ភ្នំពេញ៖មន្ត្រីពេទ្យយោធាម្នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញក្រោមបទចោទបង្ខាំងភរិយាក្នុងបន្ទប់ចាក់សោនិងបទចោទអំពើហិង្សា។មន្រ្តីយោធាម្នាក់នេះបានធ្វើទារុណកម្មលើប្រពន្ធរបស់ខ្លួនដែលអាចប្រឈមមុខកាត់ទោសជាប់ពន្ធនាគារ។
កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីយប់ថ្ងៃសុក្រ ទី ២៣ ខែ មីនា បានជួយសង្គ្រោះស្ត្រីម្នាក់ដែលត្រូវបានរងអំពើទារុណកម្មពីប្ដីរបស់ខ្លួនដោយចងជើង ចងដៃស្លាបសេកនិងចងមាត់បង្ខាំងទុកក្នុងបន្ទប់ជួលស្ថិតនៅខណ្ឌពោធិ៍សែនជ័យ។
ភ្លាមៗកម្លាំងនគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ អឹក សំអាង ជាមន្ត្រីពេទ្យយោធាបម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលា។ជនសង្ស័យវ័យ៣០ឆ្នាំជាពេទ្យទាហ៊ានមានឋានន្តរស័ក្តិអនុសេនីយ៍ឯកពាក់ស័ក្តិ៣។
លោក យឹម សារ៉ាន់ អធីការនគរបាលខណ្ឌពោធិ៍សែនជ័យប្រាប់វិទ្យុស្ត្រីថាអាជ្ញាធរបានសម្រេចបញ្ជូនជនសង្ស័យទៅតុលាការក្រោមបទចោទ«បង្ខាំងមនុស្សនិងប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ។
បើយោងតាមក្រមព្រហ្មទណ្ឌនៃជំពូកទី៤ត្រង់មាត្រា ២៥៣ បានចែងថា បទចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់សំដៅលើបុគ្គលដែលចាប់ ឃុំឃាំង ឬបង្ខាំងបុគ្គលផ្សេងទៀតដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ឬច្បាប់អនុញ្ញាតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ បើការចាប់ឃុំឃាំងឬបង្ខាំងមានរយៈពេលតិចជាង៤៨ម៉ោងឬពីរថ្ងៃ។
ត្រង់មាត្រានេះក៏បានចែងទៀតថាបើការចាប់ឃុំឃាំងឬបង្ខាំងមានរយៈពេលចាប់ពីពីរថ្ងៃ(៤៨ម៉ោង)និងតិចជាង១ខែត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៣ទៅ៥ឆ្នាំ ហើយបើការចាប់ឃុំឃាំង ឬបង្ខាំងមានរយៈពេលស្មើឬលើសពី១ខែត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំទៅ១០ឆ្នាំ។
រីឯស្ថានទម្ងន់ទោសត្រង់មាត្រា ២៥៤ ចែងថា បុគ្គលដែលចាប់ ឃុំឃាំង ឬបង្ខាំងបុគ្គលផ្សេងទៀតដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ឬច្បាប់អនុញ្ញាតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំក្នុងករណីមានទារុណកម្មឬអំពើឃោឃៅ ករណីបណ្តាលឲ្យមានមនុស្សស្លាប់ដោយអចេតនានិងការប្រព្រឹត្តិក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិឬទាមទារឲ្យបំពេញលក្ខខណ្ឌ។
លោក យឺម សារ៉ាន់ អធីការនគរបាលខណ្ឌពោធិ៍សែនជ័យ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់អំពើហិង្សាក្នុងគ្រួសារដែលជាអំពើខុសច្បាប់និងប្រឈមមុខជាប់ពន្ធនាគារ៕