ទិដ្ឋភាពនយោបាយ នៃប្រទេសមួយចំនួន មិនសូវខុសគ្នាច្រើនទេក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។ អ្នកនយោបាយបែកបាក់គ្នា ប្ដឹងគ្នាឡើងតុលាការជារឿងត្រឹមត្រូវបើប្រព័ន្ធតុលាការមានទំនុកចិត្តដល់គូវិវាទទាំងសងខាង។ តែបែរជាមិនមានទំនុកចិត្តគឺត្រូវស្វែងអ្នកសម្របសម្រួលដ៏មានឥទ្ធិពលមកជួយបញ្ចប់ជម្លោះ។
យ៉ាងណាមិញ បក្សប្រឆាំងនៅកម្ពុជា ដែលជាប់ពិរុទ្ធភាពនយោបាយកំពុងស្វះស្វែងរកអ្នកសម្របសម្រួលអន្តរជាតិមកជួយបញ្ចប់វិបត្តិរបស់ពួកគេ។ អ្នកសម្របសម្រួលដែលអាចដើរតួនាទីឥតលម្អៀងទំនងប្រទេសជប៉ុន។ សម្ដេចនាយករដ្ឋមន្ត្រីមិនបានច្រានចោលដាច់ណាត់គោល បំណងរបស់ជប៉ុនចង់ដើរតួនាទីនេះទេ គ្រាន់តែសម្ដេចព្រមានថា គ្មានបរទេសណាអាចគាបសង្កប់បក្សកាន់អំណាចបានទេនៅពេលនេះ។
តើនេះជាសង្រ្គាមចិត្តសាស្ត្របង្ក្រាបអ្នកសម្របសម្រួលមុនឡើងសង្វៀនដែរឬទេ?
សូមស្ដាប់បទវិភាគរបស់ លោកនួន បូរិន ដូចតទៅ៖
តួនាទីអ្នកសម្រសម្រួល (Mediator) ខុសពីអាជ្ញាកណ្ដាល (Arbitrator)
កាលណាគេនិយាយយោងដល់អ្នកសម្របសម្រួល និងអាជ្ញាកណ្ដាល គឺត្រូវគិតទៅរកភារកិច្ច និងសិទ្ធិរបស់ពួកគេ។ អ្នកសម្របស្រួល ដែលត្រូវចូលខ្លួនតាមការស្នើសុំរបស់ភាគីវិវាទឱ្យមកជួយសម្របសម្រួលក្នុងជម្លោះអ្វីមួយ គឺក្រុមនេះ ឬ បុគ្គលនោះ ពិតជាមានភាពប៉ិនប្រសប់ នៃការរករូបមន្តមកដាក់លើតុចរចាហើយ រូបមន្តនេះ គឺអាចក្លាយជាដំណោះស្រាយនៃការបញ្ចប់ជម្លោះ។ តែអ្នកសម្រសម្រួលនេះ ត្រូវតែឈរលើជំហរអព្យាក្រឹត្យ ឥតលម្អៀង ព្រោះខ្លួនមិនត្រឹមតែដើរតូនាទីដូចនេះ ទេ គឺខ្លួនជាសាក្សី ជាភាគីហត្ថលេខីមួយនៃកិច្ចព្រមព្រៀងរវាងគូបដិបក្ខ។
បើដំណោះស្រាយកើតមាន គឺ អ្នកសម្របសម្រួលនឹងក្លាយជាតួឯកមួយមិនអាចភ្លេច បានរបស់ភាគីពាក់ព័ន្ធហើយកាន់តែមានឥទិ្ធពលលើវេទិកាជាតិនិងអន្តរជាតិ។ តែអ្នកសម្រសម្រួលនេះ មិនមានសិទ្ធិអំណាចកាត់សេចក្ដី ឬចាប់បង្ខំឱ្យភាគីណាចាញ់ឬឈ្នះនោះទេ។ តែបើអ្នកសម្រសម្រួល ទទួលបានភារកិច្ចចាត់តាំងពីស្ថាប័នណាគឺក្រុមនេះ មានសិទិ្ធតែមួយ គឺធ្វើរបាយការណ៍ជម្រាបទៅថ្នាក់លើ។ បើការចរចាមិនមានដំណោះស្រាយដែលភាគីពាក់ព័ន្ធទទួលយកបាន គឺក្រុមនេះមានភារកិច្ចមួយទៀតសុំគោលការណ៍ជាផ្លូវការណាមួយ នាំភាគីជម្លោះ ទៅជួបក្រោមការចាត់ចែងការចរចាជាមួយស្ថាប័នចាត់តាំងនោះតែម្ដង។ ត្រង់នេះ ភាគីមានប្រៀបពិតជាមិនចង់បានទេព្រោះបារម្ភពីការលូកដៃរបស់ស្ថាប័ននោះ កាន់ជ្រៅហើយទាញទៅរកដំណោះស្រាយជាអន្តរជាតិ។
ចំណែកឯតួនាទី«អាជ្ញាកណ្ដាល»វិញមានសិទ្ធិតាមផ្លូវច្បាបជាខ្លាំងពោលគឹមានទាំងអំណាច គាបសង្កត់ និងកាត់សេចក្ដីលើគូវិវាទទៀតផង។ យន្តការនោះ ច្រើនតែអនុវត្តលើវិវាទនៃជម្លោះផលប្រយោជន៍ទាក់ទងនឹងពាណិជ្ជកម្មឬការងារ។
ជម្លោះនយោបាយនៅកម្ពុជា
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនយោបាយបក្សប្រឆាំងដែលត្រូវបានហាមធ្វើនយោបាយហាក់រំភើបជាខ្លាំងនៅពេលពួកគេ ទទួលព័ត៌មានថា ប្រទេសជប៉ុន កំពុងបញ្ចុះ
បញ្ជូលអោយមានជំនួប រវាងគូវិវាទនយោបាយខ្មែរពីរក្រុមនេះឡើងវិញ គឺក្រុមបក្សកាន់អំណាច CPP របស់សម្ដេចហ៊ុនសែន និងបក្សសង្រ្គោះជាតិ។ ផ្ដើមដំបូងគឺលោកសមរង្ស៊ីជាអ្នកនយោបាយនិរទេសខ្លួន ដែលមានសកម្មភាពនយោបាយច្រើនជាងគេនៅក្រៅប្រទេស បានបញ្ចេញទស្សនៈដោយ មានជំនឿថា ប្រទេសជប៉ុនពិតជាសក្ដិសមធ្វើជាអ្នកសម្រសម្រួល ចំពោះជម្លោះនយោបាយកម្ពុជា ហើយសម្រាប់រូបលោក តាងនាមអោយចលនាសង្រ្គោះជាតិ ដែលលោកថាជាចលករមួយរបស់បក្សសង្រ្គោះជាតិពិតជាចង់ឃើញការចរចានេះកើតឡើងឆាប់ៗនេះ។ តែលោកទទូចឱ្យបក្សកាន់អំណាចកុំគាបសង្កត់ ផងចរចាផង។
បែបនេះក្ដី លោកក៏បានវាយប្រហារលើ សម្ដេចនាយករដ្ឋមន្ត្រីដែរ។ លោកថា បើគិតរឿងជាតិជាធំ គឺការចរចាដែលជប៉ុនស្នើឡើងនេះ ពិតជានាំមកនូវដំណោះស្រាយរបស់ជាតិខ្មែរទាំងមូល។ តែខណៈប្រព័ន្ធផ្សាយផ្សព្វផ្សាយ ឯករាជ្យមួយចំនួនចុះផ្សាយទាក់ទងនឹង លទ្ធភាពនៃជំនួបនេះដែលជប៉ុនជាអ្នកជំរុញថាអាចកើតមានឆាប់ៗនេះ បន្ទាប់ពីទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី២៣ មីនា មកជួប ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចហ៊ុនសែនបានប្រតិកម្មជាខ្លាំង ដោយវាយបកទៅលើ លោកសមរង្ស៊ីនិង ក្រុមអ្នកនយោបាយបក្សប្រឆាំងថាកុំសង្ឃឹមថាមានការចរចាអោយសោះ គឺគ្មានឡើយ ។
សម្ដេចបង្ហាញចំណុចខ្លាំងទៅលើបក្សប្រឆាំងថា មកពីក្រុមនេះ បានធ្វើបាតុកម្មដុតរូបទីងមោងតំណាងរូបលោកដែលករណីនេះនាំឱ្យការឡើងកំដៅនយោបាយ ហើយមិនមានផ្លូវចរចាទេ ហើយក៏គ្មានផ្លូវលើកលែងទោសអ្នកនយោបាយហាមធ្វើនយោបាយដែរ។ សម្ដេចថា កុំសង្ឃឹមអោយសោះ គឺគា្មនទេមានតែបោះឆ្នោតដែលគ្មានបក្សសង្រ្គោះជាតិឡើយ។
ដោយមានប្រសាសន៍ធ្ងន់ៗវាយប្រហារលើអ្នកនយោបាយបក្សប្រឆាំង សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្មានអន្តរជាតិណា មកគាបសង្កត់លើកម្ពុជាអោយធ្វើនេះធ្វើនោះទេ។ សម្ដេចថា ជប៉ុនគោរពអធិបតេយ្យភាពកម្ពុជា។ តែយ៉ាងណាក៏ដោយសម្ដេចមិនបានមានប្រសាសន៍ត្រង់ៗទាក់ទងជប៉ុនចង់ដើរតួនាទីជាអ្នកសម្របសម្រួលនយោបាយនៅកម្ពុជានោះទេគ្រាន់តែសម្ដេចច្រានចោលតួនាទីរបស់អន្តរជាតិ គាបសង្កត់ មកលើបក្សកាន់អំណាច។
តើជប៉ុនសមធ្វើជាអ្នកសម្របសម្រួលនៃជម្លោះនយោបាយនៅកម្ពុជាឬទេ?
អ្នកសង្កេតការណ៍ជាច្រើនដែលបានផ្ដល់បទសម្ភាសខ្លីអោយវិទ្យុស្រ្តី គឺ ភាគច្រើន មើលឃើញពីសារៈសំខាន់ដែលជប៉ុនគួរដើរតួនាទីជាអ្នកសម្របសម្រួលនៃ ជម្លោះនយោបាយនៅកម្ពុជា។
អ្នកសង្កេតការណ៍ចាត់ទុកជប៉ុនជាប្រទេសកំពុងប្រកាន់ជំហរកណ្ដាលនៃគូវិវាទនយោបាយនៅកម្ពុជា។ ប្រទេសដែលគេថាមានឥទិ្ធពលខ្លាំងដែរលើកម្ពុជា គឺជាប្រទេសធំទី២ក្នុងចំណោមប្រទេសផ្ដល់ជំនួយ ឥតសំណងជួយអភិវឌ្ឍប្រទេសកម្ពុជា។ ប្រទេសនេះផ្ដល់ជំនួយ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ហើយជំនួយសុទ្ធតែជាទ្រព្យសម្បតិ្ត ពិតប្រាកដរបស់ជាតិ។ បើយោងតាមទំហំនៃការផ្ដល់ជំនួយ គឺ ជប៉ុនជាប្រទេសម្ចាស់ជំនួយទ្វេភាគីដ៏បំផុតរបស់ប្រទេសកម្ពុជា ។
យោងតាមរបាយការណ៍របស់គេហទំព័រ Diplomat ចាប់តាំងពីឆ្នាំ១៩៩២មក ប្រទេសជប៉ុនបានផ្ដល់ជំនួយ ដល់ការអភិវឌ្ឍជាផ្លូវការ ឲ្យមកកម្ពុជាជាង ២០០០លានដុល្លារ ហើយជំនួយរបស់ជប៉ុនភាគច្រើន គឺផ្ដោតទៅលើការស្ថាបនា ស្ពាន ថ្នល់ សាលារៀន លូទឹក និងការបោះឆ្នោតជាដើម។
ការដែលប្រទេសជាង៤៥ ដែលភាគច្រើននៅអឹរ៉ុបហាក់ក្លាយជាភាគីជម្លោះមួយដែរចំពោះបក្សកាន់អំណាចនៅកម្ពុជា គឺសម្រាប់ជប៉ុនវិញ នៅតែមានទំនាក់ទំនងល្អជាមួយបក្សកាន់អំណាច ហើយបន្តសន្យាជួយអភិវឌ្ឍន៍ប្រទេសកម្ពជាថែមទៀត។
ត្រង់នេះហើយ ដែលមើលទៅជប៉ុនចង់បង្ហាញជំហរថា ខ្លួនចង់ឃើញដំណោះស្រាយនយោបាយនៅកម្ពុជាអោយបានឆាប់បំផុតតាមដែលអាចធ្វើបានប្រយោជន៍ក្នុងការបោះឆ្នោតខែកក្កដា ធ្វើឡើងសម្រាប់ពលរដ្ឋខ្មែរ និងសម្រាប់សហគមន៍អន្តរជាតិផង។ បើជប៉ុនបន្តប្រកាន់ជំហរកណ្ដាលលើកម្ពុជា គឺជប៉ុនអាចនៅតែជាអ្នកសម្របសម្រួលមួយដែល ភាគីនយោបាយខ្មែរអាចទទួលយកបាន។ បើដូច្នេះមែន គឺជាយុទ្ធសាស្ត្រអ្នកនយោ បាយជើងចាស់ វាយបង្ក្រាបអ្នកសម្របសម្រួលមុនឡើងសង្វៀន ហើយទីបំផុត នយោបាយឈ្នះៗអាចកើតចេញ បក្សកាន់អំណាចម្ដងទៀតក៏ថាបានដែរ៕