en     km
en     km

កម្ពុជា​ សោកស្ដាយ​ដែល​អង្គការសហប្រជាជាតិ​ ចោទ​ខ្លួន​ថា​ កំពុង​រឹតត្បិត​សិទ្ធិ​មនុស្ស​ និង​សេរីភាព​បញ្ចេញមតិ​

Share

​ភ្នំពេញ​ ៖​ តំណាង​អចិន្ដ្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ​ ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វី​ស​ លោក​ ណី​ សំ​អុល​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ ដោយ​បង្ហាញ​ការ​សោកស្ដាយ​ ដែល​ឧត្ដមស្នងការ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ មិន​ទទួលស្គាល់​នូវ​លទ្ធផល​សម្រេច​បាន​មួយ​ចំនួន​ ដែល​កម្ពុជា​បាន​ធ្វើ​ក្នុង​ការ​លើកកម្ពស់​ និង​ការពារ​សិទ្ធិ​មនុស្ស​។​

​បន្ថែម​ពី​នេះ​ តំណាង​អចិន្ដ្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ​ បញ្ជាក់​ទៀត​ថា​ លោក​ពិតជា​មានការ​សោកស្ដាយ​ ដែល​ឧត្ដមស្នងការ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​ បាន​ចោទប្រកាន់​កម្ពុជា​ ដោយ​ពុំ​មាន​ភស្ដុ​តាង​គ្រប់គ្រាន់​ ដែល​ថា​ វិធានការ​ច្បាប់​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឡើង​ គឺ​ក្នុង​គោលបំណង​រឹតត្បិត​សេរីភាព​ នៃ​ការ​បញ្ចេញមតិ​ និង​ជា​ការ​បង្រួម​នូវ​លំហរ​ផ្នែក​នយោបាយ​ ដោយ​គ្រាន់តែ​ផ្អែក​ទៅ​លើ​ប្រភព​ព័ត៌មាន​ ដែល​គ្មាន​ការ​បញ្ជាក់​ច្បាស់លាស់​ មិន​អាច​ជឿ​ទុកចិត្ដ​បាន​ និង​មាន​ចរិត​នយោបាយ​។​

​សេចក្ដីថ្លែងការណ៍​ដដែល​បាន​បន្ដ​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​សកម្មភាព​ការងារ​ ដែល​គ្មាន​អ្វី​ខុស​ប្លែក​ពី​បណ្ដា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ផ្សេងៗ​ទៀត​នោះ​ទេ​។​ រាជរដ្ឋាភិបាល​កម្ពុជា​ មាន​កាតព្វកិច្ច​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ និង​សណ្ដាប់ធ្នាប់​ ដោយ​ពុំ​មានការ​រើសអើង​ចំពោះ​តួនាទី​ឋានៈ​បុគ្គល​ណាមួយ​ឡើយ​។​ បុគ្គល​ដែល​ប្រព្រឹត្ដ​ល្មើសច្បាប់​ មិន​ថា​ ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ អ្នកនយោបាយ​ អ្នក​សារព័ត៌មាន​ ឬ​ជា​សមាជិក​នៃ​អ្នកគាំទ្រ​ របស់​គណបក្ស​នយោបាយ​នោះ​ទេ​ ពួក​គេ​គឺ​ត្រូវ​តែ​ទទួលទោស​ចំពោះ​ការ​ប្រព្រឹត្ដ​ល្មើសច្បាប់​របស់​ពួក​គេ​។​

​តែ​យ៉ាងណា​ បើ​ទោះបីជា​តំណាង​អចិន្ដ្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ​ មានការ​សោកស្ដាយ​ ការ​ដែល​ឧត្ដមស្នងការ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​ ចោទប្រកាន់​កម្ពុជា​ ថា​ កំពុង​រំលោភសិទ្ធិ​មនុស្ស​ រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ និង​បង្រួម​លំហរ​ផ្នែក​នយោបាយ​យ៉ាងណា​ក្ដី​ ក៏​កម្ពុជា​នៅ​តែ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ក្នុង​ការ​ចូលរួម​ និង​សហការ​ជាមួយ​ នូវ​គ្រប់​យន្ដ​ការណ៍​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង