ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ កម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា លោក ម៉ៃឃើល តាន់ ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍ នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ARMAC សម្រាប់ឆ្នាំ២០១៨ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការផ្ដល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈនេះ។
ពិធីចុះហត្ថលេខា នឹងធ្វើឡើងនៅមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ARMAC នៅទីក្រុងភ្នំពេញ។ ក្នុងពិធីនេះ ក៏នឹងមានការចូលរួមធ្វើជាសាក្សី ដោយសមាជិក នៃគណៈកម្មាធិការអចិន្ដ្រៃយ៍ នៃ ARMAC មន្ដ្រីលេខាធិការដ្ឋានអាស៊ាន និងតំណាងស្ថានទូតប្រទេសអាស៊ាន នៅទីក្រុងភ្នំពេញផងដែរ។
កិច្ចព្រមព្រៀងនេះ នឹងក្លាយជាលិខិតតុបការណ៍ដ៏សំខាន់ ដែលបង្ហាញពីការប្ដេជ្ញាចិត្ដ និងការគាំទ្ររបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះ សម្រាប់ទីស្នាក់ការមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។ លើសពីនេះ ក្នុងពិធីនេះ ក៏នឹងចែងអំពីភារកិច្ច និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិដែលត្រូវផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន អាចបំពេញមុខងារ និងប្រតិបត្ដិការរបស់ខ្លួនបានពេញលេញ និងប្រកបដោយប្រសិទ្ធិភាព។
គួរកត់សម្គាល់ថា ការបង្កើតឲ្យមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន គឺជាការផ្ដួចផ្ដើមដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងអំឡុងដែលកម្ពុជាធ្វើជាប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ កាលពីឆ្នាំ២០១២៕