en     km
en     km

សម្ដេចហ៊ុនសែនថា ការបោះឆ្នោតសភាខែកក្កដាមិនត្រូវការអ្នកគាំទ្របក្សប្រឆាំងចេញទៅបោះឆ្នោតនោះទេ(មានសំឡេង)

Share

ទំនងនិយាយសំដៅទៅលើលោកសមរង្ស៊ី ដែល អំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោត សភាខែ កក្កដា ឆ្នាំ ២០១៨ នៅថ្ងៃពុធ ទី ២៨ ខែ កុម្ភៈនេះ បានថ្លែងដោយចំអកថា បើអ្នកគាំទ្របក្សប្រឆាំងមិនទៅបោះឆ្នោត គឺ លទ្ធផលបោះឆ្នោតនៅតែចាត់ទុកជាបានការ​ដែរ។ តែអ្នកសង្កេតការណ៍ហាក់មិនយល់ស្របតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្ដី។   

ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រីធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីនៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ ដែលក្នុងឱកាសនោះ សម្ដេចហ៊ុនសែនថា ប្រទេសណាក៏គិតពីភាព ឈ្នះរបស់បក្សមួយដែរ ដោយមិនគិតពីចំនួនអ្នកចេញទៅបោះឆ្នោតនោះទេ។

សម្ដេចបានថ្លែងដោយចំអកថា យុទ្ធសាស្រ្តបែបនេះ គឺហួសសម័យហើយ ព្រោះប្រទេស ខ្លះគេ ​មិនបានរាប់អត្រាអ្នកបោះឆ្នោតនោះទេ។ សម្ដេចថា យុទ្ធសាស្រ្តនេះគឺជាភាពល្ងង់ខ្លៅ។

សំឡេង សម្ដេច ហ៊ុន សែន ៖

 

កម្ពុជាបានឆ្លងកាត់ការបោះឆ្នោតសភា ដែលជាការប្រើប្រាស់ឆន្ទៈដោយផ្ទាល់របស់ពលរដ្ឋ មានចំនួន ៥លើកមកហើយ ចាប់តាំងពីអាណត្តិទី១ នៅឆ្នាំ ១៩៩៣ គឺការបោះឆ្នោតដំបូងនេះ ធ្វើឡើងក្រោមការជួយរៀបចំសន្តិសុខនិងបច្ចេកទេសពីអង្គការសហប្រជាតិ ហៅថា​( អ៊ុនតាក់ )UNTAC ។ ប៉ុន្តែអ្នកសង្កេតឯករាជ្យបានហៅព្រឹត្តិការណ៍បោះឆ្នោតនៅឆ្នាំ ១៩៩៣ និងឆ្នាំ ២០១៣ ជាបាតុភូតដ៏អស្ចារ្យនៃប្រទេសមួយនៅដងទន្លេមេគង្គ ដោយសារអ្នកចេញទៅបោះឆ្នោតមានជិត ៩០ភាគរយ ព្រោះប្រទេសប្រជាធិបតេយ្យជឿនលឿនមួយចំនួនកម្រធ្វើបាន។

ការបោះឆ្នោតប្រៀបដូចការធ្វើប្រជាមតិមួយដែរ។ តែបើការបោះឆ្នោតប្រទេសណាមួយ មិនឈរលើស្ដង់ដាប្រជាធិបតេយ្យលើស ៥០ភាគរយ  គេអាចសន្និដ្ឋានថា ​ពលរដ្ឋប្រទេសនោះមិនបានចូលរួមចំណែកនៃការកសាងប្រជាធិបតេយ្យតាមប្រព័ន្ធបោះឆ្នោតនោះទេ។ តែយ៉ាងណាក៏ដោយការបោះឆ្នោតមានច្រើនសណ្ឋាន។

ប្រទេសខ្លះដាក់កាតព្វកិច្ចអោយពលរដ្ឋចេញទៅបោះឆ្នោតបើមិនទៅបោះឆ្នោតស្មើនឹងរំលោភគោលការណ៍រដ្ឋធម្មនុញ្ញ។ តែប្រទេសខ្លះ កំណត់ភាពឈ្នះលុះត្រា បក្សមួយ ឬបេក្ខជនណាមួយអាចឈ្នះរហូតជាង ៥០ភាគរយ។

ប្រទេសមួយចំនួនកំណត់ថា ភាពឈ្នះចាញ់គ្នាលុះត្រាតែលើស ៥ភាគរយឡើងទៅ ទើបអាចយកជាបានទោះអត្រាអ្នកបោះឆ្នោតក្រោម ៥០ភាគរយក៏ដោយ។ យ៉ាងនេះក្ដីនៅលើសាកលលោកនេះ ភាគច្រើនគេកំណត់ថា ការបោះឆ្នោតប្រហាក់ប្រហែលនឹងការធ្វើប្រជាមតិ គឺ ចាំបាច់ត្រូវការអត្រាអ្នកចេញទៅបោះឆ្នោត គឺ ត្រូវតែលើស ៥០ភាគរយ ទើបបក្ស ឬបេក្ខជនដែលបានសំឡេងលើសគេ ត្រូវបានទទួលស្គាល់ជាអ្នកឈ្នះហើយអាចចូលកាន់តំណែងឬជាបក្សត្រៀមកាន់អំណាច។

ទម្រង់នៃការបោះឆ្នោតនេះ ត្រូវបានគេពណ៌រនាថា ប្រជាជនរបស់ប្រទេសនោះ បានបញ្ចេញឆន្ទៈស្របតាមកាតព្វកិច្ចជាពលរដ្ឋបានត្រឹមត្រូវហើយ។ បក្សឬបេក្ខជនដែល ឈ្នះគឺពិតជាទទួលបានកាគាំទ្រ ស្ដែងចេញពីម្ចាស់ឆ្នោតពិតហើយ។

លោក សម គន្ធាមី នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនិហ្វិចបានពន្យល់ថា ការបោះឆ្នោត ត្រូវសំឡេងរបស់ប្រជាជននិងការចូលរួមដោយគ្រប់បក្សនយោបាយ។ ការចេញទៅបោះឆ្នោតតិចពេកគឺគ្មានន័យ ដែលប្រទេសខ្លះទុកជាមោឃៈលទ្ធផលបោះឆ្នោតនោះទៀតផង។

សំឡេង លោក សម គន្ធាមី៖

 

លោក សម គន្ធាមី បញ្ជាក់បន្ដថា អត្រាចេញទៅបោះឆ្នោតតិចគឺមានច្រើនបែបព្រោះអាចមកពីកត្តាសមាសភាពស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសនោះមិនឯករាជ្យអព្យាក្រឹត្យ ឬបរិយាកាសនយោបាយមានចំណុចអវិជ្ជមានច្រើន។ ទោះជាបែបបនេះក្ដី សម្រាប់ សម្ដេច ហ៊ុនសែន សង្ឃឹមយ៉ាងមាំថា ពលរដ្ឋខ្មែរភាគច្រើននឹងបោះឆ្នោតឱ្យគណបក្សប្រជាជនរបស់សម្ដេច បន្តដឹកនាំប្រទេសទៀតគឺដោយសារមានបក្សប្រជាជនទើបមានសន្តិភាពនិងការអភិវឌ្ឍ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង