ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលលរួមក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នេះ ដែលក្នុងនោះ មេដឹកនាំប្រទេសវៀតណាម ឡាវ និងថៃក៏បានមកចួលរួមប្រជុំដែរ។
តាមសេចក្ដីជូនដំណឹងនៅលើគេហទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្ដីកម្ពុជានៅថ្ងៃនេះ គឺបន្ទាប់ពីបានទៅដល់អាកាសយានដ្ឋានអន្ដរជាតិខេត្ដសៀមរាប កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក លោកនឹងជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន ។ ដោយឡែកពេលរសៀលលោកនឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងនាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក ប្រាយុទ្ធច័ន្ទអូចានាយករដ្ឋមន្រ្ដីនៃរាជាណាចក្រថៃ រួមនឹងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្ដីសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងតំណាងជាន់ខ្ពស់ប្រទេសដៃគូសន្ទនានៃគណៈកម្មការទន្លេមេង្គ ចិន និងមីយ៉ាន់ម៉ាក៏មានវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេង្គលើកទី៣ នៅទឹកដីខេត្តសៀមរាប នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះផងដែរ។
គួរបញ្ជាក់ដែរថា៖ កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣នេះ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី ០៤ មេសា ដល់ថ្ងៃទី ០៥មេសា ក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ -ទន្លេមេគង្គតែមួយស្មារតីតែមួយ”៕