ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃកម្ទេចផលិតផលកែសម្ផស្សនិងគ្រឿងផ្សំឧបភោគបរិភោគជាង១០០តោន។ផលិតផលក្លែងក្លាយទាំងនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃសម្រេចបើកគ្រឿងចក្រកិនកម្ទេចផលិតផលកែសម្ផស្សនិងគ្រឿងផ្សំឧបភោគបរិភោគប្រមាណ ១១០ តោន នៅថ្ងៃ ថ្ងៃអង្គារ៍ ទី ៣ ខែ មេសានេះ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ផលិតផលក្លែងក្លាយទាំងនោះ រួមមានគ្រឿងសម្អាង ថ្នាំលាបសក់ ថ្នាំអប់សក់ សាប៊ូលាងមុខ សាប៊ូកក់សក់ ម្សៅលាងមុខ ឡេលាបស្បែក ក្រេមលាបមាត់ ទឹកអប់និងគ្រឿងផ្សំឧបភោគនិងបរិភោគជាច្រើនទៀត។
លោកឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនិងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹង ក្នុងពិធីនេះថា អាជ្ញាធរមានសមត្ថកិច្ចសម្រេចកិនកម្ទេចគ្រឿងសម្អាង កែសម្ពស្សលាយសារធាតុគីមីចំនួនជាង ៦០ តោន និង គ្រឿងផ្សំផលិតផលចំណីអាហារជាសារធាតុគីមីជាង៥០តោនទៀត។
លោក មៀច សុផាន់ណា៖ «គ្រឿងសម្អាងក្លែងក្លាយទាំងនោះដែលមាននៅក្នុងប្រអប់ កាតុងគឺមានចំនួនប្រហែល៦០តោន ហើយនិងផលិតផលគីមីដែលយកមកលាយដែលយើងឃើញនៅក្នុងធុងនេះប្រហែល៥០តោនទៀត អញ្ចឹងសរុបប្រហែលជាង១១០តោន ដែលយើងនឹងរៀបចំកិនកម្ទេចនៅពេលនេះ។»
លោកឧត្តមសេនីយ៍ បានថ្លែងថា ផលិតផលក្លែងក្លាយដូចជា គ្រឿងសម្អាងកែសម្ផស្សដែលមានសារធាតុគីមី អាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។លោកថា នេះបើតាមលទ្ធផលរបស់មន្ទីរពិសោធន៍នៅប្រទេសជប៉ុន។
លោក មៀច សុផាន់ណា៖ «យើងបានផ្ញើសំណាកយកទៅពិសោធន៍នៅប្រទេសជប៉ុនគឺវាធ្វើឲ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរដែលអាចកើតជាជំងឺដង្កាត់មានទាំងមហារីក ខូចប្រព័ន្ធថ្លើម តម្រងនោម និងក្រលៀនជាដើម។»
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អះអាងថា មនុស្សយ៉ាងតិចបីនាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារយៈពេលមួយឆ្នាំក្នុងម្នាក់ៗហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវរឹបអូសទ្រព្យសម្បត្តិមួយចំនួនទុកជាសម្បត្តិរដ្ឋនិងម៉ាស៊ីនផលិតចំនួន១៦គ្រឿង។
លោកឧត្តមសេនីយ៍ថា ម្ចាស់អាជីវកម្មបានផលិតគ្រឿងសម្អាងក្លែងក្លាយនៅខេត្តកណ្តាល និង រាជធានីភ្នំពេញ ដោយបន្លំថា ជាផលិតផលនាំចូលពីបរទេសពោលគឺម្ចាស់អាជីវកម្មដឹកជញ្ជូនផលិតផលសម្រេចចេញពីកម្ពុជា ហើយដឹកចូលមកវិញដោយថានាំចូលមកពីប្រទេសជប៉ុន។
លោក មៀច សុផាន់ណា៖ «តាមការសាកសួរនិងស្រាវជ្រាវនៅពេលផលិតហើយមិនមែនចូលទីផ្សារកម្ពុជាភ្លាមទេគឺត្រូវគាត់ដឹកចេញផលិតហើយនៅខេត្តកណ្តាលឬក៏នៅភ្នំពេញដាក់ក្នុងកុងតឺន័រយកឆ្លងដែនទៅប្រទេសក្រៅសិន ហើយបាននាំចូលមកវិញក្នុងរបៀបទ្រង់ទ្រាយថានាំចូលឆ្លងកាត់ប្រទេសជិតខាងយើងគឺថាដឹងឆ្លងមកពីជប៉ុន។»
ការកម្ទេចផលិផលក្លែងក្លាយនេះជាលើកទី២ហើយដែលកាលពីលើកទី១គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយសម្រេចកម្ទេចជាង ៨០ តោនគឺនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០១៧។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសចំនួន ១៩ ករណី នៅឆ្នាំ ២០១៧កន្លងមក។
ការបង្ក្រាបផលិតផលក្លែក្លាយរួមមានការនាំចូលស្តុកទុក និង ចែកចាយគ្រឿងសម្អាងផ្សំជាមួយសារធាតុគីមី ផលិតផលសាច់ខូចគុណភាព គ្រឿងទេស គ្រឿបរិភោគឧបភោគគ្មានស្តង់ដាអនាម័យត្រឹមត្រូវ និង គ្រឿងបរិក្ខាពេទ្យ និង ឱសថ មានចំនួន ៥៩៧ តោន។ អាជ្ញាធរបានឃាត់ខ្លួនមនុស្ស ៦ នាក់ កំពុងដំណើរការនីតិវិធីនៅតុលាការ។
លោកឧត្តមសេនីយ៍ មៀច សុផាន់ណា ឲ្យដឹងទៀតថា គណៈកម្មាធិការនេះ នឹងបន្តកម្ទេចឱសថ និង ផលិតផលក្លែងក្លាយរាប់រយតោនទៀត ក្រោយពីនីតិវិធីតុលាការបិទបញ្ជប់ជាស្ថាពរ។
ជាមួយគ្នានេះ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្តេជ្ញាចិត្តទប់ស្កាត់ផលិតផលក្លែងក្លាយគ្រប់ប្រភេទ ពិសេសថ្នាំពេទ្យ ព្រោះវាបង្កគ្រោះថ្នាក់បំផុតដល់សុខភាពប្រជាពលរដ្ឋ។សម្តេចក៏អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឲ្យខិតខំបន្ថែមទៀតក្នុងការបង្ក្រាបផលិតផលក្លែងក្លាយនេះ៕