en     km
en     km

សហជីពសាទរការតម្កល់ប្រាក់បំណាច់នៅ បសស ទុកបើកឱ្យកម្មករពេលថៅកែរត់ចោល

Share

ភ្នំពេញ៖ សហជីពដែលគាំទ្រកម្មករ មានសុទិដ្ឋិនិយមថា យុទ្ធសាស្រ្តដែលក្រសួងការងារកំពុងឈានទៅបង្កើតច្បាប់ តម្រូវឱ្យរោងចក្រតម្កល់ប្រាក់បំណាច់នៅបេឡាជាតិរបបសន្តិសុខសង្គម គឺជាវិធីសាស្ត្រល្អក្នុងការការពារផលប្រយោជន៍របស់កម្មករពេលថៅកែរត់ចោល។

 

                                           សកម្មភាពកម្មករកំពុងកាត់ដេរសំលៀកបំពាក់នៅរោងចក្រអក្សារ។រូបភាពWMC

 

ការបង្ហាញក្ដីរំពឹង ពីក្រុមសហជីព សាទរយុទ្ធសាស្រ្តដែល«តម្រូវឱ្យរោងចក្រតម្កល់ប្រាក់បំណាច់នៅបេឡាជាតិរបបសន្តិសុខសង្គមនេះ»គឺបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការងារបានថ្លែងថា សេចក្តីប្រកាសថ្មីដែលក្រុមមន្រ្តីកំពុងព្រាងនេះ នឹងជួយបង្ការហានិភ័យនៅពេលថៅកែរត់ចោលកម្មករដោយប្រការណាមួយ។

ការថ្លែងរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ ធ្វើឡើងក្នុងពិធីសន្និ បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំកាលពីម្សិលមិញ(ថ្ងៃទី១៣មីនា)។

លោក អ៊ិត សំហេង បន្តថា យុទ្ធសាស្រ្តថ្មីនេះ នឹងជួយការពារផលប្រយោជន៍ជូនកម្មករប្រសិនបើរោងចក្របិទទ្វារភ្លាមៗ គឺ«បសស»នឹងសងប្រាក់បំណាច់ទៅកម្មករជំនួសរោងចក្រ។ បើតាមលោក អ៊ិត សំហេង ក្រសួង មានក្តីបារម្ភជាច្រើនចំពោះបញ្ហាថៅកែរត់ចោលរោងចក្រដែលជាបញ្ហាកើតមានជាយូរមកហើយ។

                                                         ​លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ។

 

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា (ស៊ីខៅឌូ) បានប្រាប់វិទ្យុស្រ្តីថា លោកសាទរចំពោះក្រសួងដែលកំពុងរៀបចំធ្វើសេចក្តីព្រាងស្តីពី ប្រការតម្រូវតម្កល់ប្រាក់បំណាច់នៅ បសស សម្រាប់ទុកបើកជូនកម្មករពេលក្រុមហ៊ុន ឬរោងចក្រក្ស័យធននេះ។ លោកបន្តថា បញ្ហាបាតុកម្ម ឬកូដកម្មរបស់កម្មករនាពេលកន្លងមក ភាគច្រើនគឺកើតចេញពីថៅកែបិទទ្វាររោងចក្ររត់ចោលកម្មករ មិនទូទាត់ប្រាក់អតីតភាព និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។

លោក អាត់ ធន់៖«ក្រសួងព្រាងនឹងធ្វើច្បាប់ស្តីពីការរក្សាទុកប្រាក់បំណាច់ផ្សេងៗ កិច្ចសន្យារបស់កម្មករដើម្បីទូទាត់ នៅពេលក្រុមហ៊ុនរត់ចោល ឬហានិភ័យផ្សេងនៅបេឡាខ្ញុំគិតថា វាជារឿងល្អព្រោះដោយសារតែកន្លងមកអតីតភាពទាំងអស់ហ្នឹងគឺជាលុយរបស់កម្មករ ប៉ុន្តែពេលថៅបិទទ្វារ ថៅកែរត់ចោល ថៅកែបញ្ឈប់កម្មករគឺកម្របានបើកឱ្យកម្មករណាស់។ មិនត្រឹមតែមិនបង់នោះទេ ថៅកែខ្លះយកអាលុយហ្នឹងយកទៅធ្វើរឿងរ៉ាវផ្សេងៗរហូតដល់មានខ្លះបង្កជារឿងប្តឹងកម្មករ ធ្វើបាបកម្មករទៀតផង»។

                             លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា(ស៊ីខៅឌូ)

 

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសថា រដ្ឋាភិបាលបានកំណត់ប្រាក់ចំនួន ៤,៦ លានដុល្លារដើម្បីសងប្រាក់បំណាច់ទៅកម្មករនៅរោងចក្រចំនួន ៩ ដែលថៅកែបានបិទរោងចក្រភ្លាមៗ និងរត់គេចខ្លួនចោលកម្មករ។ ការប្រកាសនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីថៅកែរោងចក្រកាត់ដេរស្ថិតក្នុងខ័ណ្ឌពោធិសែនជ័យចំនួន ៣ បានបិទទ្វាររោងចក្រ ហើយរត់គេចខ្លួន ខណៈកម្មករក្នុងរោងចក្រទាំងនោះទៅចូលរួមពិធីសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំរបស់ក្រសួងការងារកាលពីថ្ងៃម្សិលមិញនោះដែរ លោករដ្ឋមន្រ្តី   អ៊ិត សំហេង លើកឡើងថា ក្រសួងមិនចង់យកតែថវិការបស់រដ្ឋាភិបាលទៅសងកម្មករនោះទេ ដោយក្រសួងចង់បង្កើតប្រព័ន្ធមួយដែលមានការបង់ជាទៀងទាត់ដល់កម្មករពេលមានបញ្ហាបិទរោងចក្រកើតឡើង។ ជាងនេះទៀត លោករដ្ឋមន្រ្តីបានទទួលស្គាល់ថា មានរោងចក្រកាត់ដេរប្រមាណ ២០ បានប្រឈមមុខនឹងបញ្ហាដូចគ្នានេះចាប់តាំងពីឆ្នាំ ២០១៦ ប៉ុន្តែលោកអះអាងថា រោងចក្រទាំងអស់ត្រូវបានដោះស្រាយនៅសល់តែរោងចក្រចំនួន ៩ តែប៉ុណ្ណោះ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង