ភ្នំពេញ ៖ គណៈកម្មការ បណ្ដាញការងារស្ដ្រី រូបរួមគ្នា លើកឡើងថា ស្ដ្រីដែលបម្រើការងារក្នុងសេវាកម្សាន្ដ ឬក៏សេវាផ្លូវភេទ នៅតែប្រឈមការឆ្លងជំងឺអេដស៍ ជំងឺកាមរោគ និងទទួលរងអំពើហិង្សាពីបុរស។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ គណៈកម្មការបណ្ដាញការងារស្ដ្រី រូបរួមគ្នា ស្នើឲ្យស្ដ្រីទាំងអស់ យកចិត្ដទុកដាក់បង្ការការឆ្លងរោគឲ្យបានខ្លាំង និងពិសេស ត្រូវតែសិក្សាស្វែងយល់បន្ថែមទៀត អំពីសិទ្ធិរបស់ខ្លួន ដើម្បីគេចផុតពីការរំលោភបំពានផ្សេងៗ។
លោក លៀ ស៊ីណា រាយការណ៍ព័ត៌មាននេះ ៖
របាយការណ៍សិក្សាស្រាវជ្រាវរបស់ Wikipedia បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នមានរហូតដល់ជិត១៦លាននាក់ ដែលមាន ៥២ភាគរយជាស្ដ្រី។ ស្ដ្រីខ្មែរ បានចូលបម្រើការងារតាមវិស័យមួយចំនួនដែលមានជាអាទិ៍ វិស័យវាយនភណ្ឌ វិស័យទេសចរណ៍ និងសេវាកម្សាន្ដជាដើម។ ជាទូទៅស្ដ្រី តែងតែត្រូវបានរំលោភបំពានសិទ្ធិ មិនថា ស្ថិតក្នុងវិស័យណានោះទេ។ ក៏ប៉ុន្ដែបើយោងតាមការសង្កេតរបស់បណ្ដាញការងារស្ដ្រី រូបរួមគ្នា មើលឃើញថា ស្ដ្រីដែលធ្វើការងារក្នុងសេវាកម្សាន្ដ គឺប្រឈមការរំលោភបំពានសិទ្ធិខ្លាំងជាងគេ។
អ្នកស្រី កន ចិន្ដា គណៈកម្មការ បណ្ដាញការងារស្ដ្រី រូបរួមគ្នា មានប្រសាសន៍ថា ស្ដ្រីដែលធ្វើការងារកន្លែងផ្ដល់សេវាកម្សាន្ដ តែងតែត្រូវបានគេវាយតម្លៃថា ជាស្ដ្រីមិនល្អ ដែលមិនគួរឲ្យសេពគប់។ ត្រង់ចំណុចនេះអ្នកស្រី ចិន្ដា ចង់ឲ្យមនុស្សគ្រប់រូបផ្លាស់ប្ដូរគំនិតនេះ ហើយត្រូវគិតថា បើទោះជាពួកគាត់ធ្វើការងារបែបនោះមែនក៏ដោយ ក៏ពួកគាត់មានសិទ្ធិ និងមានសេចក្ដីថ្លៃថ្នូរ ដូចមនុស្សទូទៅដែរ។
បន្ថែមតែពីការសំណូមពរ ឲ្យបញ្ឈប់ការរើសអើងលើស្ដ្រី ដែលបម្រើក្នុងសេវាកម្សាន្ដ អ្នកស្រី កន ចិន្ដា ក៏សំណូមពរដល់ស្ដ្រី ដែលធ្វើការងារនៅក្នុងផ្នែកនេះ ត្រូវតែមានភាពក្លាហាន ស្វែងយល់អំពីច្បាប់ផ្សេងៗ ស្ដីពីសិទ្ធិរបស់ខ្លួន ដើម្បីបញ្ចៀសរាល់ការបំពាន និងការកេញប្រវ័ញ្ចកម្លាំងពលកម្ម ឬក៏ផ្លូវភេទ។
អ្នកស្រី កន ចិន្ដា ៖«ខ្ញុំចង់ឲ្យគាត់គួរដឹងថា គាត់ហ្នឹងជាមនុស្សនិងគេដែរ ហើយគាត់ត្រូវបានគេទទួលស្គាល់ថា គាត់ជាមនុស្សនៅក្នុងសង្គម ហើយគាត់ត្រូវទទួលបាននូវសិទ្ធិការងាររបស់គាត់ហ្នឹង គេមានច្បាប់ការងាររបស់គេ ដើម្បីឲ្យគាត់បានយល់ដឹងថា គាត់មកធ្វើការនៅកន្លែងហ្នឹង គាត់មិនត្រូវបាននណាម្នាក់បៀតបៀនលើរូបរាងកាយ ឬប្រើអំពើហិង្សាលើរូបរាងកាយ លើផ្លូវភេទ ឬក៏ផ្លូវអារម្មណ៍របស់គាត់ទេ»។
ជុំវិញរឿងនេះ លោកស្រី ធីតា ឃឹះ នាយិកាអង្គការ សីលការ ដែលធ្វើការងារលើកកម្ពស់សិទ្ធិស្ដ្រី មានប្រសាសន៍ថា ស្ដ្រីដែលបម្រើការងារក្នុងសេវាកម្សាន្ដ ត្រូវតែដឹងអំពីច្បាប់ ដែលចែងអំពីការការពារពួកគាត់ ដែលកំពុងធ្វើការក្រៅប្រព័ន្ធ។ លោកស្រី ធីតា បន្ដថា ការដឹងបានច្បាស់លាស់អំពីសិទ្ធិរបស់ខ្លួន នឹងធ្វើឲ្យស្ដ្រីគេចផុតពីការរំលោភបំពាន ក៏ដូចជាការលើកកម្ពស់សិទ្ធិរបស់ខ្លួន និងសិទ្ធិស្ដ្រីដទៃទៀត។
លោកស្រី ធីតា ឃឹះ៖«ស្ដ្រីដែលធ្វើការនៅកន្លែងមណ្ឌលកម្សាន្ដហ្នឹងគួរតែ ស្វែងយល់ថា យើងជាអ្នកដែលធ្វើការក្រៅប្រព័ន្ធហ្នឹងយើង មានច្បាប់អីខ្លះដើម្បីការពារខ្លួនយើង។ អញ្ចឹងទៅយើងត្រូវស្វែងយល់ពីរឿងហ្នឹង ហើយរៀនតស៊ូមតិ ដើម្បីយើងអាចការពារខ្លួនយើងបាន នៅក្នុងពេលដែលគេមានការរំលោភអីផ្សេងៗមកលើសិទ្ធិរបស់យើង»។
សូមជម្រាបថា យោងតាមអនុញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំង នឹងនារីភេទ ត្រង់មានត្រា ១១ បានចែងថា រដ្ឋភាគី ត្រូវចាត់វិធានការសមស្របទាំងអស់ ដើម្បីលុបបំបាត់រាល់ការរើសអើងប្រឆាំង នឹងនារីភេទ ក្នុងវិស័យការងារ ដោយផ្អែកលើមូលដ្ឋានសមភាពរវាងបុរស និងស្ដ្រី ដើម្បីធានានូវសិទ្ធិដូចគ្នា និងជាពិសេស សិទ្ធិធ្វើការងារ ដែលជាសិទ្ធិមិនអាចលក់ដូរ ផ្ទេរ ឬដកហូតបាន របស់មនុស្សជាតិគ្រប់រូប ។ សិទ្ធិមានឱកាសធ្វើការងារដូចគ្នា រួមមានការអនុវត្ដលក្ខណៈវិនិច្ឆ័យដូចគ្នាផង ក្នុងការជ្រើសរើសឲ្យធ្វើការងារ។ សិទ្ធិជ្រើសរើសដោយសេរីនូវវិជ្ជាជីវៈ និងការងារ សិទ្ធិឡើងស័ក្ដិ សិទ្ធិមានស្ថិរភាពការងារ ទទួលបានប្រាក់បំណាច់ និងល័ក្ខខ័ណ្ឌការងារ សិទ្ធិទទួលបានការបណ្ដុះបណ្ដាល និងវិក្រិតការខាងវិជ្ជាជីវៈ រួមទាំងការហ្វឹកហាត់ការងារ សុក្រឹតការ ខាងវិជ្ជាជីវៈ និងការបណ្ដុះបណ្ដាលជាអន្ដ្រៃយ៍ផងដែរ៕