ទីបំផុត កូរ៉េខាងត្បូងនៅតែតាមអាមេរិក ដោយសម្រេចចូលរួមធ្វើសមយុទ្ធយោធាមួយឈុតទៀត ដោយទុកអោយកូរ៉េខាងជើងស្ថិតស្ថានភាពបន្តប្រុងជើងការត្រៀមប្រយុទ្ធដដែល។ ជាការពិត កូរ៉េខាងត្បូងបានសុំផ្អាកសមយុទ្ធនេះទៅហើយតែ អាមេរិកមិនយល់ស្រប។ ការធ្វើសមយុទ្ធនេះ ត្រូវបានមើលឃើញថាជាការបន្ថែមកំហឹងដាក់កូរ៉េខាងជើងជាថ្មីទៀត។
បណ្ដាញផ្សាយព័ត៌មានរបស់អាល្លឺម៉ង់ DW បានចុះផ្សាយថា សមយុទ្ធនេះ ចាប់ផ្ដើមតាំងពីថ្ងៃអាទិត្យទី ១ មេសា ដែលប្រើប្រាស់ កាំភ្លើងទំនើបៗ តែធន់តូច។ DW ដកស្រង់ ប្រភពព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap មកចុះផ្សាយថាសមយុទ្ធនេះ មានកងទ័ពកូរ៉េខាងត្បូង ៣ម៉ឺននាក់ និងកងទ័ពអាមេរិក ១១៥០០នាក់។
ជាការពិតសមយុទ្ធនេះ ត្រូវធ្វើឡើងនៅខែកុម្ភៈប៉ុន្តែត្រូវបានផ្អាកដោយសារព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ តែក្រោយមកទៀតកូរ៉េខាងត្បូងបាន សុំផ្អាកបន្តទៀតដោយសាមេដឹកនាំប្រទេសទាំងពីរកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ត្រូវជួបគ្នានៅចុងខែមេសានេះ។ សមយុទ្ធនេះ មានរយៈពេលមួយខែ។ ប្រភពរបស់យុនហាប់បានចុះផ្សាយទៀតថាសមយុទ្ធនេះ មានទាំងនាវាចម្បាំងនាវាមុជទឹក។
សមយុទ្ធនេះ ធ្វើឡើងស្របពេល លោកមូនចាវអ៊ីននិងលោក គីម ជុងអ៊ុន ត្រៀមជួបគ្នានៅថ្ងៃទី២៧មេសា ហើយក្រោយមកលោក គីម ជុងអ៊ុន មានគំរោងជួបលោកប្រធានាធិបតីត្រាំនៅ ចុងខែមេសា។ អ្នកសង្កេតការណ៍ព្រមានថា សមយុទ្ធនេះទំនងទាញទម្លាក់ ស្ថានការណ៍ដែលធូរស្រាលបន្តិច អាចឡើងកំដៅឡើង។
អ្នកសង្កេតមើលឃើញថា ការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់ ក្រុមប្រឹក្សាសន្តិសុខកាលពីសៅរិ៍ទី៣១មីនា ដែលដាក់បញ្ជីខ្មៅ នាវាចំនួន២៧គ្រឿងនិង ក្រុមហ៊ុនចំនួន ២១ ដើម្បីរឹបអូស ដោយសារតែពាក់ព័ន្ធការលួចដឹកស្បៀងនិង ប្រេងឥន្ធនៈទៅកូរ៉េខាងជើង គឺការព្រមានជាថ្មីប្រឆាំងក្រុងព្យុងយ៉ាង នាំអោយរបបកុម្មុយនិស្តនេះ ប្រតិកម្មទោះបីគីមជុងអ៊ុនបានសន្យា នៅចំពោះមុខ ប្រធានាធិបតីស៊ីជិនភីងថាលែងសាកល្បងការបាញ់កាំជ្រួចក៏ដោយ។
ចាប់តាំងពី ឆ្នាំ ២០០៦មក កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនិយក្លេអ៊ែរចំនួន ៦លើកមកហើយ ។ ចំណែកបាញ់កាំជ្រួចអន្តរទ្វីបជិត២០លើកហើយដែរ។ ប្រទេសកុម្មុយនិស្តនេះកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់សហគមន៍អន្តរជាតិ ដែលទណ្ឌកម្មនេះ ដឹកនាំដោយអាមេរិកនិងប្រទេសជប៉ុន៕