ភ្នំពេញ ៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលថ្នាក់ក្រោយជាតិ និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS បានប្រគល់កិច្ចព្រមព្រៀងមូលនិធិអភិវឌ្ឍន៍សហគមន៍ របស់គម្រោងរេដបូក ដល់ប្រជាសហគមន៍ចំនួន ២០ភូមិ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ការប្រគល់មូលនិធិនេះ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ជាប្រាក់ចំណូលសម្រាប់សហគមន៍ និងលើកទឹកចិត្ដ ជំរុញការការពារព្រៃឈើ និងសត្វព្រៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គការ WCS ដែលបានផ្ញើមកកាន់មណ្ឌលព័ត៌មានស្ដ្រីកម្ពុជា នៅថ្ងៃទី១៣ ខែមីនានេះ។
លោក លៀ ស៊ីណា រាយការណ៍ ព័ត៌មាននេះ៖
គម្រោងរេដបូក គឺជាគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្ដាលមកពីការបាត់បង់ព្រៃឈើ និងការសឹករេចរិលនៃព្រៃឈើ។ គម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីម៉ា ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកជាង ១៤លានតោន សម្រាប់រយៈពេល ១០ឆ្នាំ ចម្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ ២០១៩។ តាមរយៈកិច្ចព្រមព្រៀងនេះ សហគមន៍ និងទទួលបានថវកាពីការលក់ឥណទានកាបូន នៃដែនជម្រកសត្វព្រៃកែវសីមា សម្រាប់ការងារអភិវឌ្ឍន៍សហគមន៍ ជាអាទិភាពរបស់ពួកគាត់ ដែលមានដូចជា ការទទួលបានទឹកស្អាត និងសាងសង់ស្នាក់ការសហគមន៍សម្រាប់ប្រជុំជាដើម។
លោក សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួបរិស្ថាន មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីលើកទឹកចិត្ដនិងជំរុញការការពារព្រៃឈើ និងសត្វព្រៃ ក៏ដូចជាជាការផ្ដល់ប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅ របស់ប្រជាសហគមន៍ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមាផងដែរ។ ចាប់ពីពេលនេះតទៅប្រជាសហគមន៍ អាចប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន នៃដែនជម្រកសត្វព្រៃកែវសីមា សម្រាប់ការអភិវឌ្ឍសហគមន៍របស់គាត់ ដែលមានជាអាទិ៍ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការជីកអណ្ដូងទឹក ឬរៀបចំសហគ្រាសសហគមន៍ជាដើម។
ជុំវិញរឿងនេះ លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា មានប្រសាសន៍ដែរថា ប្រជាសហគមន៍បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារព្រៃឈើ និងសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ឲ្យស្ថិតនៅគង់វង្សជាច្រើនជំនាន់មកហើយ។ បន្ថែមពីនេះ គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ការគាំទ្រពីស្ថាប័នរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាម្ចាស់ជំនួយនានា ក្នុងការរួមចំណែក ថែរក្សាព្រៃឈើ និងសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ឲ្យបានគង់វង្ស។
សូមជម្រាបថា ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងខេត្ដមណ្ឌលគិរី គឺជាអតីតព្រៃការពារសីមា បានផ្ដល់ជាទីជម្រកដល់សត្វព្រៃ និងរុក្ខជាតិជាង ៦០ប្រភេទ ដែលស្ថិតក្នុងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជារុក្ខជាតិប្រភេទរងការគំរាមកំហែងជាសាកល។ ដែនជម្រកសត្វព្រៃមួយនេះ ក៏មានសារសំខាន់ជាសាកលផងដែរ សម្រាប់ការអភិរក្សប្រភេទសត្វពានរ ដូចជាស្វាកន្ទុយ ស ទោចថ្ពាល់លឿង ពពួកខ្លា ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនប្រភេទផ្សេងៗទៀតផងដែរ៕