ភ្នំពេញ ៖ តាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា លោករដ្ឋមន្ដ្រីការបរទេសជប៉ុន តារ៉ូកូណូ នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅដើមខែមេខាងមុខ។ ទស្សនកិច្ចនេះសំដៅ ពង្រឹងចំណងទាក់ទងការទូត រវាងប្រទេសទាំងពីរ ហើយជាការប្រារព្ធខួប ៦៥ឆ្នាំ។ ប៉ុន្ដែទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីទីប្រឹក្សា នាយករដ្ឋមន្ដ្រីជប៉ុន បានមកកាន់កម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ដោយស្នើឲ្យបក្សកាន់អំណាច និងគណបក្សប្រឆាំងជួបចរចាគ្នាឡើងវិញ ។ តែសំណើនេះហាក់មិនទទួលបានការសាទរឡើយ ពីបក្សកាន់អំណាច។ តាមរយៈទស្សនកិច្ចរបស់លោក តារ៉ូកូណូ នាំឲ្យអ្នកសង្កេតការណ៍ផ្ដល់អនុសាសន៍ថា កម្ពុជាត្រូវទទួលយកសំណើជប៉ុនជាជាង ធ្វើឲ្យជប៉ុនខកចិត្ដ។
លោក លៀ ស៊ីណា រាយការណ៍ ៖
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃចន្ទ ទី២៦ ខែមីនានេះ បានបង្ហាញជាច្រើនអំពីតម្លៃ និងគុណសម្បត្ដិ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុននាំឲ្យ កម្ពុជាសរសើរជប៉ុនជាខ្លាំង ថា ជាប្រទេសមួយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។ បន្ថែមលើនេះ កម្ពុជាទទួលស្គាល់ជំនួយរបស់ជប៉ុននាំមកនូវការអភិវឌ្ឍ របស់កម្ពុជាទៀតផង។ ក្នុងសេចក្ដីថ្លែងការណ៍នេះ ភាគីកម្ពុជា បានពន្យល់ភាគីជប៉ុន ពីកម្ដៅនយោបាយនៅកម្ពុជា ដែលឈានដល់ការចាប់ខ្លួនមេបក្សប្រឆាំង និងការរំលាយគណបក្សសង្គ្រោះជាតិ ដោយអះអាងថា គឺជា សេចក្ដីសម្រេចរបស់តុលាការ។
ក្នុងជំនួបកាលពីថ្ងៃ ២៣ ខែមីនា ទីប្រឹក្សាជប៉ុនលើកឡើងពីការចរចាមួយ នាំឲ្យមានការធានាបានឡើងវិញ នៅការបោះឆ្នោតខែកក្កដា ខាងមុខ គឺស្របតាមច្បាប់អន្ដរជាតិ ហើយសហគមន៍អន្ដរជាតិក៏ទទួលស្គាល់លទ្ធផលបោះឆ្នោតនេះដែរ បើបក្សប្រឆាំងមួយនេះ ត្រូវបានអនុញ្ញាតិ ឲ្យចូលរួមការបោះឆ្នោតនោះ។ ចម្លើយពីកម្ពុជា ស្ថិតក្នុងស្ថានភាពស្ទាក់ស្ទើរ។
ដោយមើលឃើញដូចនេះ អ្នកសង្កេតការម្នាក់ដែលជំនាញកិច្ចការបោះឆ្នោត លោក កន សាវ៉ាង្ស ជាមន្ដ្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល មើលឃើញថា ជប៉ុន ពេលនេះ សម្រេចចិត្ដដើរតួនាទីជាអាជ្ញាកណ្ដាលសម្រាប់កម្ពុជាហើយ។ លោកទទូចថា បើកម្ពុជា បដិសេធន៍តួនាទីរបស់ជប៉ុននាំឲ្យជប៉ុន ខកចិត្ដ ហើយអាចងាកខ្លួនចេញពីកម្ពុជាដូចនឹងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែរ។ លោកថា យកល្អបក្សកាន់អំណាចនៅកម្ពុជា គួរតែពិចារណារឿងនេះ។
ដូចគ្នានេះដែរ លោក ព្រាប កុល បានសរសេរលើទំព័រហ្វេសប៊ុក របស់លោកថា ធ្វើយ៉ាងណាកុំឲ្យជប៉ុនប្រែប្រួលចិត្ដ ហើយអាចប្ដូរឥរិយាបថ បើស្ថានភាពមិនល្អមុនការបោះឆ្នោត។ យ៉ាងណាក៏ដោយអ្នកនាំពាក្យបក្សកាន់អំណាច ហាក់ទទួលស្គាល់ តួនាទីរបស់ជប៉ុនដើម្បីអភិវឌ្ឍប្រទេសកម្ពុជា។ លោក ផៃ ស៊ីផាន ប្រាប់វិទ្យុស្ដ្រីថា កន្លងមក ក៏ដូចជា ជំនួបមន្ដ្រីជប៉ុនកាលពីថ្ងៃទី២៣ ខែមីនា ជាមួយនិងមន្ដ្រីកម្ពុជា គឺជប៉ុននៅតែប្រកាន់ជំហរ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។
ជប៉ុនគឺជាប្រទេសផ្ដល់ជំនួយធំទី២ ដែលផ្ដល់ជំនួយមកកម្ពុជា បន្ទាប់ពីសហភាពអឺរ៉ុប។ ប្រទេសសេដ្ឋកិច្ចធំទី៣ នៅលើពិភពលោកនេះ មិនបានប្រកាន់ជំហរ មិនដកខ្លួនពីការផ្ដល់ជំនួយរបស់ខ្លួន ករណីការបោះឆ្នោតនៅកម្ពុជានោះទេ បើទោះជាអាមេរិក និងសហភាពអឺរ៉ុប ដែលជាសម្ព័ន្ធមិត្ដរបស់ខ្លួន បានព្យួរជំនួយរបស់ពួកគេក៏ដោយ។ តាមរយៈនេះ ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ជប៉ុនមានចំណុចខ្លាំង ទើបជប៉ុនប្រកាន់ជំហរ ដាក់ភាគីកម្ពុជាដូចនេះ៕