងអស់នោះ សុទ្ធតែមានលក្ខណៈផ្សេងគ្នាទាំងអស់។ កាលពីយប់ថ្ងៃទី៣១ ខែមីនា ឈានចូលថ្ងៃទី០១ ខែមេសា អំពើហិង្សាដ៏ព្រៃផ្សៃមួយបានកើតឡើងទៅលើម្ដាយ និងកូនប្រុស វ័យជំទង់ចំនួន ០២នាក់ ស្ថិតក្នុងខេត្ដត្បូងឃ្មុំ។ ម្ដាយឈ្មោះ ឃាន សុខលាន អាយុជាង ៤០ឆ្នាំ ហើយកូនប្រុសទីមួយអាយុ ១៧ឆ្នាំ និងកូនប្រុសទី២ អាយុ ១១ឆ្នាំ ត្រូវបានសម្លាប់ ដោយកាប់ចំកញ្ចឹងក ខណៈអ្នកទាំងបី កំពុងសម្រាកពេលយប់។ ពួកគេទាំងបីនាក់ រស់នៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។ បុរសជាឃាតករឈ្មោះ ជ្រាំង ភូ ត្រូវជាប្ដីក្រោយរបស់ស្ដ្រីរងគ្រោះ ស្រុកកណើតនៅខេត្ដស្វាយរៀង។ តាមសាច់ញាតិរបស់ស្ដ្រីរងគ្រោះ បានប្រាប់វិទ្យុស្ដ្រីថា ជនសង្ស័យជាប្ដីក្រោយនោះ មានទំនាស់ជាមួយប្រពន្ធព្រោះរឿងកេរ្ដិ៍មរតក ប្ដីមុនរបស់អ្នកស្រី។
ហេតុការណ៍នេះ បាននាំឲ្យប្រជាពលរដ្ឋខ្មែរ ជាច្រើនម៉ឺននាក់សម្ដែងក្ដីសោកស្ដាយជាពន់ពេក ព្រោះជាអំពើហិង្សាដ៏សាហាវព្រៃផ្សៃ ។ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា អំពើឃាតកម្មដែលគិតទុកជាមុនជនល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ទាក់ទិនករណីនេះ ព្រះភិក្ខុ វ៉ង់ សុភស្ដ សាស្ដ្រាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ មានសង្ឃដីកា ថា អំពើដ៏សែនតក់ស្លុតបែបនេះ គឺបណ្ដាលមកពីជនប្រព្រឹត្ដមិនបានយកពុទ្ធឱវាទ របស់ព្រះសម្មាសម្ពុទ្ធ មកអប់រំចិត្ដ ហើយបណ្ដោយឲ្យភាពលោភលន់ និងការខឹងក្រោធ មកគ្របដណ្ដប់យ៉ាងជ្រាលជ្រៅពេកនៅក្នុងសណ្ដានចិត្ដ។ ព្រះអង្គ វ៉ង់ សុភស្ដ មានសង្ឃដីកាបន្ដថា ប្រជាពលរដ្ឋខ្មែរមួយភាគធំបានយល់ជ្រួតជ្រាបពីអត្ថន័យរបស់ព្រះធម៌ ក៏ប៉ុន្ដែក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀត ហាក់មិនបានចាប់អារម្មណ៍ពីការអប់រំទូន្មាន របស់ពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធឡើយ។ ពលរដ្ឋខ្លះ បែរជាយល់ថា ព្រះធម៌គឺសម្រាប់តែមនុស្សចាស់ មនុស្សដែលចូលនិវត្ដន៍ ឬក៏មនុស្សដែលពិការភាពទៅវិញ។
ព្រះភិក្ខុ វ៉ង់ សុភស្ដ ៖«នៅក្នុងពុទ្ធឱវាទ របស់ព្រះពុទ្ធ បានជ្រួតជ្រាបក្នុងសង្គមខ្មែរយើងច្រើនហើយ គ្រាន់ថា ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនលោកដូចជាមិនសូវចាប់អារម្មណ៍ អើពើនឹងទ្រឹស្ដីពុទ្ធសាសនា។ លោកគ្រាន់តែដាក់ឈ្មោះថា កាន់ព្រះពុទ្ធសាសនាក្នុងអត្ដសញ្ញាណបណ្ណអញ្ចឹងទៅ ប៉ុន្ដែគាត់មិនសូវាចាប់អារម្មណ៍មិនសូវយកចិត្ដទុកដាក់ ដោយគាត់គិតថា ពុទ្ធសាសនាហ្នឹងសម្រាប់តែចាស់ៗ អ្នកដែលចូលនិវត្ដន៍ ឈប់ធ្វើការងារហើយ អាហ្នឹងបានគេត្រូវការ ទៅវត្ដស្ដាប់ធម៌ បដិបត្ដិធម៌អញ្ចឹងទៅ។ ដោយឡែកសម្រាប់គាត់នៅក្មេង នៅយុវវ័យគាត់ត្រូវការសប្បាយអញ្ចឹងគាត់ មិនត្រូវការស្ដាប់ធម៌ បដិបត្ដិធម៌អីទេ។ តាមពិតទៅធម៌របស់ព្រះពុទ្ធ មិនមែនសម្រាប់តែមនុស្សចាស់ទេ គឺម្រាប់មនុស្សគ្រប់វ័យទាំងអស់»។
ព្រះភិក្ខុ វ៉ង់ សុភស្ដ បន្ថែមទៀតថា ព្រះធម៌បានត្រឹមតែណែនាំឲ្យមនុស្សធ្វើតែសេចក្ដីល្អ បំបាត់ចិត្ដច្រណែន ចិត្ដលោភលន់ និងចង់គំនុំតែប៉ុណ្ណោះ តែព្រះធម៌មិនអាចទៅចាប់បង្ខំឲ្យនណាម្នាក់ប្រព្រឹត្ដ ឬបដិបត្ដិតាមនោះទេ។ កិច្ចការមួយចំនួន ដូចជាការអនុវត្ដច្បាប់ចំពោះជនល្មើសដែលប្រព្រឹត្ដខុសច្បាប់ គឺជាសមត្ថកិច្ចរបស់អាជ្ញាធរដែនដី ក្នុងការបង្ក្រាប។ ព្រះអង្គសង្កត់ធ្ងន់ថា ការពង្រឹងប្រព័ន្ធច្បាប់ ការអនុវត្ដច្បាប់កាន់តែតឹងរ៉ឹង ចំពោះករណីអំពើហិង្សា គឺជាផ្នែកមួយធ្វើឲ្យមនុស្ស មិនហ៊ានធ្វើអ្វីខុសនឹងច្បាប់។
ព្រះភិក្ខុ វ៉ង់ សុភស្ដ ៖«ប្រទេសយើង យើងចាត់ទុកព្រះពុទ្ធសាសនារបស់សាសនារបស់រដ្ឋ ហើយមានចែងនៅក្នុងរដ្ឋធម្មនុញ្ញអញ្ចឹងអាជ្ញាធរហ្នឹងទាល់តែចូលរួមអនុវត្ដន៍ជាប់ទាក់ទងនឹងទ្រឹស្ដីព្រះពុទ្ធសាសនាផង ហើយយើងអនុវត្ដន៍ច្បាប់។ មនុស្សកាលណាយើងនិយាយតែពាក្យសម្ដី និយាយចោលៗទៅ គេស្ដាប់អត់បាន ដូចថាខ្លះទៅគេយកចិត្ដទុកដាក់ស្ដាប់ ខ្លះទៅមិនយកចិត្ដទុកដាក់ស្ដាប់ទៅ។ អញ្ចឹងយើងត្រូវការ ការអនុវត្ដន៍ច្បាប់បន្ថែមទៀត រឹតបន្ដឹងច្បាប់ឲ្យវាតឹងតែងបន្ថែមទៀតទៅ ទាក់ទងនឹងអំពើហិង្សា ការរំលោភបំពានច្បាប់អីហ្នឹង។ ហ្នឹងទាល់តែយើងអនុវត្ដន៍ច្បាប់ឲ្យមានប្រព័ន្ធយុត្ដិធម៌មួយឯករាជ្យ ទុកចិត្ដបានពីប្រជាពលរដ្ឋ ហ្នឹងជាការចូលរួមកាត់បន្ថយអំពើហិង្សា»។
កាលណាមនុស្ស កង្វះការអប់រំចិត្ដ តាំងពីក្មេងមក បុគ្គលនោះ នឹងមានសេចក្ដីក្រេវក្រោធ សេចក្ដីលោភលន់ សេចក្ដីមានះ ខ្លាំងខុសពីអ្នកដែលមានធម៌អប់រំចិត្ដ។ ជាក់ស្ដែងបុរសម្នាក់សម្លាប់ប្រពន្ធ ព្រោះជម្លោះទ្រព្យសម្បត្ដិ នៅខេត្ដត្បូងឃ្មុំជាដើម។
ករណីហិង្សា ឈានដល់ការសម្លាប់ដ៏សាហាវនេះ ព្រះអង្គ វ៉ង់ សុភស្ដ មានសង្ឃដីកាបន្ថែមថា អាចមកពីកង្វះការអប់រំចិត្ដជាផ្នែកមួយ ហើយការសេពគ្រឿងញៀន ការមានវិបត្ដិផ្លូវចិត្ដ ក៏ជាចំណែករួមផ្សំ នាំឲ្យមនុស្សហ៊ានប្រព្រឹត្ដអំពើសាហាវ យង់ឃ្នងដែលនឹកស្មានមិនដល់ផងដែរ។ ដើម្បីធ្វើឲ្យចិត្ដស្ងប់ រំងាប់នូវសេចក្ដីខឹងក្រោធ ផ្សេងៗ ព្រះអង្គ ស្នើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ងាកមកស្ដាប់ឱវាទព្រះសម្មាសម្ពុទ្ធ ដើម្បីជាប្រយោជន៍កាត់បន្ថយភាពឆេវឆាវ។ លើសពីនេះ ព្រះអង្គសុំឲ្យប្រជាពលរដ្ឋបញ្ឈប់ការសេពគ្រឿងញៀន ឬក៏កាត់បន្ថយមកនៅតិចបំផុត ព្រោះគ្រឿងញៀន ដែលមានសុរាជាអាទិ៍ គឺជាដើមចមនាំឲ្យកើតអំពើហិង្សា។
ព្រះភិក្ខុ វ៉ង់ សុភស្ដ ៖«អាត្មាជាព្រះសង្ឃអញ្ចឹងមិនដឹងជា ទៅធ្វើម៉េចទេ ព្រោះយើងវាអត់មានសមត្ថកិច្ចអីដើម្បីត្រូវទៅបង្ក្រាបរឿងអស់ហ្នឹងទេ មានតែការរំឮកដាស់តឿនស្មារតីប្រជាពលរដ្ឋឲ្យគាត់ងាកមកចាប់អារម្មណ៍ធម៌ព្រះសម្មាសម្ពុទ្ធយកចិត្ដទុកដាក់ នៅក្នុងព្រហ្មវិហារធម៌ ហើយយើងកាត់បន្ថយ កុំពិសារគ្រឿងស្រវឹង បើយើងមិនអាចតមបាន មិនអាចជៀសបានយើងកាត់បន្ថយ យើងកុំពិសាគ្រឿងស្រវឹងហ្នឹងច្រើនពេក។ អាគ្រឿងស្រវឹងហ្នឹងវាអាចនាំឲ្យយើងកើតអំពើហិង្សាដែរ»។
នៅក្នុងសង្គមមួយ គឺគ្មានភាពស្ងប់សុខនោះទេ ប្រសិនបើមនុស្សខ្វះព្រហ្មវិហារធម៌ទាំង ០៤ ដែលមានដូចជា មេត្ដា ករុណា មុទិតា និងឧបេក្ខា។ ព្រហ្មវិហារធម៌ទាំង ០៤នេះ ប្រែមកថា គឺជាសេចក្ដីស្រឡាញ់ ប្រាថ្នាចង់ឲ្យមនុស្សគ្រប់រូបទទួលបាននូវសេចក្ដីសុខ មានចិត្ដអាណិតអាសូរចំពោះមនុស្សទាំងឡាយណា ដែលមានទុក្ខ និងប្រាថ្នាចង់ឲ្យអ្នកទាំងនោះបានរួចចាកផុតពីសេចក្ដីវេទនា ហើយរីករាយត្រេកអរ នៅពេលឃើញអ្នកដទៃមានសេចក្ដីសុខ មានសេចក្ដីចម្រើន និងតាំងចិត្ដជាកណ្ដាល វិនិច្ឆយកិច្ចប្រកបដោយភាពស្មោះត្រង់៕