en     km
en     km

ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យអង្គការសមធម៌ដំណើរការឡើងវិញបន្ទាប់ពីជួបតំណាងសហភាពអឺរ៉ុប

Share

សម្តេច ស​ ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យអង្គការសមធម៌កម្ពុជា ចាប់ផ្ដើមដំណើរការការងាររបស់ខ្លួន ឡើងវិញបន្ទាប់ពីបង្គាប់ឱ្យអង្គការនេះផ្អាសកម្មភាពជាបណ្តោះអាសន្នកាលពីខែកញ្ញា ឆ្នាំ២០១៧។

តាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីជំនួបមួយរវាងសម្តេចរដ្ឋមន្ត្រីមហាផ្ទៃ និង លោក George Edgar ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

តាមប្រភពដដែល គឺ នៅក្នុងជំនួបនោះ លោក George Edgarបានចោទសួរសម្តេចអំពីការសម្រចរបស់ក្រសួងមហាផ្ទៃ ឱ្យផ្អាកដំណើរការងាររបស់អង្គការសមធម៌កម្ពុជា ។

ជាលទ្ធផល សម្តេចរដ្ឋមហាផ្ទៃបានយល់ព្រមឱ្យអង្គការសមធម៌ធ្វើសកម្មភាពរបស់ខ្លួនវិញ តែបានដាសតឿនអង្គការសមធម៌ត្រូវអនុវត្តតាមលក្ខន្តិកៈ និងច្បាប់ស្តីពីអង្គការនិងសមាគមមិនមែនរដ្ឋាភិបាលនៅកម្ពុជានោះឱ្យបានត្រឹមត្រូវ។

សូមរម្លឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានចេញលិខិតផ្អាកសកម្មភាពរបស់អង្គការសមធម៌កម្ពុជា ជាបណ្តោះអាសន្ន ដោយក្រសួងអះអាងថា អង្គការមួយនេះបានធ្វើសកម្មភាពការងារដោយផ្ទុយនឹងបទប្បញ្ញត្តិនៃមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ជាការកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ អង្គការជាតិនិងអន្តរជាតិចំនួន ៣ត្រូវបានបញ្ជាឱ្យបិទការិយាល័យធ្វើការក្នុងនោះមានអង្គការរបស់អាមេរិកមួយ គឺ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ។

ការបិទអង្គការនេះធ្វើឡើងដោយក្រសួងការបរទេស ក្រោមហេតុផល អង្គការអន្តរជាតិនេះមិនបានចុះបញ្ជីឡើងវិញ។ ​កាពី​ថ្ងៃ​ទី ១៥ ខែ​កញ្ញាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បាន​សម្រេច​បិទ​​អង្គការ​មាតា​ធម្មជាតិ។ ក្រោយ​ការ​បិទ រយៈពេល ១៤ថ្ងៃ គឺ​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ក្រសួង​មហាផ្ទៃ ក៏​បាន​ផ្អាក​សកម្មភាព របស់​អង្គការ​សមធម៌​មួយ​ទៀត ដោយ​ចោទ​ប្រកាន់​ថា អង្គការ​នេះ​អនុវត្ត​ផ្ទុយ​ពី​លក្ខន្តិកៈ ដូច​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង