គីមជុងអ៊ុន និង លោក ដូណាល់ ត្រាំ ទំនងនឹងជួបគ្នាជាលើកដំបូងនៅចុងខែឧសភា ឆ្នាំ ២០១៨ នេះ។ លោក ត្រាំ ដែលបានទទួល ការផ្តល់ព័ត៌មានពីមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងថា លោកគីមជុងអ៊ុន ពិតជាចង់ជួបលោកមែននោះ បានធ្វើឲ្យ លោកត្រាំ បង្ហាញឆន្ទៈភា្លមហើយប្រាប់ថា លោកចង់ជួបគ្នាជាមួយនឹងលោកគីមជុងអ៊ុនចុងខែឧសភា។ តែសម្រាប់ក្រុងប៉េកាំង ហាក់ដូចជាបង្ហាញនូវភាពស្ទាក់ស្ទើរនឹងការចេញសេចក្តីថ្លែងការស្វាគមន៍។
តើមានហេតុផលអ្វីខ្លះ បានជាចិនស្ទាក់ស្ទើរដូចនេះ?
លោក សេរី វឌ្ឍនៈ ជូនការវិភាគដូចតទៅ៖
នៅសល់ជិត ៣ ខែទៀតប៉ុណ្ណោះ ជំនួបកំពូលរវាង លោក គីម ជុងអ៊ុន មេដឹកនាំ កូរ៉េខាងជើង និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នឹងចាប់ផ្តើម។
ព័ត៌មាននេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅទូទាំង ពិភពលោក ហើយពេលនេះ ប្រទេសមួយចំនួន ចាប់ផ្តើមសាទរ តែសម្រាប់ប្រទេសចិនវិញ មហាសម្ព័ន្ធមិត្តរបស់ប្រទេសកូរ៉េខាងជើងហាក់ដូចជា បង្ហាញភាពស្ទាក់ស្ទើរ ក្នុងការស្វាគមន៍ជំនួបរបស់មេដឹកនាំទាំង ២ នេះ។
សារព័ត៌មានចិន បានចុះផ្សាយថា ក្រសួងការបរទេស របស់ប្រទេសមហាអំណាចនេះ សម្តែងអារម្មណ៍ដោយប្រុងប្រយ័ត្ន ហើយចាត់ទុកថា ព័ត៌មាននេះ ហាក់ដូចជាលឿនពេកទោះបីខ្លួន ចង់ឃើញជំនួប រវាង មេដឹកនាំទាំង ២ កើតឡើងឆាប់ៗ ក៏ដោយ។
អ្វីដែលនាំឲ្យក្រុងប៉េកាំង សំដែងការប្រុងប្រយ័ត្នដូចនេះ?
នរណាក៏ដឹងដែរថា ក្រុងប៉េកាំង និង ក្រុងព្យុងយ៉ាងគឺជា មហាមិត្តនឹងគ្នា ដែលមិនអាចខ្វះបាន។ ប្រទេសកុម្មុយនីស្តទាំង ២ នេះ មានព្រំដែនជាប់គ្នា តែប្រទេសចិនជាម្ចាស់ជោគវាសនា លើរបបក្រុងព្យុងយ៉ាង។
របបក្រុងព្យុងយ៉ាងអាចទ្រទ្រង់ ជិវិតរបស់ខ្លួនបានមកដល់ពេលនេះ ក៏ជាការរួមចំណែកដ៏ធំរបស់ទីក្រុងប៉េកាំង ផងដែរ។
ទីក្រុងប៉េកាំង បានដាក់ការវិនិយោគទុនយ៉ាងច្រើន លើប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាការជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេស ផលិតអាវុធនុយក្លេអ៊ែរ ដ៏ភ័យខ្លាចនេះ។
ជំនួបរវាង គីមជុងអ៊ុន និង ដូណាល់ត្រាំ ដែលធ្វើឲ្យចិនមានអារម្មណ៍សាទរតិចតួចជាងគេ បើធៀបនឹងកូរ៉េខាងត្បូង ជប៉ុន និង រុស្សី ជាប្រទេសជាប់ពាក់ព័ន្ធនឹងកិច្ចប្រជុំ ៦ ភាគី នៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
អ្វីនាំឲ្យគីមជុងអ៊ុន បង្ហាញឆន្ទៈចង់ជួបដូណាល់ត្រាំ?
ក្រោយពីស្ថានភាព និង របបទ្រទ្រង់សង្គម កាន់តែប្រឈមមុខនឹងគ្រោះថ្នាក់ គីមជុងអ៊ុន មេដឹកនាំក្បាលរឹង វ័យក្មេងនៃរបបកុម្មុនីស្ត ក្រុងព្យុងយ៉ាងហាក់ដូចជា ស្លន់ស្លោរបន្តិច ដោយសារតែ ការទ្រាំរស់ដោយគ្មានពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាងនាំឲ្យ ងាយគ្រោះថ្នាក់ដល់របបដឹកនាំរបស់ខ្លួន។
ការបន្ទន់ចិត្តដ៏គួរឲ្យភ្ញាក់ផ្អើល របស់លោកគីមជុងអ៊ុន ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ត្រាំបាន រៀបចំដាក់ទណ្ឌកម្មមួយដំណាក់កាលទៀត ដោយបិទច្រកសមុទ្រប្រទេសកូរ៉េខាងជើងទាំងស្រុង ហើយព្រមានរឹបអូសនាវាណាដែរដឹកប្រេង ទៅផ្គត់ផ្គង់របបក្រុងព្យុងយ៉ាង។
ដំណឹងនេះ បានធ្វើឲ្យកូរ៉េខាងជើង ចាប់ផ្តើម ផ្ញើសារបន្តិចម្តងៗ ទៅឲ្យលោកត្រាំ ដោយបន្ថយសង្គ្រាម វោហាសាស្រ្ត ព្រោះទណ្ឌកម្ម របស់សហគមន៍អន្តរជាតិ ដាក់មកលើ របបក្រុងព្យុងយ៉ាងកន្លងមកនេះ មានភាពជោគជ័យជាខ្លាំងធ្វើឲ្យចិនខាតបង់ ទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើងរាប់ពាន់លានដុល្លារ។
តើក្រុងព្យុងយ៉ាងសុខចិត្តរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរឬទេ?
ទំនងពិបាកណាស់ ដែលកូរ៉េខាងជើង យល់ព្រមរំលាយអាវុធនុយក្លែអ៊ែររបស់ខ្លួនជាថ្នូរនឹងសន្តិភាព ដោយមានការធានា ពីសហគមន៍អន្តរជាតិ ជាពិសេសគឺអាមេរិក។
ការរំលាយអាវុធនុយក្លេអ៊ែរស្មើនឹងចុះចាញ់សង្គ្រាមយ៉ាងពិតប្រាកដហើយអ្នកឈ្នះ គឺលោកត្រាំ និងសហរដ្ឋអាមេរិក។ អ្នកចាញ់គឺក្រុងប៉េកាំង និង ក្រុងព្យុងយ៉ាង។ បើដូច្នេះមែន ទំនងក្រុងព្យុងយ៉ាងមិនងាយរំលាយអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយគ្មានហេតុផលនោះទេ។ អ្វីនៅពីក្រោយនេះ អាចមកពីក្រុងព្យុងយ៉ាងខកចិត្តនឹងក្រុងប៉េកាំងដែលចូលរួមជាមួយអាមេរិក ដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួន។
តែយ៉ាងណាក៏ដោយ ក្រុងប៉េកាំងមិនចង់ឃើញ កូនជឹងរបស់ខ្លួន របេះចេញពីស្មារ ហើយទៅជ្រកក្រោមស្មាររបស់អាមេរិកនោះទេ។
បើដូច្នេះ មែនកូរ៉េខាងជើង និង កូរ៉េខាងត្បូងអាចនឹងក្លាយជាប្រទេសតែមួយឡើងវិញបាន ហើយ ក្រុងប៉េកាំង ចាប់ផ្តើម ធ្លាក់ឥទ្ធិពលពីប្រទេសមហាអំណាច។
តែយ៉ាងនេះក្តី ជំនួបចុងខែឧសភារវាង គីម ជុងអ៊ុន និង ដូណាល់ ត្រាំ បើអាចធ្វើបានមានអ្វីកើតឡើងទៀត ក្រោយជំនួប គឺ សង្គ្រាម ឬ ក៏សន្តិភាព៕