en     km
en     km

ចំណតផែពហុបំណងក្រុងព្រះសីហនុនឹងដាក់ដំណើរការនៅពាក់កណ្តាលឆ្នាំ ២០១៨

Share

ក្រុងព្រះសីហនុ៖ គិតត្រឹមបំណាច់ឆ្នាំ ២០១៧ ការសាងសង់ចំណតផែពហុបំណងសម្រេចបាន ៩៤% នៃផែនការគ្រោងទុក ហើយផែនេះនឹងត្រូវដាក់ឱ្យប្រតិបត្តិការនៅពាក់កណ្តាលឆ្នាំ២០១៨នេះ។ ចំណតផែដែលមានបណ្តោយ ៣៣០ម៉ែត្រ និងជម្រៅទឹក ១៣,៥ម៉ែត្រនេះនឹងជំរុញដល់ចង្វាក់នៃការដឹកជញ្ជូននាំចេញនាំចូល ទំនិញទៅកាន់ទីផ្សារអន្តរជាតិបានកាន់តែប្រសើរ។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៧ របស់កំពង់ផែនស្វយ័តក្រុងព្រះសីហនុ ចុះផ្សាយកាលពីចុងខែមីនាឆ្នាំ២០១៨នេះ។

 

                                                                                      រូបកំពង់ផែក្រុងព្រះសីហនុ។

 

ជាមួយកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% នាប៉ុន្មានឆ្នាំចុងក្រោយជាប់ៗគ្នា​នេះ កម្ពុជាត្រូវបានគេមើលឃើញថា មានការរីកលូតលាស់ស្ទើរគ្រប់វិស័យ។ ដោយមើលឃើញពីភាពរីកចំរើននេះ ​និងដើម្បីឆ្លើយតបនឹងការកើនឡើងនៃបរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) រាជរដ្ឋាភិបាលបានសម្រេចសាងសង់ចំណតផែពហុបំណង ដើម្បីបង្កើនសមត្ថភាពកំពង់ផែក្រុងព្រះសីហនុដែលមានស្រាប់។

«ចំណតផែពហុបំណង» មានទីតាំងស្ថិតក្នុងបរិវេនកំពង់ផែស្វ័យក្រុងព្រះសីហនុ។ ការផ្តួចផ្តើមបង្កើតឱ្យមានចំណតផែពហុបំណងនេះឡើង គឺដើម្បីបង្កើនសមត្ថភាពកំពង់ផែនក្រុងព្រះសីហនុដែលមានស្រាប់អាចមានសក្តានុពលឆ្លើយតបនឹងតម្រូវការផ្នែកសេវាកម្មរបស់អតថិជន។

ជាងនេះទៀតចំណតផែនេះ នឹងបំរើដល់ប្រតិបត្តិការលើកដាក់ទំនិញរាយ និងទំនិញទូទៅ ពិសេសដើម្បីជំរុញលើកទឹកចិត្តដល់ការនាំចេញផលិតផលកសិកម្មកម្ពុជា ចំណាំងឈើ ចំណិតដំឡូងមីក្រៀម បម្រើសេវាភស្តុងភារកម្មសម្រាប់ការរុករកប្រេងក្នុងផែនសមុទ្រកម្ពុជា ជាពិសេសឆ្លើយតបនឹងយុទ្ធសាស្រ្តនាំអង្ករចេញរបស់រដ្ឋាភិបាល។ ក្រៅពីនេះចំណតផែពហុបំណងក៏មានគោលដៅលើការនាំធ្យូងថ្មដែលប្រើប្រាស់ក្នុងការផលិតថាមពលអគ្គិសនី និងស៊ីម៉ងត៍ផងដែរ។

«ចំណតផែពហុបំណង»នេះមានប្រវែង ៣៣០ម៉ែត្រ​និងជម្រៅទឹក ១៣,៥ម៉ែត្រ។ ចំណតផែនេះមានទីលានស្តុកទំនាញរាយទំហំ ២៨០០០ម៉ែត្រការ៉េ ទីលានស្តុកធ្យូងថ្មទំហំ ១៣០០០ម៉ែត្រការ៉េ ទីលានស្តុកទំនិញទូទៅ ១៤០០០ម៉ែត្រការ៉េ។ ចំណតផែនេះ ទទួលបានកម្ចីពីអង្គការ JICA តាមរយៈប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រាក់កម្ចីដែលអង្គការJICA ផ្តល់ឱ្យមានចំនួន ១៧៦លានយេន ស្មើប្រមាណ ៧៤ លានដុល្លារអាមេរិក ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុជាទីភ្នាក់ងារអនុវត្តគម្រោង ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាម្ចាស់គម្រោង។

តាមរបាយការណ៍គម្រោងសាងសង់ចំណតផែពហុបំណងនេះ ចែកចេញជា ៥ ដំណាក់កាល គឺដំណាក់ការរៀបចំហិរញ្ញវត្ថុ ការជ្រើសរើសទីប្រឹក្សាគម្រោង ការរៀបចំគំនូសប្លង់វិស្វកម្មលំអិត និងការរើសក្រុមហ៊ុនផ្គត់ផ្គង់នាវាសណ្តោង និងក្រុមហ៊ុនម៉ៅការសាងសង់ ព្រមជាមួយនិងដំណាក់កាលត្រួតពិនិត្យ​ ថែទាំជាដើម។

គិតត្រឹមដំណាច់ឆ្នាំ២០១៧ នេះ ការសាងសង់ចំណតផែពហុបំណងសម្រេចបាន ៩៤% នៃផែនការគ្រោងទុក ហើយគម្រោងនេះនឹងដាក់ដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៨នេះ។

                                                                                                រូបចំណតផែពហុបំណង

 

លោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានប្រសាសន៍ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៧ ដោយលើកឡើងពីគុណសម្បត្តិរបស់កំពង់ផែក្រុងព្រះសីហនុ និងចំណចផែពហុបំណងថា កំពង់ផែ និងចំណតផែនេះ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ពីកំពង់ផែក្រុងព្រះសីហនុ ទៅកំពង់ផែក្នុងសមុទ្រអាស៊ីប៉ាស៊ីហ្វិច គឺពុំចាំបាច់ឆ្លងកាត់ចំណតផែមេក្នុងតំបន់ឡើយ ពោលគឺការដឹកជញ្ជូនអាចធ្វើឡើងដោយផ្ទាល់តែម្តង។ ជាងនេះទៀតកំពង់ផែក្រុងព្រះសីហនុ ក៏មានភាពអំណោយផលសម្រាប់ការដឹកជញ្ជូនទៅកាន់កំពង់ផែ ហុងកុង និងសិង្ហបុរី ដែលជាច្រកទ្វារឆ្ពោះទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។

អ្វីជាការកត់សម្គាល់ពិសេសនោះ លោក លូ គឹមឈន់ មានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុ និងចំណតផែពហុបំណងនេះ មានភូមិសាស្ត្រស្ថិតក្នុងទីតាំងអំណោយទាន ដោយមិនងាយជួបរងគ្រោះថ្នាក់កើតចេញពីគ្រោះធម្មជាតិដូចជា ព្យុះធំៗ គ្រោះរញ្ជួយដី ជាដើម។ រីឯចំណតឆ្នេរមិនតម្រូវឱ្យមានការបូមស្តារខ្សាច់ ឬកករច្រើនឡើយ ប្រការនេះធ្វើឱ្យកំពង់ផែស្វយ័តមិនចាំបាច់ចំណាយថវិកាលើការបូមស្តារផ្លូវនាវាឡើយ។

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០១៧ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា ក្នុងឆ្នំា ២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួនជាង ២២៧ ពាន់លានរៀល ស្មើប្រមាណជាង ៥៦លានដុល្លារកើនជាងឆ្នំា ២០១៦ ចំនួនជាង ១៨ ពាន់លានរៀល ស្មើនឹង ៨.៨១%។ ចំណែកប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៥ពាន់លានរៀល ដែលប្រាក់ចំណេញនេះបានថយចុះចំនួនជាងមួយរយលានរៀល ស្មើនឹង ៥.៩២% បើធៀបនឹងឆ្នំា ២០១៦ ។

ចំណែកទ្រព្យសកម្មសរុបរបស់កំពង់ផែស្វ័យតក្រុងព្រះសីហនុមានចំនួន ១.២៨០ពាន់លានរៀល ស្មើប្រមាណ៣២០លានដុល្លារកើនចំនួន ១៩៧ពាន់លានរៀល ស្មើនឹង ១៨.២៤% និងមូលធនសរុបមានចំនួន ៦៤៦ពាន់លានរៀល កើនចំនួន ១១១ពាន់លានរៀល ស្មើនឹង ២០.៩៥% ។

ក្រៅពីគម្រោងសាងសង់ចំណចផែពហុបំណងនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏មានគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រថ្មី ប្រវែង៣៥០ម៉ែត្រ​និងជម្រៅទឹក ១៤,៥ម៉ែត្រ ដោយបំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រធុនធ្ងន់មួយចំនួន។ គម្រោងនេះ ទទួលបានហិរញ្ញប្បទានសម្បទានពីទីភ្នាក់ងារ JICA ដែលគ្រោងនឹងចាប់ផ្តើមការងារសាងសង់នៅឆ្នាំ២០២០ ហើយបញ្ចប់ការសាងសងនៅឆ្នាំ២០២៣៕

 

Share

Image
Image
Image