ក្រុងភ្នំពេញ៖ អាជ្ញាធរមីនបានបង្ហាញថា កម្ពុជានៅបន្តត្រូវការថវិកាប្រមាណជាង ៤០៦លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតមីនដែលតម្រូវការពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៨ ចំពេលទិវាអន្តរជាតិយល់ដឹងអំពីមីន។ ក្នុងវេទិកានេះ តំណាងកម្ពុជាបានថ្លែងថាកម្ពុជាត្រូវការថវិការាប់រយលានដើម្បីធ្វើការសំអាតមីនឲ្យអស់ព្រោះថា កម្ពុជានៅមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ១៩៧០គីឡូម៉ែត្រក្រឡា។
អាជ្ញាធរមីនបានបញ្ជាក់ថា គិតមកដល់ឆ្នាំ ២០១៨ សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានរយៈពេលជាង ២៦ ឆ្នាំហើយ។ ប៉ុន្តែចាប់តាំងពីកម្ពុជាទទួលបានសន្តិភាពពេញលេញ រាប់ពីឆ្នាំ ១៩៩២ ដល់ ឆ្នាំ២០១៧ ប្រតិបត្តិករសកម្មភាពមីនទាំងអស់ដោយ រួមសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង-ស្ថាប័ន រួមទាំងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីនបានប្រឹងរួមគ្នាសម្រេចដោះមីនបានជាង ១៦៨០ គីឡួម៉ែត្រក្រឡា។
របាយការណ៍របស់អាជ្ញាធរមីនបានអោយដឹងថា គេបានកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១ លាន ៤ម៉ឺន ៧ពាន់ ៤៤៧ គ្រាប់មីនប្រឆាំងរថក្រោះ ២ម៉ឺន ៤ពាន់ ៦១៨ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ២ លាន ៧សែន ១ម៉ឺន ៣ពាន់ ៦០៦ គ្រាប់ ព្រមទាំងធ្វើឲ្យជនរងគ្រោះធា្លកចុះពី ៤ពាន់៣២០នាក់ ក្នុងឆ្នាំ ១៩៩៦ មកត្រឹម ៥៥៨ នាក់ ក្នុងឆ្នាំ ២០១៨។
កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យសកម្មភាពដោះមីនជាគោលដៅអភិវឌ្ឍន៍សហវត្សកម្ពុជាទី ៩ និងគោលដៅ ទី១៨ ដែលជាគោលដៅប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងបានដាក់បញ្ជូលធាតុមួយដ៏សំខាន់នៅក្នុងយុទ្ធសាស្រ្តចតុកោណ ចាប់តាំងពីដំណាក់កាលទី ១ មកដំណាក់កាលទី ៣នេះ៕