en     km
en     km

UNDP ចុះអនុស្សារណៈជាមួយវិស័យឯកជនអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា

Share

ភ្នំពេញ៖ មន្រ្តីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយតំណាងក្រុមហ៊ុនវិស័យឯកជន ដើម្បីអភិវឌ្ឍន៍និរន្តរភាពវិស័យដំឡូងមីកម្ពុជា។ ពិធីនេះធ្វើឡើងកាលពីថ្ងៃទី០២ ខែមេសា នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោក Nick Beresford នាយកប្រចាំប្រទេសកម្ពុជានៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)  និងលោក Tse Michael Nam នាយកប្រតិបតិ្តក្រុមហ៊ុនតំណាងក្រុមហ៊ុន Green Leader Holdings Group Limited ។

អនុស្សារណៈយោគយល់នេះ គឺជាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអង្គការ UNDP និងវិស័យឯកជន ដើម្បីធានាបាននិរន្តរភាពនៃការអភិវឌ្ឍនៅក្នុងឆ្នាំ២០៣០។ អនុស្សារណៈនេះផ្តោតលើចំណុចសំខាន់ចំនួនបី៖

ទី១. បង្កើនផលិតភាពរបស់កសិករដំឡូងមីខ្នាតតូច តាមរយៈការផ្ទេរសមត្ថភាព និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីឲ្យមានប្រព័ន្ធផលិតកម្មជានិរន្តរភាព។

ទី២. ធ្វើឲ្យគុណភាពកាន់តែល្អប្រសើរ និងបង្កើនទំនុកចិត្តលើការផ្គត់ផ្គង់ តាមរយៈការពង្រឹងសមាគមកសិករដំឡូងមី និងសមត្ថភាពលើកិច្ចសហប្រតិបត្តិការ ដោយការជំរុញឲ្យមានគំរូកសិកម្មកិច្ចសន្យា។

ទី៣. ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍលើអេតាណុល (bio-ethanol) និងទស្សនៈដើម្បីជំរុញគោលនយោបាយជាតិឥន្ធនៈ (bio-fuel)។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់ រវាង UNDP និងរោងចក្រ Green Leaderនេះ នឹងរួមចំណែកជួយលើកកម្ពស់វិស័យដំឡូងមីរបស់កម្ពុជា ព្រមទាំងបង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ សង្កត់ធ្ងន់ថា ការបង្កើតរោងចក្រច្នៃដំឡូងមី Green Leader ទីមួយ នៅស្រុកស្នួល ខេត្តក្រចេះ បានបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យឧស្សាហកម្មដំឡូងមីនៅកម្ពុជា។

សូមរំលឹកថា ក្រុមហ៊ុនចិនមួយមានឈ្មោះថា Green Leader Holding Group Limited បានបោះទុនវិនិយោគចំនួន ២០លានដុល្លារ សាងសង់រោងចក្រច្នៃដំឡូងមី និងជីវឥន្ធនៈអេតាណុលទំនើប ជាលើកដំបូងនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងស្រុកឈ្នួល ខេត្តក្រចេះ។

បើតាមតំណាងក្រុមហ៊ុននេះបានបញ្ជាក់ថា ក្រុមហ៊ុននឹងឈានទៅបង្កើតរោងចក្រច្នៃដំឡូងមីចំនួន២០ផ្សេងទៀតក្នុងខេត្តដែលមានសក្តានុពលផលិតដំឡូងមី ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើមទៅប្រទេសជិតខាង។

តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (International Center for Tropical Agriculture, CIAT) បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា ជាប្រទេសផលិតដំឡូងមីលំដាប់ទី ៨ លើពិភពលោក និងលំដាប់ទី៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

កម្ពុជាមានសក្តានុពលផលិតកម្មដំឡូងមី ដែលមានផ្ទៃដីដាំដុះរហូតដល់ទៅ ៦៧៥ ពាន់ហិកតា ប្រមូលបានទិន្នផលជាង ១៤,៨ លានតោនក្នុងឆ្នាំ២០១៧៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង