ឆ្លើយតបទៅនឹងសំណើរបស់សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលកាលពីថ្ងៃចន្ទទី២១ ខែកញ្ញា ដែលបានសុំឲ្យតំណាងពិសេសផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ជួយអន្តរាគមន៍ដោះលែងលោកហុង សុខហួរ នៅម្សិលមិញនេះ លោកស្រីរ៉ូណា ស្ម៊ីត បានអះអាងថា លោកស្រីបានទទួលលិខិតស្នើសុំនោះហើយ ។ លោកស្រីបញ្ជាក់ថា លោកស្រីបានតាមដានករណីចាប់ខ្លួនហុង សុខហួរ តាំងពីថ្ងៃ១៥ ខែសីហា មក ហើយលោកស្រីនឹងបន្តតាមដានបន្តទៀត ។ ករណីនេះមន្ត្រីសិទ្ធិមនុស្សថា អង្គការសហប្រជាជាតិ មិនមានឥទ្ធិពលជំរុញឲ្យរដ្ឋាភិបាលដោះលែងលោកហុង សុខហួរ បានទេ។
អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្ស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រីរ៉ូណា ស្ម៊ីត (Rhona Smith) ឲ្យដឹងថា លោកស្រីបានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីចាប់ខ្លួនលោកហុង សុខហួរ តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ កន្លងមក។
ការបញ្ជាក់របស់លោកស្រី រ៉ូណា ស្ម៊ីត ធ្វើឡើងក្នុងលិខិតឆ្លើយតបនឹងសំណើរបស់លោកគង់ គាំ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ដែលកាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា ម្សិលមិញ បានស្នើសុំឲ្យលោកស្រី ជួយអន្តរាគមន៍ឲ្យមានការដោះលែងលោក ហុង សុខហួរ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ។
យោងលិខិតរបស់ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ នេះឲ្យដឹងថា លោកស្រីរ៉ូណា ស្ម៊ីត បានតាមដានការចាប់ខ្លួនលោកហុង សុខហួរ រហូតមក ហើយលោកស្រីនឹងបន្តតាមដានតទៅទៀត ។
ទាក់ទងនឹងលិខិតឆ្លើយតបរបស់លោកស្រីរ៉ូណា ស្ម៊ីត នេះ លោកគង់ គាំ មានប្រសាសន៍ថា លោកសប្បាយចិត្ត ដែលបានដឹងថា លោកស្រីរ៉ូណា ស្ម៊ីត បានយកចិត្តទុកដាក់លើករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការចាប់ខ្លួនលោកហុង សុខហួរ ។ លោកមានប្រសាសន៍ថា «ខ្ញុំជាប្រធានគណបក្សសមរង្ស៊ី ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ហើយហុង សុខហួរ ជាសហការីដែលរងនូវការចោទប្រកាន់មិនមានហេតុផលជាក់ស្ដែងទេ ។ ដូច្នេះ ខ្ញុំរំពឹងថា ក្នុងឋានៈគាត់ជាអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាយើង នឹងជួយទាំងបញ្ហាឯកឧត្តមហុង សុខហួរ ទាំងបញ្ហាសិទ្ធិមនុស្សជាទូទៅនៅកម្ពុជាបាទ»។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា តាមលោកសង្កេតឃើញថា ឥទ្ធពលរបស់អង្គការសហប្រជាជាតិមិនសូវមានទម្ងន់នោះទេ សូម្បីតែតំណាងអង្គការសហប្រជាជាតិមុនលោកស្រីរ៉ូណា ស្ម៊ីត ក៏មានឥទ្ធិពលអ្វីដែរ ។ លោកនី ចរិយា បន្តថា ការចាប់ខ្លួនលោកហុង សុខហួរ ជារឿងនយោបាយ “ខ្ញុំគិតថា រឿងនេះជារឿងនយោបាយ ដែលទាំងសម្ដេចហ៊ុន សែន កំពុងតែខិតខំការពារនូវអ្វីដែលជាការចាប់ខ្លួនលោកហុង សុខហួរ នេះ ដូចជាគាត់បានជួបអ្នកស្រីតំណាងពិសេសហ្នឹង ហើយនិយាយថា គាត់មានការបារម្ភក្រែងលោមានការរើសអើងជាតិសាសន៍អីហ្នឹង គឺសុទ្ធតែជាទឡ្ហីករណ៍ សម្រាប់ពន្យល់ទៅអ្នកស្រីរ៉ូណា ស្ម៊ីតថា ការចាប់លោកហុង សុខហួរ ហ្នឹង ដោយសារគាត់ទប់ស្កាត់ខ្លាចមានរឿងទាក់ទងទៅនឹងការរើសអើងជាតិសាសន៍ហ្នឹងឯង” ។
លោកនី ចរិយា មានប្រសាសន៍បន្តថា យន្តការអន្តរជាតិរបស់អង្គការសហប្រជាជាតិ គឺមិនមានការដាក់សម្ពាធនោះទេ គឺគ្រាន់តែមានយន្តការធ្វើយ៉ាងណាឲ្យមានការខ្មាស់អៀន ។ ករណីនេះលោកថា បើរដ្ឋាភិបាលមួយ ដែលមិនមានការខ្មាស់អៀន នោះជាការងាយស្រួលទេ គឺរដ្ឋាភិបាលនោះគ្រាន់តែធ្វើព្រងើយ មិនយកចិត្តទុកដាក់កែលម្អស្ថានភាពទៅ គឺរួចខ្លួនហើយ ។
សូមរំឭកថា លោកហុង សុខហួរ ជាសមាជិកព្រឹទ្ធសភារបស់គណបក្សសម រង្ស៊ី ។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រឹកព្រលឹមថ្ងៃទី១៥ ខែសីហា ប៉ុន្មានថ្ងៃក្រោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចោទប្រកាន់ពីបទក្បត់ជាតិ ករណីដែលលោកហុង សុខហួរ បកស្រាយសន្ធិសញ្ញាឆ្នាំ១៩៧៩ រវាងកម្ពុជា និងវៀតណាម ថាជាសន្ធិសញ្ញារំលាយព្រំដែនចាស់ ហើយបោះបង្គោលព្រំដែនថ្មី ។
យ៉ាងណាក៏ដោយ ការចាប់ខ្លួនលោកហុង សុខហួរ ធ្វើឡើងដោយមិនបានដកអភ័យឯសិទ្ធិសមាជិកព្រឹទ្ធសភាជាមុននោះទេ ដោយមន្ត្រីរដ្ឋាភិបាលសំអាងថា ជាបទល្មើសជាក់ស្ដែង ប៉ុន្តែក្រុមអ្នកច្បាប់អះអាងថា ការបកស្រាយរបស់លោកហុង សុខហួរ អំពីបញ្ហាសន្ធិសញ្ញាឆ្នាំ១៩៧៩នោះ មិនមែនជាបទល្មើសជាក់ស្ដែងនោះឡើយ ៕