en     km
en     km

​ក្រសួងមហាផ្ទៃ​កម្ទេច​ផលិតផល​ក្លែងក្លាយ​ជាង​១០០​តោន​

Share

ភ្នំពេញ​៖​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​កម្ទេច​ផលិតផល​កែ​សម្ផស្ស​និង​គ្រឿងផ្សំ​ឧបភោគបរិភោគ​ជាង​១០០​តោន​។​ផលិតផល​ក្លែងក្លាយ​ទាំងនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។​

គ្រឿងចក្រកិនកម្ទេចផលិតផលកែសម្ផស្សនិងគ្រឿងផ្សុំឧបភោគបរិភោគប្រមាណ១១០តោន នៅថ្ងៃព្រឹកថ្ងៃអង្គារ៍នេះ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។រូបភាព ធូ វិរៈ

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​សម្រេច​បើក​គ្រឿងចក្រ​កិនកម្ទេច​ផលិតផល​កែ​សម្ផស្ស​និង​គ្រឿងផ្សំ​ឧបភោគបរិភោគ​ប្រមាណ ​១១០ ​តោន​ នៅ​ថ្ងៃ​ ថ្ងៃ​អង្គា​រ៍​ ទី​ ៣​ ខែ​ មេ​សា​នេះ​ នៅក្នុង​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

ផលិតផល​ក្លែងក្លាយ​ទាំងនោះ​ រួម​មាន​គ្រឿងសម្អាង​ ថ្នាំលាបសក់​ ថ្នាំ​អប់​សក់​ សាប៊ូលាងមុខ​ សាប៊ូ​កក់សក់​ ម្សៅ​លាងមុខ​ ឡេ​លាប​ស្បែក​ ក្រេ​ម​លាប​មាត់​ ទឹកអប់​និង​គ្រឿងផ្សំ​ឧបភោគ​និង​បរិភោគ​ជា​ច្រើន​ទៀត​។

ផលិតផលកែសម្ផស្សនិងគ្រឿងផ្សុំឧបភោគបរិភោគប្រមាណ១១០តោន ត្រៀមកិនកម្ទេច នៅថ្ងៃព្រឹកថ្ងៃអង្គារ៍នេះ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។រូបភាព ធូ វិរៈ

​លោក​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ ក្នុង​ពិធី​នេះ​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​សម្រេច​កិនកម្ទេច​គ្រឿងសម្អាង​ កែសម្ពស្ស​លាយ​សារធាតុ​គីមី​ចំនួន​ជាង​ ៦០​ តោន​ និង​ គ្រឿងផ្សំ​ផលិតផល​ចំណីអាហារ​ជា​សារធាតុ​គីមី​ជាង​៥០​តោន​ទៀត​។

​លោក​ មៀ​ច​ សុ​ផា​ន់​ណា​៖​ «​គ្រឿងសម្អាង​ក្លែងក្លាយ​ទាំងនោះ​ដែល​មាននៅ​ក្នុង​ប្រអប់​ កា​តុង​គឺ​មាន​ចំនួន​ប្រហែល​៦០​តោន​ ហើយ​និង​ផលិតផល​គីមី​ដែល​យក​មក​លាយ​ដែល​យើង​ឃើញ​នៅ​ក្នុង​ធុង​នេះ​ប្រហែល​៥០​តោន​ទៀត​ អ​ញ្ចឹ​ង​សរុប​ប្រហែល​ជាង​១១០​តោន​ ដែល​យើង​នឹង​រៀបចំ​កិនកម្ទេច​នៅ​ពេល​នេះ​។​»

​លោក​ឧត្តមសេនីយ៍​ បាន​ថ្លែង​ថា​ ផលិតផល​ក្លែងក្លាយ​ដូច​ជា​ គ្រឿងសម្អាង​កែ​សម្ផស្ស​ដែល​មាន​សារធាតុ​គីមី​ អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ​។​លោក​ថា ​នេះ​បើ​តាម​លទ្ធផល​របស់​មន្ទីរពិសោធន៍​នៅ​ប្រទេស​ជប៉ុន​។

​លោក​ មៀ​ច​ សុ​ផា​ន់​ណា​៖ «​យើង​បាន​ផ្ញើ​សំណាក​យក​ទៅ​ពិសោធន៍​នៅ​ប្រទេស​ជប៉ុន​គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ​ដែល​អាច​កើតជា​ជំងឺ​ដ​ង្កា​ត់​មាន​ទាំង​មហារីក​ ខូច​ប្រព័ន្ធ​ថ្លើម​ តម្រងនោម​ និង​ក្រលៀន​ជាដើម​។​»

​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ អះអាង​ថា​ មនុស្ស​យ៉ាងតិច​បី​នាក់​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នាគា​រយៈពេល​មួយ​ឆ្នាំ​ក្នុង​ម្នាក់ៗ​ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទុកជា​សម្បត្តិ​រដ្ឋ​និង​ម៉ាស៊ីន​ផលិត​ចំនួន​១៦​គ្រឿង​។​

                                                               ធុងផ្ទុកសារធាតុគីមីសម្រាប់ផលិតគ្រឿងសម្អាងក្លែងក្លាយ។

​លោក​ឧត្តមសេនីយ៍​ថា​ ម្ចាស់​អាជីវកម្ម​បាន​ផលិតគ្រឿងសម្អាង​ក្លែងក្លាយ​នៅ​ខេត្តកណ្តាល ​និង ​រាជធានី​ភ្នំពេញ​ ដោយ​បន្លំ​ថា ​ជា​ផលិតផល​នាំ​ចូល​ពី​បរទេស​ពោល​គឺ​ម្ចាស់​អាជីវកម្ម​ដឹក​ជញ្ជូន​ផលិតផល​សម្រេចចេញ​ពី​កម្ពុជា​ ហើយ​ដឹក​ចូល​មក​វិញ​ដោយ​ថា​នាំ​ចូល​មក​ពី​ប្រទេស​ជប៉ុន​។

​លោក​ មៀ​ច​ សុ​ផា​ន់​ណា​៖​ «​តាម​ការ​សាកសួរ​និង​ស្រាវជ្រាវ​នៅ​ពេល​ផលិត​ហើយ​មិនមែន​ចូល​ទីផ្សារ​កម្ពុជា​ភ្លាម​ទេ​គឺ​ត្រូវ​គាត់​ដឹក​ចេញ​ផលិត​ហើយ​នៅ​ខេត្តកណ្តាល​ឬ​ក៏​នៅ​ភ្នំពេញ​ដាក់​ក្នុង​កុងតឺន័រ​យក​ឆ្លង​ដែន​ទៅ​ប្រទេស​ក្រៅ​សិន​ ហើយ​បាន​នាំ​ចូល​មក​វិញ​ក្នុង​របៀប​ទ្រង់ទ្រាយ​ថា​នាំ​ចូល​ឆ្លងកាត់​ប្រទេស​ជិតខាង​យើង​គឺថា​ដឹង​ឆ្លង​មក​ពី​ជប៉ុន​។​»

​ការ​កម្ទេច​ផ​លិ​ផល​ក្លែងក្លាយ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​កាលពី​លើក​ទី​១​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​សម្រេច​កម្ទេច​ជាង​ ៨០​ តោន​គឺ​នៅ​ថ្ងៃទី ៣ ខែ​ តុលា​ ឆ្នាំ​ ២០១៧​។

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់​ក្រសួងមហាផ្ទៃ​បាន​បង្ក្រាប​បទល្មើស​ចំនួន​ ១៩ ​ករណី​ នៅ​ឆ្នាំ​ ២០១៧​កន្លង​មក​។​

ការ​បង្ក្រាប​ផលិតផល​ក្លែ​ក្លាយ​រួម​មានការ​នាំ​ចូល​ស្តុក​ទុក​ និង ចែកចាយ​គ្រឿងសម្អាង​ផ្សំជាមួយសារធាតុ​គីមី​ ផលិតផល​សាច់ខូចគុណភាព​ គ្រឿងទេស​ គ្រឿ​បរិភោគ​ឧបភោគ​គ្មាន​ស្តង់ដា​​អនាម័យ​ត្រឹមត្រូវ និង ​គ្រឿង​បរិក្ខាពេទ្យ ​និង​ ឱសថ ​មាន​ចំនួន​ ៥៩៧ ​តោន​។ អាជ្ញាធរបានឃាត់ខ្លួន​មនុស្ស ​៦ ​នាក់ ​កំពុង​ដំណើរការ​នីតិវិធី​នៅ​តុលាការ​។​

​លោក​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ ឲ្យ​ដឹង​ទៀត​ថា​ គណៈកម្មាធិការ​នេះ ​នឹង​បន្ត​កម្ទេច​ឱសថ​ និង ​ផលិតផល​ក្លែងក្លាយ​រាប់រយ​តោន​ទៀត​ ក្រោយ​ពី​នីតិវិធីតុលាការ​បិទ​បញ្ជ​ប់​ជា​ស្ថាពរ​។​

​ជាមួយ​គ្នា​នេះ​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​បាន​ប្តេជ្ញា​ចិត្ត​ទប់ស្កាត់​ផលិតផល​ក្លែងក្លាយ​គ្រប់​ប្រភេទ​ ពិសេស​ថ្នាំពេទ្យ ​ព្រោះ​វា​បង្កគ្រោះថ្នាក់​បំផុត​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​សម្តេច​ក៏​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​នេះ​៕

Share

Image
Image
Image