en     km
en     km

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលជំរុញកែលម្អពិពិធកម្មវិស័យទេសចរណ៍ដើម្បីទាក់ទាញកំណើនភ្ញៀវ

Share

ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាលបានលើកឡើងពីសក្តានុពលតំបន់ទេសចរណ៍ជាច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្ពុជាបានច្រើន តែតំបន់ទេសចរខ្លះនៅតែមិនទាន់មានបដិសណ្ឋាកិច្ចល្អឆ្លើយតបនឹងសេចក្តីត្រូវការរបស់ភ្ញៀវទេសចរនៅឡើយ។ យ៉ាងណារដ្ឋមន្រ្តីក្រសួងទេសចរណ៍លើកឡើងថា ការចូលរួមអភិវឌ្ឍន៍ និងការធ្វើពិពិធកម្មវិស័យទេសចរគឺត្រូវការចាំបាច់ការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ពិសេសគឺយុវជន ប៉ុន្តែយុវជនសិក្សាពីវិស័យមួយនេះនៅមានចំនួនតិចតួច។

 

                                                                   ភ្ញៀវទេសចរណ៍សម្រុកមកលេងប្រាសាទអង្គរវត្ត។

 

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០១៨ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហា

កង្វះខាតមួយចំនួនក្នុងវិស័យទេសចរណ៍ ដោយលោកជំរុញឱ្យក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវពង្រឹងយកចិត្តទុកដាក់ការធ្វើពិពិធកម្មវិស័យទេសចរណ៍តំបន់ខ្លះឡើងវិញ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី និងជាតំណាងឱ្យសម្តេច ហ៊ុន សែន នៅថ្ងៃនេះ បានលើកឡើងពីកង្វះខាតភោជនីយដ្ឋាន និងសណ្ឋាគារលំដាប់មធ្យមតាមតំបន់អេកូទេសចរណ៍មួយចំនួន​ តួយ៉ាងដូចនៅខេត្តរតនគីរី មណ្ឌលគីរី និងតំបន់ព្រៃធម្មជាតិមួយចំនួន។

លោកបន្តថា ភ្ញៀវទេសចរមិនមែនសុទ្ធតែមានធនធានច្រើនត្រូវការសណ្ឋាគារលំដាប់ខ្ពស់ៗនោះទេ ពោលអ្នកទេសចរបរទេសខ្លះក៏ត្រូវការទីស្នាក់កម្រិតមធ្យមផងដែរ ដែលតម្រូវឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ពង្រីកបន្ថែម។

មួយវិញទៀតលោកឧបនាយករដ្ឋមន្រ្តី ក៏ជំរុញឱ្យមគ្គុទេសក៍ទេសចរត្រូវពង្រឹងចំណេះដឹងផ្នែកប្រវត្តិសាស្ត្របន្ថែម ពីលើសមត្ថភាពផ្នែកភាសាដែលខ្លួនមាន។ លោក ហោ ណាំហុង ក៏ជំរុញបន្ថែមឱ្យមានការបណ្តុះបណ្តាលសមត្ថភាពមគ្គុទេសក៍ទេសចរ ព្រោះពួកគេជាផ្នែកមួយនៃការផ្សព្វផ្សាយពីតំបន់ទេស ចរណ៍កម្ពុជាទៅអន្តរជាតិបានស្គាល់។

លោកឧបនាយករដ្ឋមន្ត្រី ក៏ស្នើឱ្យក្រសួងពាក់ព័ន្ធត្រូវមានវិធានការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងប្រព័ន្ធប្រព័ន្ធឃោសនាអន្តរជាតិ ឱ្យបានដឹងកាន់តែទូលាយពីសក្តានុពលតំបន់ទេសចរណ៍កម្ពុជា ដើម្បីសម្រេចបានគោលដៅទេសចរឆ្នាំ២០១៨-២០២០ និង២០៣០ របស់រដ្ឋាភិបាល។ ​

លោក ហោ ណាំហុង៖

                                                                        ​        លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី

 

ចំណែករដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលជារបាំងនៃលំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាមកលេងតំបន់ទេសចរណ៍កម្ពុជាផងដែរ។​

លោកលើកឡើងថា កង្វះខាតបច្ចេកទេសផ្សព្វផ្សាយលើប្រព័ន្ធឃោសនានៅក្រៅប្រទេសនៅតែជាក្តីកង្វល់របស់ក្រសួងពាក់ព័ន្ធនៅឡើយ។ ជាងនេះទៀត កង្វះខាតអ្នកជំនាញប្រកបដោយវិជ្ជជីវក្នុងវិស័យនេះក៏ជាបញ្ហាប្រឈមនៅឡើយដែលក្រសួងកំពុងរកដំណោះស្រាយ។

កង្វះខាតជើងហោះហើរត្រង់ពីប្រទេសមួយចំនួនមកកម្ពុជា និងបញ្ហាការសម្រួលបែបបទទិដ្ឋការមិនចាំបាច់មួយចំនួនបានក្លាយជារបាំងសម្រាប់ភ្ញៀវទេសផងដែរ។ ម្យ៉ាងទៀត ការនាំចូលទំនិញ​និងសេវាកម្មមួយចំនួនពីបរទេសបានធ្វើឱ្យចំណូលក្នុងវិស័យទេសចរណ៍ត្រូវហូរចេញទៅក្រៅប្រទេសផងដែរ។

ក្រៅពីបញ្ហាដែលលើកឡើងខាងលើ លោក ថោង ខុន ក៏បានសង្កត់ធ្ងន់លើបញ្ហាកង្វះសាលាបណ្តុះបណ្តាល និងកង្វះធនធានមនុស្សដែលចូលមកសិក្សាក្នុងវិស័យទេសចរណ៍ក៏នៅតែជាចំណោទបញ្ហាផងដែរ។ លោកបន្តថា ខេត្តជាប់មាត់សមុទ្រកម្ពុជាកំពុងខ្វះខាតអ្នកជំនាញទេសចរនេះ។

លោក ថោង ខុន៖

                                                                                                      លោក ថោង ខុន

 

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបានដាក់ចេញនូវចក្ខុវិស័យសម្រេចឱ្យបានភ្ញៀវទេសចរណ៍បរទេសមកលេងប្រទេសកម្ពុជាឱ្យបាន ៦លាននាក់ក្នុងឆ្នាំ២០១៨ និង ៧លាននាក់នៅឆ្នាំ២០២០ និងប្រមាណ ១៥លាននាក់នៅឆ្នាំ ២០៣០។

សូមរំលឹកថា វិស័យទេសចរណ៍កម្ពុជាបានចូលរួមចំណែកប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប (GDP)។ នៅក្នុងឆ្នាំ ២០១៧ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ក្នុងកំណើន ១១,៨%។ តាមការព្យាករណ៍ ទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ឧស្សាហកម្មទេសចរណ៍នឹងបង្កើតឱកាសការងារផ្ទាល់ប្រមាណ ១លាននាក់ និងប្រមាណ ១,២លាននាក់ នៅឆ្នាំ២០២៥ ព្រមទាំងប្រមាណ ១,៧លាននាក់ នៅឆ្នាំ២០៣០៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង