ភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋក្នុងភូមិត្រពាំស្វាយ ឃុំស្វាយលើ ខេត្ដសៀម បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៤គ្រាប់ ខណៈទៅកាប់ឆ្ការព្រៃ នៅលើដីទួលដែលទំនេរទុកចោលជាយូរឆ្នាំ។
លោក ហួត សុបញ្ញា នាយរងប៉ុស្ដិ៍ស្ដីទី ស្រុកស្វាយលើ ខេត្ដសៀមរាប បានប្រាប់វិទ្យុស្ដ្រី ឲ្យដឹងនៅថ្ងៃទី២២ ខែមីនា នេះថា ភ្លាមៗក្រោយទទួលដំណឹងពីព្រជាពលរដ្ឋ អាជ្ញាធរបានទៅប្រមូលយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ មករក្សាទុកនៅប៉ុស្ដិ៍នគរបាល ហើយក៏ប្រគល់ជូនទៅអង្គការដោះមីនកម្ពុជា។
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មិនថា ទុករយៈពេលយូរប៉ុណ្ណានោះទេ ក៏វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សបានផងដែរ ប្រសិនបើមានការប៉ះទង្គិច។ លោកនាយរងប៉ុស្ដិ៍ស្ដីទី ហួត សុបញ្ញា សំណូមពរដល់ប្រជាពលរដ្ឋ នៅក្នុងករណីដែលបានជួបប្រទះសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសម័យសង្គ្រាម មិនថា ប្រភេទណានោះទេ ត្រូវតែរួសរាន់ផ្ដល់ដំណឹងទៅកាន់អាជ្ញាធរមូលដ្ឋាន និងមិនត្រូវប៉ះពាល់ ឬក៏យកគ្រាប់ទាំងនោះទៅកែច្នៃឡើយ។
គួរជម្រាបថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ មានប្រជាពលរដ្ឋ ២នាក់ បានរងរបួសធ្ងន់ធ្ងរ ម្នាក់បានដាច់ដៃ និងខូចខាតផ្ទៃមុខ ព្រោះតែការកែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងបំណងយកទៅបោកត្រី។ យ៉ាងណា ជុំវិញបញ្ហាកាកសំណល់ គ្រាប់យុទ្ធមិនទាន់ផ្ទុះនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រ ដើម្បីបោសសម្អាតគ្រាប់មីន ប្រឆាំងមនុស្សឲ្យអស់ត្រឹមឆ្នាំ២០២៥ ដោយសំដៅកាត់បន្ថយឲ្យបានច្រើនបំផុត នូវសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានានូវសុវត្ថិភាពជូនប្រជាជន និងសង្គមជាតិ៕