en     km
en     km

កម្ពុជា-ថៃប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ ពាន់លានដុល្លារនៅឆ្នាំ២០២០

Share

ក្រុងភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈ កម្មការចំរុះផ្នែកពាណិជ្ជកម្មរវាង កម្ពុជា-ថៃលើកទី៦ កម្ពុជានិងថៃបានប្តេជ្ញាជាមួយគ្នាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ ពាន់លានដុល្លា នៅឆ្នាំ ២០២០។

កិច្ចប្រជុំនេះកាលពីថ្ងៃទី២២កុម្ភៈ ប្រព្រឹត្តទៅក្រោមគណៈអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក សុនធីរ៉ាត់ សុនធិជីរ៉ាវង្ស រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ និង មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ និង តំណាងវិស័យឯកជននៃប្រទេសទាំង ២  ជាង ១០០ នាក់។

កិច្ចប្រជុំនេះក៏សំដៅ ពិនិត្យមើលឡើងវិញពីលទ្ធផល ដែលបានអនុម័តក្នុងកិច្ចប្រជុំលើកទី ៥ នៅក្នុងទីក្រុងបាំងកក កាលពីឆ្នាំ​២០១៥ ដោយផ្លាស់ប្តូរយោបល់គំនិត ដូចជាការនាំចូលជ្រូក ការនាំចូលខ្សែភាពយន្ត ការនាំចូលប្រេងឥន្ធនៈ ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា និងការអនុវត្តច្បាប់គយថ្មីរបស់ថៃ។

ក្រៅពីការបង្កើនទំហំពាណិជ្ជកម្ម ភាគីកម្ពុជា បានស្នើភាគីថៃ បន្ថែមរយៈពេលនៃការនាំចូលពោត ពីកម្ពុជារហូតដល់ខែតុលារៀងរាល់ឆ្នាំ ដែលពីមុនការនាំចូលពោតមានរយៈពេលតែប្រាំខែ (ខែមីនា ដល់ខែសីហា) តែប៉ុណ្ណោះ។ លើសពីនេះ ភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារចម្រុះ ដែលនឹងត្រូវកោះប្រជុំលើកទី១របស់ខ្លួន នៅក្នុងរយៈពេល៣ខែ បន្ទាប់ពីកិច្ចប្រជុំនេះ ។

ទន្ទឹមគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការបើកច្រកព្រំដែន កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ជាដើម។

ក្នុងពេលបញ្ចប់ កិច្ចប្រជុំនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើឯកសារចំនួនពីរ គឺយុទ្ធសាស្ត្រកំណើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តាខេត្តជាប់ព្រំដែន និង អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។

បន្ថែមពីនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ របស់កម្ពុជាប្រកបដោយជោគជ័យ និងបានប្តេជ្ញាទ្រទ្រង់ និងជំរុញយន្តការកិច្ចសហប្រតិបត្តិការនានា ដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគ៕

 

Share

ព័ត៌មានទាក់ទង

Image