en     km
en     km

បឋមសិក្សា Ghasi Pura សាលារៀនគំរូអនាម័យនៅជាយក្រុងញ៉ូវដេលី

Share

ក្រុមសិស្សគំរូផ្នែកអនាម័យនៅក្នុងសាលាបឋមសិក្សា Ghasi Pura បង្ហាញពីសកម្មភាពក្រុមនីមួយៗ

ក្រុងញ៉ូដេលី ៖ Ghasi Pura ជា​សាលា​ប​ឋ​មសិក្សា​គំរូផ្នែកអនាម័យមួយ​ស្ថិត​នៅ​ភាគ​ខា​ងជើង មានចំងា​យ​៥៥គីឡូ​ម៉ែត្រពី​ទីក្រុង​ញ៉ូវដេលី។ សាលារៀននេះ បានក្លាយជាសាលាដែលផ្តល់ការអប់រំផ្នែកអនាម័យនិងទឹកស្អាតដល់សិស្សានុសិស្ស បន្ទាប់ពីផ្តល់ចំណេះដឹងទូទៅស្របតាមកម្មវិធីសិក្សារបស់រដ្ឋាភិបាលឥណ្ឌា។

នាយិកាសាលាលោកស្រី ម៉ាន់ជី ទេវី បានឱ្យដឹងថា សាលាបឋមសិក្សាហ្គាហ្ស៊ី ពួរ៉ា បានអនុវត្តន៍គោលការណ៍អប់រំផ្នែកអនាម័យដល់សិស្សមានរយៈពេល ៥ឆ្នាំហើយ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៣ ដោយមានការជួយជ្រោមជ្រែងពីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើផ្នែកអនាម័យនិងទឹកស្អាត និងមានការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា។

លោកស្រីមានប្រសាសន៍បន្តថា គោលបំណងធ្វើឱ្យសាលាបឋមសិក្សានេះក្លាយជាសាលាគំរូ ដោយសារចង់ផ្លាស់ប្តូរទម្លាប់របស់ប្រជាជនឱ្យចាប់អារម្មណ៍ចំពោះការប្រើប្រាស់បង្គន់អនាម័យ និងការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ តាមរយៈភាពជាគំរូផ្តើមចេញពីកូនៗរបស់ពួកគេ។

លោកស្រី ម៉ាន់ជី ទេវី នាយិកាសាលាបឋមសិក្សាហ្គាហ្ស៊ី ពួរ៉ា

ទន្ទឹមគ្នានេះ លោកស្រីនាយិកាសាលា បានបន្ថែមទៀតថា៖ “កន្លងទៅសិស្សនារីភាគច្រើនមិនទទួលបានចំណេះដឹងផ្សេងៗ ពីបញ្ហាអនាម័យទូលំទូលាយឡើយ ដោយសារពួកគេមានភាពខ្មាស់អៀន ដូច្នេះយើងចង់ឱ្យពួកគេទទួលបានការអប់រំបញ្ហាហ្នឹង ដើម្បីឱ្យសិស្សមានសុខភាពល្អ ហើយការសិក្សាក៏កាន់តែល្អប្រសើរដែរ”

សាលាបឋមសិក្សា ហ្គាហ្ស៊ី ពួរ៉ា មានពីរអគារសិក្សា ដោយអគារនីមួយៗមានកម្ពស់បីជាន់ ផ្ទៃដីទំហំ២ហិចតាកន្លះ។ ក្នុងចំណោមថ្នាក់់រៀនសរុបទាំងអស់ ៣៦ថ្នាក់ បឋមសិក្សានេះមានបន្ទប់ទឹកចំនួន​៤២ បន្ទប់ទឹកកំពុងដំណើរការដោយបែងចែកស្មើគ្នាចំពោះសិស្សប្រុស និងសិស្សស្រី ។ សាលាក៏បានបែងចែកវេណសិក្សាជាពីរវេណផងដែរ ដោយពេលព្រឹកមានសិស្សចំនួន៤០០នាក់ និងពេលរសៀលចំនួនជាង ៤៤៨នាក់។

អាងស្តុកទឹកស្អាត និងមានអនាម័យក្នុងសាលាបឋមសិក្សាហ្គាហ្ស៊ី ពួរ៉ា

មិនតែប៉ុណ្ណោះបឋមសិក្សាហ្គាហ្ស៊ី ពួរ៉ា ជាប់ជាសាលាគំរូផ្នែកអនាម័យក្នុងចំណោមសាលាផ្សេងៗទៀត ដោយសារសាលានេះ បានរៀបចំឱ្យមានកុមារគំរូ ឬសិស្សគំរូក្នុងសាលាចំនួនប្រាំក្រុម មានក្រុមកុមារលាងសំអាតដៃ, ក្រុមកុមារអនាម័យបរិស្ថាន, ក្រុមកុមារអាហារថ្ងៃត្រង់, ក្រុមកុមារអប់រំអនាម័យផ្ទាល់ខ្លួន, និងក្រុមអប់រំទឹកស្អាត។ ក្រុមកុមារនីមួយៗមានតួនាទី​អប់រំមិត្តភក្តិរបស់ពួកគេ និងសិស្សទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវអនាម័យ និងការប្រើប្រាស់ទឹកស្អាតជានិច្ច។

ថ្នាក់ដឹកនាំសាលា និងតំណាងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការនៅសាលាបឋមសិក្សាហ្គាហ្ស៊ី ពួរ៉ា ​នៅជាយក្រុងញ៉ូវដេលីនេះ បានបង្ហាញការជឿជាក់ថា កុមារគំរូនៅក្នុងសាលានឹងផ្លាស់ប្តូរឥរិយាបថម្តាយឪពុកពួកគេ ឱ្យរស់នៅមានអនាម័យ និងប្រើប្រាស់ទឹកស្អាតដើម្បីសុខភាព៕

បន្ទប់ទឹកនៅក្នុងសាលាបឋមសិក្សាហ្គាហ្ស៊ី ពួរ៉ា

អត្ថបទ ម៉ៅ សំណាង

Share

Image
Image
Image