en     km
en     km

​ពិភពលោក​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​មាន​រូបភាព​ខុសៗ​គ្នា​

Share

                          ក្រុមស្រ្តីជនជាតិហ្វីលីពីនតវ៉ាទាមទារសិទ្ធិរបស់ពួកគេ។Photo: Taken from The Asian Age.

​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិ​ស្ត្រី​កំពុង​ឃ្លាំមើល​ទិដ្ឋភាព​នៃ​ប្រទេស​ទូ​ទាំង​ពិភពលោក​ដែល​ធ្វើ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ នារី​៨​មីនា​ ក្រោម​ប្រធានបទ​រួ​មួយ​គឺ​«​ពេលវេលា​មក​ដល់​ហើយ​»​។​
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ Antonio​ Guterres​ នឹង​ថ្លែង​សុន្ទរកថា​ចេញពី​បុរី​​ញូយ៉ក​ដោយ​លោក​នឹង​ផ្ដោត​ពី​ប្រធានបទ​នេះ​ ហើយ​ធ្វើការ​អំពាវនាវ​សុំ​ឱ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់​រួម​គ្នា​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ក្នុង​គ្រប់​វិស័យ​ទាំង​ស្ត្រី​រស់នៅ​ជនបទ​និង​ទីក្រុង​។​

​ទិវា​អន្តរជាតិ​នារី​៨​មីនា​ ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ ។​ សម្រាប់​៨​មីនា​ឆ្នាំ​២០១៨​នេះ​ គឺជា​ខួប​ ទី​១០៧​។​គោលបំណង​នៃ​ការ​ប្រារព្ធ​នេះ​គឺ​ ដើម្បី​ ឆ្លុះ​បញ្ចាំង​អំពី​សមិទ្ធផល​របស់​ស្ត្រី​ និង​ បញ្ហា​របស់​ស្ត្រី​ ក្នុង​រយៈ​មួយ​ឆ្នាំ​ ដែល​ស្ត្រី​ទូ​ទាំង​ពិភពលោក​ បាន​ជួប​ផល​លំបាក​។​ គោលបំណង​នៃ​ការ​ប្រារព្ធ​នេះ​ ក៏​ជំរុញ​ឱ្យ​មាន​ សមភាព​ការងារ​ នៅ​ក្នុង​ស្ថាន​ប័ន​ជាតិ​អន្តរជាតិ​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​គម្លាត​ឆ្ងាយ​ពេក​រវាង​បុរស​និង​ស្ត្រី​។​

​ពិភពលោក​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​ មាន​រូបភាព​ខុសៗ​គ្នា​ ​មិន​មាន​អ្វី​ខុស​ប្លែង​ពី​ឆ្នាំ​មុន​នោះ​ទេ​។​ នៅ​ឆ្នាំ​២០១៨​នេះ​ ប្រទេស​មួយ​ចំនួន​ បាន​ប្រើប្រាស់​ប្រធានបទ​នៃ​ការ​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​នេះ​ មាន​ខុសៗ​គ្នា​ ទោះបី​ អង្គការសហប្រជាជាតិ​ បាន​កំណត់​ប្រធានបទ​រួម​ក៏​ដោយ​។​ តែ​យ៉ាងណា​ ប្រធានបទ​នៃ​ប្រទេស​ទាំងនោះ​ សុទ្ធតែ​ជំរុញ​និង​លើកទឹកចិត្ត​ស្ត្រី​ ក្នុង​វិស័យ​សាធារណៈ​ឱ្យ​មាន​ចំនួន​កាន់​ច្រើន​ដោយ​ចាត់​ទុក​ស្ត្រី​ជា​អាទិភាព​មួយ​នៃ​កម្លាំង​សេដ្ឋកិច្ច​។​

​តែ​ជាមួយ​គ្នា​នេះ​ ស្រី្ត​នៅ​ប្រទេស​មួយ​ចំនួន​ បាន​ចាប់​យក​ឱកាស​នេះ​ ដើម្បី​ធ្វើការ​តវ៉ា​ អំពី​សិទ្ធិ​ស្ត្រី​ ដែល​ត្រូវ​បាន​បំភ្លេច​ និង​រំលោភ​បំពាន​។​ ស្ត្រី​នៅ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អា​គ្នេ​យ៌​និង​អាស៊ី​ខាងត្បូង​ បាន​ដើរ​តវ៉ា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ ផ្ដល់​ឱកាស​ឱ្យ​បាន​ច្រើន​ដល់​ស្ត្រី​ក្នុង​សកម្មភាព​សង្គម​ ។

​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ឌូ​ទើ​តេ​ ក្រុម​ស្ត្រី​បាន​ដើរ​តវ៉ា​តាម​ផ្លូវ​ទាម​ទរ​ឱ្យ​មេដឹកនាំ​រូប​នេះ​ ទទួលស្គាល់​សិទ្ធិ​របស់​ស្ត្រី​ខណៈ​ពួក​លើក​បដា​ ប្រឆាំង​នឹង​អំណាច​ របស់​លោក​ទើ​តេ​ ដែល​និយម​ហិង្សា​។​ នៅ​ប្រទេស​ប៉ា​គិ​ស្ថាន​និង​អា​ហ្គា​និ​ស្ថាន​ ក្រុម​ស្ត្រី​បាន​លើក​បដា​ ដោយ​សរសេរ​ថា​ កុំ​ចាត់​ទុក​កម្មការិនី​ ជា​ទាសករ​របស់​ខ្លួន​ ។​

      ប៉ូលិសស្រ្តីវៀតណាមឈរបញ្ជាចរាចរណ៍ក្នុងថ្ងៃទីវាអន្តរជាតិស្រ្តី ៨ មីនា ឆ្នំា ២០១៨។ Photo: Taken from VOV news

​នៅ​ប្រទេស​វៀតណាម​ ស្ត្រី​ជា​ប៉ូលិស​ចរាចរ​បាន​បង្ហាញខ្លួន​យ៉ាង​សង្ហា​ កាន់​ឆ័​ត្រ​ធ្វើ​ចរាចរ​នៅ​លើ​ដង​វិ​ថី​នានា​នៅ​រដ្ឋធានី​ហាណូយ​ដែល​ជា​ការ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្ញើ​ល​ជា​ខ្លាំង​ដល់​អ្នក​ធ្វើ​ដំណើរ​។​ យ៉ាងណា​ ក៏​ដោយ​ស្ត្រី​ប៉ូលិស​ចរាចរ​ទាំងនោះ​បាន​ទទួល​ការ​សរសើរ​ពី​អ្នក​ធ្វើ​ដំណើរ​។​

​នៅ​ប្រទេស​ចិន​ ស្ត្រី​ជា​ភរិយា​របស់​កម្មាភិបាល​បក្ស​កុំ​ម្មុ​យ​និ​ស្ត​បាន​ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ សាល​ប្រជុំ​របស់​ប្រជាជន​ ដោយ​កាន់​បាច់ផ្កា​ ជូន​ស្ត្រី​ថ្នាក់ដឹកនាំ​បក្ស​ដោយ​ក្ដី​រំភើប​។​

​នៅ​ប្រទេស​ភូមា​ លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​ ថ្លែង​សុន្ទរកថា​ ដោយ​ទឹកមុខ​ស្ងួត​ដោយសារ​ វិបត្តិ​សិទ្ធិ​មនុស្ស​ នៃ​សហគមន៍​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ ដែល​រង​ទុក្ខទោស​ ដោយសារ​ការ​វាយ​បង្ក្រាប​ដោយ​ពួក​យោធា​។​ តែ​បែប​នេះ​ក្ដី​ លោកស្រី​នៅ​តែ​ ទទូច​សុំ​ឱ្យ​ចាត់​ទុក​ស្ត្រី​ជា​ច​លករ​មួយ​នៃ​សង្គមមនុស្ស​ ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។​

​ចំណែក​នៅ​ប្រទេស​ឥណ្ឌា​វិញ​ នាយក​រដ្ឋមន្ត្រី​ណា​រិ​ន​ដ្រា​ម៉ូ​ឌី​ បាន​ ទៅ​ជួប​ស្ត្រី​ម្នាក់​អាយុ​១០៦​ឆ្នាំ​ ដោយ​លើកដៃ​សំពះ​ និង​ចាត់​ទុក​ស្ត្រី​រូប​នេះ​ថា​ ជា​មាតា​នៃ​កូនស្រី​ដ៏​ល្អ​ ទោះជា​បី​ជា​ក្រីក្រ​ តែ​ត្រូវ​រក​ប្រាក់​ដើម្បី​សង់​បង្គន់​អនាម័យ​ឱ្យ​កូនស្រី​។​

​នៅ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ ដូច​ជា​នៅ​ប្រទេស​ អង់គ្លេស​ អៀ​ឡង់​ ជាដើម​ ក្រុម​ស្ត្រី​ ធ្វើ​ក្បួន​អបអរសាទរ​ ដោយ​ទឹកមុខ​រីករាយ​នៃ​ការ​សម្ដែង​សិទ្ធិ​របស់​ពួក​គេ​។​

​តែ​ទន្ទឹម​នឹង​នេះ​ ស្ត្រី​នៅ​ប្រទេស​មួយ​ចំនួន​ ទំនង​មិន​បានដឹង​ថា​ ថ្ងៃនេះ​ ជាទី​វា​សិ​ទិ្ធ​នារី​អន្តរជាតិ​៨​មីនា​នេះ​ទេ​។​ ពួក​គាត់​នៅ​តែ​ដេក​លើ​គំនរ​សម្រាម​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ជាទី​ស្រឡាញ់​ដែល​ធ្វើ​យ៉ាងណា​អោយ​កូន​បាន​ទៅ​សាលារៀន​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង