បន្ទាប់ពីទទួលរងគ្រោះពីការដាក់ទណ្ឌកម្ម ធ្ងន់ៗ ពីសហគមន៍អន្តរជាតិ ដែលហ៊ុំព័ទ្ធសេដ្ឋកិច្ច លើប្រទេសកុម្មុយនីស្តមួយនេះ ឃើញថា មេដឹកនាំរបស់ប្រទេសកុម្មុយនីស្ត កូរ៉េខាងជើងបានបន្ទន់ឥរិយាបទយ៉ាងខ្លាំង គាប់ជួនសហរដ្ឋអាមេរិក ប្រកាសរៀបចំ ដាក់ទណ្ឌកម្មថ្មីមួយទៀតដោយបិទ ផ្លូវនាវាចរណ៍ទាំងអស់ចូលដែនសមុទ្រកូរ៉េខាងជើង។
សេចក្តីរាយការណ៍ជាច្រើនបានចុះផ្សាយថា លោក គីម ជុងអ៊ុន មានឆន្ទៈយ៉ាងពិតប្រាកដ ដើម្បីបើកការចរចាជាមួយសហរដ្ឋអាមេរិក លើស្ថានការណ៍ឧបទ្វីបកូរ៉េដោយ សន្យាធ្វើឲ្យមានសន្តិភាពឡើងវិញ។
ប្រភពព័ត៌មានជាច្រើនរួមមាន បណ្តាយផ្សាយព័ត៌មាន BBC ផងដែរ បានចុះផ្សាយថា ការបន្ទន់ឥរិយាបទដ៏ចម្លែក របស់ទីក្រុងព្យុងយ៉ាង ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូរបស់ប្រទេសនេះ បានទៅចូលរួមបិទកម្មវិធីព្រឹត្តិការណ៍អូឡាំពិករដូវរងារកាលពីថ្ងៃទី ២៥ ខែកុម្ភៈ។
ប៉ុន្តែ អ្នកវិភាគមើលឃើញថា អ្វីដែលនាំឲ្យក្រុងព្យុងយ៉ាង ទម្លាក់ជំហររបស់ខ្លួនយ៉ាងនេះ គឺចំពេលដែរ អាមេរិក បានរៀបចំ ដាក់ទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរជាងមុន គឺការបិទច្រកនាវាចរចូលដែនសមុទ្រ កូរ៉េខាងជើង ដោយបញ្ជាក់ថាយ៉ាងតិចនាវាបរទេស ចំនួន២៨ គ្រឿង ជាមុខសញ្ញា ដែលអាមេរិក រកឃើញថា នាវាទាំងនោះរំលោភលើច្បាប់ដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ដែលដាក់ចុះ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នាវាដែលអាមេរិក រកឃើញគឺ ភាគច្រើនជារបស់ក្រុមហ៊ុនខុសច្បាប់មកពី ប្រទេសចិន ក្រុងហុងកុង កោះតៃវ៉ាន់ ជាដើម ៕