ភ្នំពេញ៖ ក្រសួងព័ត៌មានប្រតិកម្ម នឹងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ដែលថា សេរីភាព ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជរងការបង្រ្កាប និងបំបិទសេរីភាព។ តែថ្នាក់ដឹកនាំរបស់ CCIM ចាត់ទុកប្រតិកម្មនេះ ជាសិទិ្ធឆ្លើយតប ខណៈអះអាងថា របាយការណ៍របស់ខ្លួនក៏រកឃើញចំណុចវិជ្ជមានខ្លះដែរ ទាក់ទងនឹងសេរីភាពសារព័ត៌មាននៅកម្ពុជា។
ក្រសួងព័ត៌មាននៅថ្ងៃទី ២៣ កុម្ភៈនេះបានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងការសោកស្តាយ ចំពោះរបាយការណ៍ចេញផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ដែលចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា បានបង្ក្រាបនិងធ្វើទុក្ខបុកម្នេញ គម្រាមកំហែងប្រព័ន្ធសផ្សព្វផ្សាយឯករាជ្យ។ ជាងនេះទៀតក្រសួងក៏បានច្រានចោលចំពោះរបាយនេះ ដែលវាយតម្លៃចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ថាបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំកន្លងមកផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងព័ត៌មានចាត់ទុករបាយការណ៍របស់ CCIM ថា ជាការវាយតម្លៃដោយគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះការស្ទង់មតិពីអ្នកសារព័ត៌មានក្នុងរបាយការណ៍នេះ គឺធ្វើឡើងពីអ្នកសារព័ត៌មានជ្រុលនិយមមួយក្តាប់តូច និងមានចេតនាទុច្ចរិតគេចវេះពីការទទួលខុសត្រូវខាងច្បាប់ ហើយមានទំនេរទម្លាក់កំហុសមកលើរដ្ឋាភិបាលតែប៉ុណ្ណោះ។
ក្រសួងព័ត៌មានបានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាថា មានសេរីភាពជាបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួនក្នុងតំបន់។
លោក ណុប វី ប្រធានបណ្ដុះបណ្ដាលនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានផ្ដល់បទសម្ភាសជាមួយវិទ្យុស្ត្រីថា អ្វីដែល CCIM បានរកឃើញទាក់ទងនឹងមុខងារប្រព័ន្ធផ្សព្វផ្សាយ គឺមាន ជំណុច វិជ្ជមានផង និងអវិជ្ជមានផង។ តែយ៉ាងណាលោកថា អ្វីដែលក្រសួងព័ត៌មាន ចោទថា របាយការណ៍ស្ទង់មតិនេះ មិនត្រឹមត្រូវ គឺជាសិទ្ធិរបស់ស្ថាប័នរដ្ឋមួយនេះ។
លោក ណុប វី៖
កាលពីថ្ងៃទី ២១ កុម្ភៈ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានចេញរបាយការណ៍មួយដោយរកឃើញថា សេរីភាពសារព័ត៌មានមានការធ្លាក់ចុះក្រោយពីប្រព័ន្ធផ្សព្វផ្សាយមានដូចជា ស្ថានីយវិទ្យុ និងកាសែតឯករាជ្យមួយចំនួន ត្រូវបានបង្ខំឲ្យឈប់ផ្សាយ និងបិទទ្វារ ហើយការគំរាមកំហែងនៅតែបន្តកើតមាន។ របាយការណ៍ដែលបានស្ទង់មតិលើអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ ៧៥ នាក់នៅកម្ពុជា អ្នកសារព័ត៌មាន ៦៧ ភាគរយមានអារម្មណ៍ថា ពួកគេគ្មានសេរីភាពពេញលេញក្នុងការរាយការណ៍ដោយសេរីនោះទេ។
អ្នកជំនាញឯករាជ្យមួយចំនួនធ្វើការលើប្រព័ន្ទផ្សព្វផ្សាយដែលកាលពីពេលថ្មីៗនេះ វិទ្យុស្រ្តីបានសុំការយល់ឃើញ ពួកគាត់យល់ឃើញថា សេរីភាភសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះ ដូចនឹងលទ្ធផលស្ទង់មតិរបស់ CCIM នេះដែរ។ តែបែបនេះក្ដីក្រសួងព័ត៌មានតែងតែច្រានការវាយតម្លៃរបស់ស្ថាប័នសារព័ត៌មានទាំងនោះ។
ជាការកត់សម្គាល់កាលពីឆ្នាំ ២០១៦ អង្គការអ្នកកាសែតគ្មានព្រំដែនដែលមានមូលដ្ឋាននៅប្រទេសបារាំង ចាត់ថ្នាក់ប្រទេសកម្ពុជាក្នុងលេខរៀងទី ១២៨ ក្នុងចំណោមប្រទេស ១៨០ ទូទាំងពិភពលោកស្តីពីសេរីភាពសារព័ត៌មាន។
ចំណែកនៅឆ្នាំ ២០១៥ អង្គការនេះចាត់ប្រទេសកម្ពុជានៅលេខរៀងទី ១៣៩ ក្នុងចំណោមប្រទេស ១៨០ ទូទាំងពិភពលោក។ ប្រទេសដែលមានចំណាត់ថ្នាក់សេរីភាពសារព័ត៌មានល្អជាងគេឆ្នាំ ២០១៦ គឺប្រទេសហ្វាំងឡង់ និងប្រទេសអេរីត្រេ៕