ភ្នំពេញ៖មន្ត្រីយោធាម្នាក់បានស្លាប់សង្ស័យពុលត្រីក្រពតនិងអ្នកភូមិពីរនាក់ទៀតគេចផុតពីសេចក្តីស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យនិងជួយសង្គ្រោះទាន់ពេលវេលា។ ទាក់ទិនករណីនេះក្រសួងសុខាភិបាលណែនាំឲ្យមានការសង្គ្រោះបឋមចំពោះអ្នកពុលត្រីក្រពតគឺធ្វើយ៉ាងឲ្យអ្នកពុលក្អូត ដើម្បីឲ្យចេញសារធាតុពុលមកក្រៅ និងប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ។
មន្ត្រីយោធាវរៈការពារអាកាសម្នាក់បានពុលត្រីក្រពតហើយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ស្ថិតក្នុងស្រុកពួកដោយស្ថានភាពធ្ងន់ធ្ងរពេកក្រុមគ្រួសារក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបហើយគាត់ក៏បានស្លាប់នៅពាក់កណ្តាលផ្លូវ កាលពីសប្តាហ៍មុន។
លោក ទិត្យ ណារ៉ុង នគរបាលខេត្តសៀម ឲ្យដឹងថា លោក អនុសេនីយ៍ឯក សៅ គឹមលី វ័យ ៤៤ ឆ្នាំ បានស្លាប់នៅយប់ថ្ងៃចន្ទ ក្រោយពីបរិភោគត្រីក្រពតជាមួយអ្នកភូមិដែលនេសាទបានមកពីបឹងបារាយ។លោក ណារ៉ុង បញ្ជាក់ថាប្រជាពលរដ្ឋពីរនាក់ទៀត មានអការៈពុលត្រីក្រពតមានស្ថានភាពធូរស្រាលវិញហើយរហូតមកដល់ថ្ងៃនេះ។
លោក ទិត្យ ណារ៉ុង៖«ស្លាប់មួយពុលសង្គ្រោះបានពីរនាក់។ គ្នាគាត់បីនាក់ ប្រហែលជាមិនអ្វីទេ ពីរនាក់ទៀតប្រហែលជាអត់ស្លាប់ទេ ជួយសង្គ្រោះទាន់។អាត្រីក្រពត់ប្រជាពលរដ្ឋបានយល់បានខ្លះហើយ ព្រោះត្រីក្រពតវាច្រើនប្រភេទ វាប្រភេទណានោះវាពុលគាត់អត់ដឹកពេលប្រលាត់ទៅសាច់វាដូចគ្នា បើវានៅស្បែកវាមានក្រឡាខុសគ្នា។»
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ នាយកនៃនាយកដ្ឋានសុខាភិបាលបានប្រាប់វិទ្យុស្ត្រីថាប្រជាពលរដ្ឋពុលត្រីក្រពតបានចេញពីមន្ទីរពេទ្យហើយកាលពីថ្ងៃម្សិលមិញក្រោយពីស្ថានភាពធូរស្រាល។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់៖«ពីរនាក់ធូរស្រាលហើយគាត់មិនធ្ងន់ធ្ងរទេ។ពួកគាត់ចេញពីមន្ទីរពេទ្យកាលពីថ្ងៃអង្គារ៍។»
កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ បរុសម្នាក់មានវ័យ ៣៦ ឆ្នាំ រស់នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតសមុទ្រទម្ងន់ប្រាំមួយគីឡូក្រាមជាមួយអ្នកនេសាទ៩នាក់ផ្សេងទៀត។
នៅដើមខែមករាឆ្នាំនេះ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នកុំហូបត្រីក្រពតព្រោះត្រីក្រពតខ្លះមានសារធាតុពុលដែលបង្កឲ្យមនុស្សស្លាប់។
ក្រសួងសុខាភិបាលពន្យល់ថា អាការៈពុលត្រីក្រពតមានរយៈពេល ២០ នាទី ទៅ ២ ម៉ោងហើយមានរោគសញ្ញារមាស់ នៅបបូរមាត់ ឈឺក្បាល វិលមុខ រមាស់ចុងម្រាមដៃម្រាមជើង ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ស្ពឹកចុងដៃចុងជើង រឹងថ្គាម ឬអាចបណ្តាលឱ្យស្លាប់តែម្តង។
ចំពោះការសង្គ្រោះបឋមក្នុងករណីពុលត្រីក្រពតនេះ ក្រសួងណែនាំឱ្យប្រើគ្រប់វិធីសាស្ត្រគឺធ្វើយ៉ាងណាឱ្យអ្នករងគ្រោះក្អួត បញ្ចេញជាតិពុលមកក្រៅ នឹងត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់៕