ភ្នំពេញ៖ក្រសួងការពារជាតិប្រកាសឲ្យប្រជាពលរដ្ឋកុំទៅតំបន់ធ្វើលំហាត់ឬសមយុទ្ធបាញ់គ្រាប់ពិតរបស់កងយោធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិននៅតំបន់ភ្នំធំព្រះព្រៅស្ថិតនៅក្នុងភូមិថ្លុកដូនស ឃុំ ក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៨។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិចេញផ្សាយនៅថ្ងៃទី៧ ខែមីនានេះបានប្រាប់ទៅប្រជាពលរដ្ឋក្រសួងស្ថាប័ននិងអាជ្ញាធរដែនដីកុំឲ្យមានការភ្ញាក់ផ្អើលចំពោះសំឡេងផ្ទុះអាវុធនិងការចល័តកងទ័ពនិងសព្វាវុធដែលក្រសួងថានេះគឺជាការធ្វើលំហាត់«នាគមាសឆ្នាំ២០១៨»រួមគ្នារវាងកងយោធ ពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិន។
ការធ្វើលំហាត់«នាគមាសឆ្នាំ២០១៨»ក្រោមប្រធានបទ«ប្រឆាំងភេរវកម្ម»និង»ការងារមនុស្សធម៌»ដោយមានការប្រើប្រាស់អាវុធនិងរថពាសដែកក្នុងការលំហាត់បាញ់គ្រាប់ពិតដើម្បីរំលឹងខួប៦០ឆ្នាំទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថាការធ្វើលំហាត់បាញ់គ្រាប់ពិតរវាងកងទ័ពកម្ពុជា-ចិនក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍យោធា ពង្រឹងសមត្ថិភាពកងទ័ពនិងទំនាក់ទំនង់សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បញ្ជាក់ថាលំហាត់សមប្រយុទ្ធយោធានេះកងទ័ពកម្ពុជាមានចំនួន២៨០នាក់និងកងទ័ពចិនមានចំនួន១៩០នាក់ដោយប្រើប្រាស់កាំភ្លើងធំ រថពាសដែកនិងឧទ្ធម្ភាគចក្រសម្រាប់លោតឆ័ត្រយោង។ប៉ុន្តែលោកឧត្តមនីយ៍មិនបានបញ្ជាក់ចំនួនជាក់លាក់អំពីកាំភ្លើងធំ រថពាសដែកនោះទេ។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ៖«ខ្មែរយើង២៨០ ចិន១៩០ មានរថពាសដែក យន្តហោះអេឡេកូសម្រាប់លោតឆ័ត្រយោង កាំភ្លើងធំមួយចំនួន។ចំនួនជាក់ស្តែងចាំសរសេរក្នុងហ្ភេកអោយ ស្អែកខ្ញុំសរសេរអោយ។»
កាលពីថ្ងៃទី២៧ ខែកុម្ភៈ សម្តេច ហ៊ុន សែន បានថ្លែងថានៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជាង១ម៉ឺន៧ពាន់នាក់នៅស្រុកសំរោង ខេត្តកំពង់ស្ពឺថាគ្រឿសព្វាវុធរាប់ម៉ឺនតោនបានដឹកជញ្ជូនមកដល់កម្ពុជាដើម្បីទុកការពារជាតិ។តែជាមួយគ្នានេះ ទូរទស្សន៍ក្នុងស្រុកបានចុះផ្សាយថារដ្ឋាភិបាលចិនបានផ្តល់ជំនួយរថពាលដែកជិត១០០គ្រឿងដល់ក្រសួងការពារជាតិកម្ពុជា៕