ក្រុមប្រឹក្សា និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលបានជួបជាមួយសម្ដេច ហ៊ុន សែន នៅទីក្រុងហាណូយ កាលពីថ្ងៃសុក្រ ទី៣០ ខែមីនា បានសន្យាថា ចិននៅតែបន្ដគាំទ្រ កម្ពុជានៅគ្រប់ស្ថានការណ៍ សំដៅជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ បានចុះផ្សាយនៅថ្ងៃសៅរិ៍ ទី៣១ នេះថា ជំនួបនេះធ្វើឡើងនៅក្រៅវេទិកានៃកិច្ចប្រជុំ ប្រទេសមហាអនុតំបន់មេគង្គដែលប្រព្រឹត្តនៅក្រុងហាណូយប្រទេសវៀតណាម។
តាមប្រភពរបស់ ចិន ស៊ីន ហួរ លោកលោក Wang Yi បាននិយាយថា ចិននិងកម្ពុជា មានវាសនា រួមគ្នា ដែលជាប្រទេស ត្រូវគាំទ្រគ្នាទៅវិញទៅមក។ លោក Wang បញ្ចាក់ថា ចិនតែងតែគាំទ្រ កម្ពុជា ក្នុងការជ្រើសរើស ផ្លូវអភិវឌ្ឍន៍អត្ថប្រយោជន៍របស់ខ្លួន។ លោក Wang ជឿជាក់ថា កម្ពុជា ក៏នឹងបន្តដើរតួនាយ៉ាងសកម្ម ដើម្បីជំរុញឱ្យមានការអភិវឌ្ឍទំនាក់ទំនង ប្រទេសទាំង២ ប្រកបដោយសុខមាលភាព និងស្ថិរភាពក្នុងតំបន់។ ចំណែកសម្ដេច ហ៊ុន សែន វិញ បានសរសើរចិន ដែលគាំទ្រកម្ពុជា ការពារអធិបតេយ្យឯករាជ្យ និងភាពថ្លៃថ្នូររបស់កម្ពុជា៕