en     km
en     km

អ្នកច្បាប់ និងអង្គការស្រ្ដីហៅការធ្វើអោយភ្លេចកន្សែងនៅក្នុងពោះស្រ្ដីម្នាក់គឺជាកំហុសធ្ងន់ធ្ងរ

Share

ភ្នំពេញ៖បន្ទាប់ពីមានដំណឹងលេចលឺថា ស្រ្ដីមានផ្ទៃពោះម្នាក់នៅពេលវះកាត់សម្រាលកូន គ្រូពេទ្យភ្លេចយកកូនកន្សែងចេញពីក្នុងពោះ ដែលរឿងនេះនាំអោយស្រ្ដីរូបនោះឈឺចុកចាប់អស់រយៈពេលជាច្រើនថ្ងៃ។ អ្នកច្បាប់ និងអង្គការស្រ្ដី នៅក្នុងស្រុក បានទទូចឱ្យគ្រូពេទ្យដែលធ្វេសប្រហែស ត្រូវទទួលទោសតាមផ្លូវច្បាប់។ ជុំវិញព័ត៌មាននេះ កញ្ញា ជាតា ជូនសេចក្ដីរាយការណ៍!

 

ស្រ្ដីរងគ្រោះដែលគ្រូពេទ្យភ្លេចយកកន្សែងចេញពីក្នុងពោះ មានឈ្មោះ ឌីម ស្រីមុំ អាយុ ៣១ឆ្នាំ មានទីលំនៅភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។ ស្រ្ដីរូបនេះ បានសម្រាលកូនដោយវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧។

ក្រោយទាំ្រនឹងការឈឺចាប់អស់រយៈពេលជាង ៣ខែ ទើបរកឃើញថា មូលហេតុនៃការចុកចាប់ក្នុងពោះរបស់នាងបណ្ដាលមកពីមានកូនកន្សែងនៅក្នុងពោះ ហើយគ្រូពេទ្យក៏សម្រេចវះកាត់ពោះនាងម្ដងទៀត។

ជុំវិញរឿងនេះ លោកស្រី រស់ សុភាព នាយិការអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា (GADC ) ​បានហៅការធ្វើអោយភ្លេចកន្សែងនៅក្នុងពោះស្រ្ដីរូបនេះ គឺ ជាការធ្វេសប្រហែស។

លោកស្រី រស់ សុភាព ​៖ «នេះគឺជាធ្វេសប្រហែសចំតែម្ដង ដែលគ្រូពេទ្យទាំងឡាយមិនគួរធ្វើបែបនេះទេ ព្រោះជីវិតរបស់អ្នកជំងឺ ពឹងផ្អែកលើគាត់ ហើយនៅពេលដែលមាន(កន្សែងនៅក្នុងពោះ)​ដែលយកមកមិនអស់ធ្វើអោយគាត់ឈឺ វា​ប៉ះពាល់ខ្លាំងណាស់ដល់សុខភាពគាត់ ខ្ញុំមិនដឹងថាថ្ងៃនេះ នឹងថ្ងៃក្រោយយ៉ាងម៉េច យើងក៏អត់ដឹងដែរពីព្រោះកាលណាវានៅ វាអាចរលាក ហើយព្យាបាលអាចជានៅពេលដែលយើងមានកម្លាំងរឹងមាំ ចុះចាស់តិចទៀតទៅ? ប៉ុន្ដែទោះបីមិនធ្វើអោយប៉ះពាល់យ៉ាងណាក៏ ដោយ ក៏មិនត្រូវធ្វើអោយមានបញ្ហានេះកើតឡើងដែរ ពីព្រោះបច្ចេកទេសពេទ្យទម្រាំចេញវះទាល់តែ ៧ឆ្នាំ ហើយទម្រាំគេទុកចិត្តអោយយើងធ្វើជាគ្រូពេទ្យវះកាត់ទៀត គាត់ធ្វើការធ្វេសប្រហែសចឹង កាន់តែធ្វើអោយប្រជាពលរដ្ឋបាក់ លែងមានជំនឿទៅលើពេទ្យយើងទៀត។យើងដឹងហើយថា មួយរយៈកន្លងមកតើប្រទេសកម្ពុជាយកលុយទៅអោយប្រទេសផ្សេងទៀតថ្លៃពេទ្យហ្នឹងប៉ុណ្ណា»។

បើតាមផ្លូវច្បាប់វិញ គ្រូពេទ្យដែលធ្វេសប្រហេសនេះ អាចប្រឈម ទោសកំហុសធ្ងន់ធ្ងរ។ ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រនៃគណៈមេធាវីលោក លី សុវណ្ណា ក៏បានហៅករណីរបស់ស្រ្តីរូបនេះថា ជាការធ្វេសប្រហែសរបស់គ្រូពេទ្យ។

លោកបានពន្យល់ផ្នែកច្បាប់ពីការទទួលខុសត្រូវរប​ស់គ្រូពេទ្យថា ៖ «បើសិនជាករណីគ្រូពេទ្យធ្វើភ្លេចកន្សែងគេរកឃើញចឹង មែន ហើយគាត់អត់ស្លាប់់ទេ តែវាបង្កផលវិបាកនិងទ្រុឌទ្រោមដល់សុខភាពគាត់ ចឹងគ្រូពេទ្យនឹងជាអ្នកទទួលខុសត្រូវលើកំហុសរបស់គាត់ផ្នែកសំណងរដ្ឋប្បវេណី» ។

លោកបានបញ្ជាក់ដែរថា ​បើការធ្វេសប្រហែសរបស់គ្រូពេទ្យរហូតធ្វើអោយស្រ្ដីបាត់បង់ជីវិត គឺត្រូវទទួលទោសព្រហ្មទណ្ឌពីបទមនុស្សឃាតដោយអចេតនា។

លោកមេធាវី លី សុវណ្ណា ៖«ជាទូទៅចំពោះវិជ្ជាជីវៈពេទ្យមានលក្ខណៈបច្ចេកទេសច្រើន ចឹងបើសិនជាការស្លាប់គេត្រូវមានកោ សល្យវិច័យដោយសារមូលហេតុអ្វី បើសិនជារកឃើញថា ការស្លាប់របស់គាត់ដោយសារការធ្វេសប្រហែស ការខ្ជីខ្ជាយ ឬក៏ការមិនគោរពទៅលើបទបញ្ជាប្រើប្រាស់ថ្នាំក្នុងវិស័យសុខាភិបាល នោះគឹនឹងមានទោសពីបទមនុស្សឃាតដោយអចេតនា»។

ស្រដៀងគ្នានេះដែរ លោក ហុង គឹមសួន មេធាវីការពាក្ដីអោយជនរគ្រោះក្នុងរបបសម័យខ្មែរក្រហមមានប្រសាសន៍ថា ទោសកំហុសករណីនេះមានពីរ។

 លោក ហុង គឹមសួន ៖«ករណីនេះទាក់ទងទៅនិងការធ្វេសប្រហែសធ្ងន់ធ្ងរ ព្រោះថា បើគ្មានចេតនាធ្វើអោយគេស្លាប់មែនក៏ ដោយ ប៉ុន្ដែវិជ្ជាជីវៈជាពេទ្យវះកាត់គេត្រូវប្រុងប្រយ័ត្នខ្លាំងបំផុត ។ចឹងកាលណាការស្លាប់ហ្នឹងបណ្ដាលមកពីធ្វេសប្រហែសមកពីបច្ចេកទេសរបស់ពេទ្យដែលវាមិនគួរនឹងត្រូវអោយគេស្លាប់ ចឹងត្រូវតែទទួលខុសត្រូវទាំងផ្នែកស៊ីវិល និងផ្នែកព្រហ្មទណ្ឌដែរហើយ »។

សូមជម្រាបដែរថា ក្រោយពីមានលេចលឺដំណឹងថា ស្រ្ដីរងគ្រោះឈ្មោះ ឌីម ស្រីមុំ ដែលជាគ្រូបង្រៀននៅវិទ្យាល័យពាមជីកងជួបហេតុការណ៍នេះ កាកបាទក្រហមកម្ពុជាបានធានារ៉ាប់រងទាំងស្រុងលើការព្យបាលចំពោះជំងឺរបស់ស្រ្តីរង​គ្រោះ។

ដោយឡែកថ្មីៗនេះ គណៈគ្រូពេទ្យកម្ពុជាបានចេញលិខិតសម្ដែងការសោកស្ដាយចំពោះការធ្វេសប្រហែស និងវិជ្ជាជីវៈរបស់គ្រូពេទ្យ។

គ្រូពេទ្យពេទ្យបង្អែកខេត្តកំពង់ចាម បានរងការរិះគន់យ៉ាងខ្លាំងៗ ដោយសារការធ្វេសប្រហែសរបស់ខ្លួន ។

លោកស្រី រស់ សុភាព នាយិការអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា ហៅកាត់ថា (GADC ) យល់ឃើញថា ដើម្បីអោយវិស័យសុខាភិបាលនៅកម្ពុជាទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងគ្រូពេទ្យកាន់តែធ្វើការហ្មត់ចត់ជាងនេះ គឺសម្រាប់គ្រូពេទ្យណាដែលធ្វេសប្រហែសគួរតែទទួលទោសទៅតាមផ្លូវច្បាប់។

អ្នកស្រី រស់ សុភាព ​៖«ខ្ញុំជម្រុញលើកទឹកចិត្តអោយប្រជាពលរដ្ឋជ្រើសរើសយកពេទ្យដែលគាត់ជឿទុកចិត្ត ហើយមួយទៀតខ្ញុំក៏សុំអោយគ្រូពេទ្យយកចិត្តទុកដាក់នឹងអ្នកជំងឺ។ ប៉ុន្ដែមួយទៀតដែលខ្ញុំចង់និយាយហ្នឹង គ្រាន់តែប្រាក់សំណងដែលមានការយកចិត្តទុកដាក់ពីកាកបាទក្រហមគឺល្អ ក៏ប៉ុន្ដែមិនមែនជាមធ្យោបាយសម្រាប់អោយពេទ្យធ្វើការហ្មត់ចត់ទេ បើធ្វើអោយគាត់ហ្មត់ចត់ គាត់ត្រូវតែទទួលទោស »។

តាមការពន្យល់របស់អ្នកច្បាប់ និងលោកស្រី រស់ សុភាព​ ការធ្វេសប្រហែលបែបនេះ នាំឱ្យពលរដ្ឋខ្មែរជាពិសេសស្ត្រី និងក្រុមគ្រួសារអ្នកជំងឺមានអារម្មណ៍មិនទទួលបានផាសុខភាពខ្លាំងទេលើវិស័យសុខាភិបាល ដែលករណីនេះ ក្រសួងសុខាភិបាលគួរមានការណែនាំ និងបញ្ជាទៅថ្នាក់ក្រោមត្រូវយកចិត្តទុកដាក់បំផុតការព្យាបាល និងការបំរើសេវាគ្រប់ស្ថានការណ៍ទាំងអសើ។

វិទ្យុស្រី្ដមិនអាចសុំការព្យល់ឆ្លើយតបពីអ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ទាក់ទិនការផ្ដល់អនុសាសរបស់ អ្នកច្បាប់ និងលោកស្រីរស់សុខភាព ដោយពុំលើកទូរស័ព្ទ។

យ៉ាងណាក៏ដោយ កាលពីឆ្នាំ ២០១៥ គ្រូពេទ្យម្នាក់នៅស្រុកសង្កែខេត្តបាត់ដំបងដែលធ្វើឱ្យឆ្លងវីរុសអេដស៍ដល់អ្នកជំងឺ ដោយការប្រើសារ៉ាំងមិនមានអនាម័យ ត្រូវបានតុលាការកាត់ទោស ២៥ឆ្នាំ ឆ្នាំពីបទចំលងមេរោគអេដស័ដោយចេតនា៕

 

Share

Image
Image
Image