ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២១ ខែកុម្ភៈ មន្ទីរពេទ្យគន្ធបុប្ផា បានផ្ដល់សេវាដល់ស្ដ្រីមានផ្ទៃពោះ ១២០៤៥នាក់ និងកុមារ ៨ ៣២៨២នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផាដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈនេះ។
យោងតាមរបាយការណ៍នេះ កុមារឈឺមានចំនួន ៨ម៉ឺន ២ពាន់ ២៨២នាក់ ដែលត្រូវបាននាំទៅពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ក្នុងចំណោមកុមារជាង ៨ម៉ឺននាក់នេះ មានកុមារកើតជំងឺធ្ងន់ធ្ងរ ចំនួន ១ម៉ឺន ២ពាន់ ០២៣នាក់ ដែលត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ កុមារ ដែលមានជំងឺធ្ងន់ធ្ងរជាង ១ម៉ឺននាក់នេះ រួមមាន កុមារកើតជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ ១៣៦នាក់ កុមារ កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ ២២៤នាក់ និងកុមារដែលត្រូវទទួលបានការវះកាត់ចំនួន ២១៣៣នាក់។ បន្ថែមពីនេះ កុមារដែលទទួលបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម បានចំនួន ៥៤នាក់។
គួរជម្រាបថា ក្នុងអំឡុងពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២១ ខែកុម្ភៈនេះ ស្ដ្រីមានផ្ទៃពោះដែលបានទៅទទួលសេវាព្យាបាល ថែទាំ និងសម្រាលកូន នៅមន្ទីរពេទ្យគន្ធបុប្ផា មានចំនួន ១ម៉ឺន ២ពាន់ ០៤២នាក់។ ក្នុងចំនួននេះ ស្ដ្រីចំនួន ២០៥៨នាក់ បានសម្រាលកូនដោយជោគជ័យ (នៅផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី០៧ ឬគន្ធបុប្ផាទី០៣)។
មន្ទីរពេទ្យគន្ធបុប្ផា គឺជាកេរ្ដិ៍មរតករបស់លោក វេជ្ជបណ្ឌិត Beat Richner ដែលមានសញ្ជាតិស្វីស។ ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បានចាត់ទុកលោកវេជ្ជបណ្ឌិត Beat Richner ជាព្រះដែលបានជួយដល់កុមារខ្មែរ ក្រីក្ររាប់លាននាក់។ លោកវេជ្ជបណ្ឌិត Beat Richner បានចាប់ផ្តើមបើកដំណើរការ មន្ទីរពេទ្យគុន្ធបុប្ផា នៅឆ្នាំ១៩៩២ ដើម្បីជួយព្យាបាលកុមារ និងស្ដ្រីកម្ពុជា ដែលមានជីវភាព ក្រីក្រដោយឥតគិតថ្លៃ។ ក្នុងមួយថ្ងៃៗ មន្ទីរពេទ្យនេះ ទទួលព្យាបាលកុមារ និងស្ដ្រី ក្រីក្រ មកពីគ្រប់ច្រកល្ហកនៅទូទាំងប្រទេសកម្ពុជា យ៉ាងហោចណាស់ ពី១៥០ ទៅ ២០០នាក់។
យោងតាមរបាយការណ៍មន្ទីរពេទ្យគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៦ អ្នកជំងឺដែលមានជីវភាពក្រីក្រ ពិសេសស្ដ្រី និងកុមារ ប្រមាណជាង ១៥លាននាក់ បានទៅទទួលសេវាព្យាបាល ពីមន្ទីរពេទ្យគន្ធបុប្ផា។ បើគិតមកដល់ឆ្នាំ២០១៧ មន្ទីរពេទ្យមនុស្សធម៌នេះ មានបុគ្គលិកបំរើការងារចំនួន ២៥០០នាក់។ មន្ទីរពេទ្យគន្ធបុប្ផា ប្រកាន់ខ្ជាប់នូវបទបញ្ជាផ្ទៃក្នុង គឺគ្រូពេទ្យទាំងអស់ ដាច់ខាតមិនត្រូវទារប្រាក់ពីគ្រួសារអ្នកជំងឺឡើយ ហើយមិនតែប៉ុណ្ណោះ ក៏គ្មានគ្រូពេទ្យណាម្នាក់ ឆ្លៀតធ្វើការងារក្រៅម៉ោង នៅគ្លីនិកឯកជននោះដែរ។ បច្ចុប្បន្ននេះមន្ទីរពេទ្យមនុស្សធម៌នេះ មានសាខានៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប៕