ភ្នំពេញ ៖ បាតុភូមិធម្មជាតិ ដែលមានជាអាទិ៍ខ្យល់ព្យុះ ខ្យល់កន្ក្រាក់ និងរន្ទះបាញ់ បានកើតឡើងពីដើមឆ្នាំមកដល់ចុងខែមីនានេះ បានបណ្ដាលឲ្យមនុស្លាប់ច្រើនជាងឆ្នាំមុន ប៉ុន្ដែចំនួនខ្យល់ព្យុះ និងខ្យល់កន្ក្រាក់មានតិចជាងឆ្នាំ២០១៧។
លោក លៀ ស៊ីណា រាយការណ៍ព័ត៌មាននេះ ៖
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រទេសកម្ពុជាបានរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ពីប្រទេសថៃ និងជ្រលសម្ពាធទាបពីសមុទ្រចិនខាងត្បូង ដែលនាំឲ្យប្រទេសកម្ពុជាមានមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ក្រាក់។
គិតមកដល់ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ លោក កែវ វី អ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់វិទ្យុស្ដ្រីថា ឥទ្ធិពលបាតុភូតធម្មជាតិ បានកើតឡើងបង្កឲ្យមានរន្ទះបាញ់សម្លាប់មនុស្ស ០៩នាក់ ក្នុងនោះមានស្ដ្រី ០៣នាក់ ហើយបង្កឲ្យមនុស្សរងរបួសចំនួន ០៩នាក់ និងងាប់គោ ក្របី ចំនួន ០៣ក្បាល។ អ្នកនាំពាក្យបន្ដទៀតថា យោងតាមចំនួននេះ បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ គឺចំនួនអ្នកស្លាប់បានកើនឡើង។
តែយ៉ាងណាបើគិតពីចំនួនខ្យល់ព្យុះ និងខ្យល់កន្ក្រាក់ ដែលវាយប្រហារផ្ទះប្រជាពលរដ្ឋ និងអគារផ្សេងៗ នៅដើមឆ្នាំ២០១៨នេះ គឺមានចំនួនតិចជាងឆ្នាំ២០១៧។ គិតពីខែមករា ដើមឆ្នាំរហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ខ្យល់ព្យុះ និងខ្យល់កន្ក្រាក់បានកើតឡើងចំនួន ២០លើក នៅក្នុងរាជធានី ខេត្ដ ចំនួន ០៨។ បង្កឲ្យខូចខាត និងរលំផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរ ៩៧ខ្នង ខូចខាតមធ្យម និងរបើកដំបូល ២០១ខ្នង របើកដំបូល សាលារៀន ៥អគារ និងបង្កឲ្យមនុស្ស ០២នាក់រងរបួស។
លោក កែវ វី ៖«ឆ្នាំទៅគឺយើងកើតមាន ៣០លើក នៅរាជធានី ខេត្ដ ចំនួន ១០។ ការខូចខាតមានផ្ទះរលំ និងខូចធ្ងន់ធ្ងរ ១១១ខ្នង ផ្ទះដែលរបើកដំបូង និងខូចខាតមធ្យម ៣៧៩ខ្នង របើកដំបូលសាលារៀន ០៦អគារ និងអគារផ្សេងៗ ១០អគារ។ ពលរដ្ឋរងគ្រោះស្លាប់១ របួស ០៧នាក់ ។ នេះបើយើងគិតថា រន្ទះបាញ់ឆ្នាំនេះច្រើនជាងឆ្នាំមុន តែបើគិតជា បាតុភាពខ្យល់ព្យុះអីអស់ហ្នឹង គឺវាតិចជាងឆ្នាំទៅ ក្នុងត្រីមាសទី១ ឆ្នាំ២០១៨»។
រន្ទះ បានប្រហារទៅលើពលរដ្ឋមួយចំនួន ខណៈពួកគេមិនមានការប្រុងប្រយ័ត្ន នៅពេលដែលមានភ្លៀងធ្លាក់ ដែលមានជាអាទិ៍ ពួកគេនៅតែបន្ដធ្វើការងារទាំងមានភ្លៀងធ្លាក់លាយឡំ និងផ្គររន្ទះ និងមួយវិញទៀតការមើលទូរទស្សន៍ ឬបន្ដបើកវិទ្យុ ឬក៏ចេញទៅដងទឹកដាក់ពាងជាដើម។
ទាក់ទិញចំណុចនេះ លោក កែវ វី មានប្រសាសន៍ថា កសិករពិតជាបានដឹង ពីគ្រោះថ្នាក់ ការដែលពួកគេបន្ដធ្វើការងារទាំងភ្លៀង ប៉ុន្ដែលោកថា ដោយសារជាទម្លាប់កសិករ កម្រនិងទុកការងាររបស់ខ្លួនចោល ហើយពួកគេតែងតែព្យាយាមបង្ហើយការងារ ទាំងនោះ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា វាជាហេតុងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងបំផុត។ ដើម្បីបង្ការគ្រោះថ្នាក់ដោយសាររន្ទះបាញ់ លោកសំណូមពរដល់ប្រជាពលរដ្ឋ កុំបន្ដធ្វើការងារនៅហាលភ្លៀង ត្រូវរួតរះត្រឡប់ទៅផ្ទះវិញ បិទទូរស័ព្ទ ទូរទស្សន៍ ឬក៏ចន្ដរអគ្គិសនីជាដើម។
លោក កែវ វី ៖«ពេលដែលថា មានភ្លៀងខ្យល់ ឲ្យបិទទូរស័ព្ទ ឲ្យបិទវិទ្យុបិទអីអញ្ចឹង ហើយពេលគាត់ធ្វើការនៅកណ្ដាលវាល ត្រូវរួតរះត្រឡប់មកផ្ទះ ឬក៏ថា កំពុងធ្វើការនៅលើផ្ទៃទឹក ឲ្យរួតរះត្រឡប់ផ្ទះអញ្ចឹង គឺដើម្បីបង្ការបញ្ហាគ្រោះថា្នក់ហ្នឹងហើយ»។
នៅចន្លោះពីដើមឆ្នាំ រហូតដល់អំឡុងខែឧសភា មុនឈានចូលរដូវវស្សា ខ្យល់ព្យុះ ខ្យល់កន្ក្រាក់ និងរន្ទះបាញ់ មានលក្ខណៈកាចសាហាវ ដែលជាពេលវេលាមួយ សម្រាប់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន។ ជាងនេះលោក កែវ វី ស្នើឲ្យប្រជាពលរដ្ឋត្រូវតាមដានឲ្យបានខ្ជាប់ខ្ជូន នូវព័ត៌មានស្ដីពីស្ថានភាពអាកាសធាតុ ដែលក្រសួងធន់ធានទឹកតែងតែផ្សព្វផ្សាយ ដើម្បីត្រៀមខ្លួនបង្ការជាមុន៕