មន្ត្រីឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារថា ឥណ្ឌាបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅណេប៉ាល់ឲ្យត្រឡប់មកប្រទេសវិញ ដើម្បីចូលរួមកិច្ចប្រជុំបន្ទាន់ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះភ្លាមៗ ក្រោយពីណេប៉ាល់បានអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយ បង្កឱ្យមានអំពើហិង្សានៅតាមព្រំដែនជាច្រើនសប្តាហ៍ ហើយបានបណ្ដាលឲ្យមានមនុស្សស្លាប់ជាង៤០នាក់។
យោងតាមការផ្សាយរបស់ Channel News Asia នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថា ធម្មនុញ្ញថ្មីរបស់ប្រទេសណេប៉ាល់បានចូលជាធរមាន កាលពីថ្ងៃអាទិត្យទី២០ ខែកញ្ញា ឆ្នាំ២០១៥ ទោះបីជាមានការតវ៉ាយ៉ាងខ្លាំងពីក្រុមជនជាតិភាគតិច នៅតាមតំបន់ទំនាបភាគខាងត្បូង ដែលខេត្តរបស់ពួកគេត្រូវបានបំបែកក៏ដោយ។
មន្ត្រីក្រសួងការបរទេសឥណ្ឌានៅក្នុងក្រុង New Delhi និងទីក្រុងកាត់ម៉ាន់ឌូបានឱ្យដឹងថាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសណេប៉ាល់ លោក Ranjit Rae បានទៅដល់ទីក្រុង New Delhi កាលពីថ្ងៃចន្ទ ដើម្បីការពិគ្រោះយោបល់រយៈពេលជាច្រើនថ្ងៃ។
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសប្រទេសឥណ្ឌា បានរិះគន់ណេប៉ាល់ជុំវិញអំពើហិង្សានៅតំបន់ភាគខាងត្បូង ទីដែលប៉ូលិសបានបាញ់ក្រុមបាតុករយ៉ាងហោចណាស់បីនាក់ កាលពីថ្ងៃចន្ទកន្លងទៅ។
ឥណ្ឌាបានបើកចំហរព្រំដែនជាមួយនឹងណេប៉ាល់ ដែលជាប្រទេសមិនជាប់សមុទ្រ ហើយប្រទេសទាំងពីរនេះ មានចំណងទាក់ទងរឹងមាំជាមួយគ្នាផ្នែក សេដ្ឋកិច្ច វប្បធម៌ និងជនជាតិភាគតិច។ ប៉ុន្តែជាញឹកញាប់ប្រទេសណេប៉ាល់បានប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ដោយអ្នកជិតខាងភាគខាងត្បូងដ៏ធំមួយនេះ។
រដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសណេប៉ាល់បានបញ្ចូលរដ្ឋទាំងប្រាំពីរ ឲ្យនៅក្រោមរដ្ឋាភិបាលសហព័ន្ធមួយ ប៉ុន្តែមានក្រុមជាច្រើនប្រឆាំងនឹងរដ្ឋធម្មនុញ្ញនេះ ក្នុងនោះមានដូចជា ក្រុមដែលចង់បង្កើតប្រទេសណេប៉ាល់ជារដ្ឋហិណ្ឌូឡើងវិញ និងក្រុមដែលគិតថា មិនអំណោយផលដល់ប្រជាជននៅតាមវាលទំនាប។
ទោះយ៉ាងណា ប្រទេសចិនបានស្វាគមន៍រដ្ឋធម្មនុញ្ញថ្មីរបស់ណេប៉ាល់៕
ប្រែសម្រួលដោយ៖មឿន ឌីណា