ប្រធានាធិបតីអាមេរិកដែលជាអ្នកធ្វើសេចក្ដីសម្រេចជាប្រវត្តិសាស្ត្រទទួលស្គាល់ទីក្រុងជេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអ៊ែលបានបង្ហើបអោយដឹងថា លោកនឹងធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងចាស់បុរាណនេះ តាមពេលវេលាកំណត់មួយ។
តាមការស្រង់សំដីដោយបណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង DW លោកដូណាល់ត្រាំ បាននិយាយដូចនេះ កាលពីថ្ងៃចន្ទ ទី៥ មីនា ហើយការធ្វើទស្សនកិច្ចនេះ គឺដើម្បីសម្ពោធស្ថានទូតថ្មីរបស់អាមេរិកនៅរដ្ឋធានីជេរុយសាឡឹម ជារដ្ឋធានីទីពីររបស់អ៊ីស្រាអ៊ែល។
កាលពីសប្ដាហ៍មុន សេតវិមានប្រកាសថា ស្ថានទូតអាមេរិកនឹងផ្ទេរទៅកាន់ទីក្រងជេរុយសាឡឹម នៅខែឧសភា ឆ្នាំ ២០១៨នេះ ទោះជាមានការជំទាស់ពីប្រទេសមួយចំនួន។
អ៊ីស្រាអ៊ែល និងអាមេរិក គឺជាមហាមិត្តនឹងគ្នាជាច្រើនទសវត្សមកហើយ ។ អ៊ីស្រាអ៊ែលបានទទួលជំនួយអាមេរិកទាំងវិស័យស៊ីវិល និងយោធារាប់ រយលានដុល្លារក្នុងមួយឆ្នាំៗ។
កាលពីដើមឆ្នាំ ២០១៨នេះ បន្ទាប់ពីលោកត្រាំប្រកាសទទួលស្គាល់តំបន់ជេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអ៊ែលបានបណ្ដាលឱ្យផ្ទុះកំហឹងជាខ្លាំងពីក្រុមប្រកាន់ខ្សែតឹង ជនជាតិប៉ាឡេស្ទីន និងពិភពអារ៉ាប់ ដោយពួកគេធ្វើបាតុកម្មប្រឆាំងអាមេរិកដែលនាំឱ្យ ប្រទេសជិត ១៣០បោះឆ្នោតជំទាស់អាមេរិក។ តែបែបនេះក្ដីសេតវិមានធ្វើព្រងើយ ហើយគំរាមកាត់ជំនួយប្រទេសប្រឆាំងអាមេរិកទៀតផង។
ការសម្រេចធ្វើទស្សនកិច្ចរបស់លោកត្រាំទៅកាន់ទីក្រុងជេរុយសាឡឹមទំនងនឹងក្លាយជាការបំបែកសំណុំរឿងប្រវត្តិសាស្ត្រថ្មីទៀត របស់មេដឹកនាំអាមេរិករូបនេះ។ កងទ័ពអ៊ីស្រាអ៊ែលបានចូលកាន់កាប់ភាគខ្លះនៃទីក្រុងបុរាណរបស់ជ្វីសនេះ នៅឆ្នាំ ១៩៦៧ ដោយសារសង្រ្គាម។ តែពេលនេះ ទីក្រុងជេរុយសាឡឹមបានក្លាយជាកម្មសិទ្ធិរបស់អ៊ីស្រាអ៊ែលទាំងស្រុង។ តែក្រុមប្រទេសអារ៉ាប់មួយចំនួនចាត់ទុកសេចក្ដីសម្រេចឯកតោភាគីរបស់ លោកតាំ្រថាជាការបំផ្លាញសន្តិភាពនៅមជ្ឈឹមបូព៌ា៕